27 C
Phnom Penh

គណបក្ស​កាន់​អំណាច​នឹង​បើក​សន្និបាត​បក្ស​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បើក​សន្និបាត​បក្ស​រយៈ​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ស្អែក​ដល់​ថ្ងៃទី​២០​ខែ​មករា​ខាង​មុខ។ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា ​សន្និបាត​នោះ​នឹង​ផ្តោត​ជា​សំខាន់​កិច្ចការ​ចំពោះ​មុខ​ដែល​ត្រូវ​ដោះស្រាយ​ និង​​ការ​ជឿទុក​ចិត្ត​របស់​មហាជន​មក​លើ​បក្ស​កាន់​អំណាច​របស់​លោក។​

ការ​អះអាង​របស់​លោក​ហ៊ុន សែន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​ជាផ្លូវការ​នូវ​វារី​អគ្គិសនី​សេសាន​ក្រោម​២​កាលពី​ព្រឹកមិញ​នេះ។​ មេ​ដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​ក្នុង​តំបន់​អាស៊ី​រូប​នេះ​អះអាង​ថា​ សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ពិភាក្សា​អំពី​ការ​ព្យាយាម​ធ្វើ​​ឲ្យ​ប្រាក់​ចំណូល​ឡើង​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ។​

អ្នក​វិភាគ​ឯករាជ្យ ​លោក​គឹម សុខ​ និយាយ​ថា​ សមាជ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺដើម្បី​សម្រួល​ផ្ទៃក្នុង​ដែល​កំពុង​មាន​ភាព​រង្គោះ​រង្គើ​ដោយសារ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នាំឲ្យ​មាន​សម្ពាធ​ធ្ងន់ធ្ងរ​របស់​សហគមន៍​អន្តរជាតិ​ និង​ការ​បាត់​បង់​ជំនឿពី​មហាជន។​

អ្នក​វិភាគ​ឯករាជ្យ​ដែល​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​សុំ​សិទ្ធិ​ជ្រកកោណ​ផ្នែក​នយោបាយ​ ក្នុង​ប្រទេស​ Finland ​គេចពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ដោយ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​នោះ​ អះ​អាង​ថា ប្រជា​ធិបតេយ្យ​របស់​កម្ពុជា​កំពុង​មាន​ភាព​ពិការ​ ហើយ​ថា​ ប្រសិន​បើ​សហភាព​អឺរ៉ុប​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​ នោះ​វា​នឹង​នាំ​ឲ្យ​ប៉ះ​ពាល់ធ្ងន់​ធ្ងរ​ដល់​ក្រុម​មន្រ្តី​បក្ស​កាន់​អំណាច​ដែល​សុទ្ធ​សឹងតែ​ជា​ក្រុម​អ្នក​ជំនួញ​នាំចេញ​ផលិត​ផល​កសិកម្ម ​ឧស្សហ​កម្ម​ ឬ​ផលិត​ផល​កាត់ដេរ​ដែល​ខ្លះ​ផលិត​នៅ​ប្រទេស​ចិន​ហើយ​វ៉ៃ​ស្លាក​នៅ​ កម្ពុជា ចេញ​​ទៅកាន់​ទីផ្សារ​អឺរ៉ុប។​

កាលពី​មហា​សន្និបាត​ដើម​ឆ្នាំ​២០១៨​​កន្លង​ទៅ ​គណៈ​កម្មាធិការ​កណ្ដាល​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើ​សន្និបាត​បញ្ចូល​សមាជិក​ថ្មី​របស់​ខ្លួន​ចំនួន​៣៤២​នាក់​ថែម​ទៀត ​ដែល​ភាគ​ច្រើន​ជាកូន​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ ខ្លះជា​មន្រ្តី​នគបាល​ មន្រ្តី​យោធា ​ចៅក្រម ​និង​ព្រះ​រាជអាជ្ញា។​

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​ អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​Human Rights Watch​ លោក ​Brad Adams ​ធ្លាប់​អះអាង​ថា ​លោក​ហ៊ុន សែន ​កំពុង​ដឹក​នាំ​តាម​បែប​ឯកបក្ស​ និង​ផ្ដាច់​ការ​តាម​រយៈ​ការ​ច្របាច់​បញ្ចូល​ស្ថាប័ន​តុលាការ​ និង​ស្ថាប័ន​យោធា​ជាដើម​ទៅក្នុង​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​តែ​មួយ​នោះ៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស