32 C
Phnom Penh

ព្រះ​មហា​ក្សត្រ​តែងតាំង​សមាជិក​សហជីព​មួយ​ចំនួន​ជាទី​ប្រឹក្សា​របស់​ក្រសួង​ការងារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ស្នើ​តែង​តាំង​មេ​ដឹកនាំ​សហជីព​មួយ​ចំនួន​ និង​មន្ត្រី​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់ថា​GMAC​ ជា​ទីប្រឹក្សា​របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ដោយ​មាន​ឋានៈ​ស្មើ​​នឹង​អនុរដ្ឋ​លេខាធិការ។​

ព្រះរាជ​ក្រឹត្យ​ចុះថ្ងៃ​ទី​១១​ ខែ​ធ្នូ​ដែល​កាសែត The Cambodia Daily ​ទើប​ទទួល​បាន​ ឲ្យ​ដឹង​ថា ​មន្ត្រី​សហជីព​ និង​សមាគម​រោងចក្រ​កាត់ដេរ​ចំនួន​១០៧​នាក់​ ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​របស់​ក្រសួង​ការងារ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ មាន​ឋានៈ​ស្មើ​នឹង​អនុ​រដ្ឋលេខាធិការ​ ហើយ​ដែល​ការ​តែងតាំង​នេះ​ ធ្វើឡើង​ទៅ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

មេដឹកនាំ​សហជីព​ដែល​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​តែងតាំង​នោះ​រួមមាន​ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ លោក​ជួន មុំថុល​ ប្រធាន​សហភាព​ស្មារតី​យុវជន​ដើម្បី​ការងារ​កម្ពុជា ​លោក​មុំ សៀក ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​ លោក ខេន លូ ​និង​មនុស្ស​ជាច្រើន​រូប​ទៀត​ ក៏ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើជា​ទីប្រឹក្សា​ក្រសួង​ការងារ​ផង​ដែរ​ ដោយមាន​ឋានៈ​ស្មើទៅ​នឹង​អនុ​រដ្ឋលេខាធិការ។​

អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក​ ហេង សួរ​ បាន​ប្រាប់​ក្រុម​ អ្នក​សារ​ព័ត៌មាន​ថា​  ក្រុម​មេដឹកនាំ​សហជីព ​និង​សមាគម​និយោជក​ទាំង​នេះ​បាន​ដើរ​តួនាទី​យ៉ាង​វិជ្ជាមាន​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា។​

  ប្រធាន​សភាព​សហជីព​កម្ពុជា ​អះអាង​ថា​ ការ​តែងតាំង​ក្រុម​​មេដឹក​នាំ​សហជីព​ធ្វើ​ជាទីប្រឹក្សា​របស់​ក្រសួង​ការងារ​ នឹង​ធ្វើឲ្យ​សហជីព​នោះ​បាត់បង់​ឯករាជ្យ​ភាព​របស់​ខ្លួន ​និង​ខុស​ច្បាប់​ស្តីពី​សហជីព​ដែល​ចែង​ថា​  សហជីព​នីមួយៗ​ត្រូវ​ឯករាជ្យ​មិន​ស្ថិត​ក្រោម​ឆ័ត្រ​របស់​ក្រសួង​ណាមួយ​នោះ​ឡើយ​ពីព្រោះ​ពួកគេ​មិន​អាច​ការ​ពារ​សិទ្ធិ​របស់​កម្មករ។​ លោក​បន្ត​ថា​ ក្រុម​មេ​ដឹកនាំ​សហជីព​ទាំង​នោះគួរ​បោះបង់​តួនាទី​ជាប្រធាន​សហជីព​ចោល​ខណៈ​ខ្លួន​មាន​តួនាទី​ថ្មីជា​ទីប្រឹក្សា​របស់​ក្រសួង​ការងារ​នោះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស