38 C
Phnom Penh

មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ លោក​សមរង្ស៊ី​ លួច​ទាក់ទង​សុំ​ចរចា​ស្ងាត់ៗ​ជាមួយ​លោក​ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​សុខ ឥសាន​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជាបាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​តេឡេក្រាម​ថា ​តាម​ពិត​ នៅពី​ក្រោយ​ឆាក ​ លោក​សម រង្ស៊ី ​បាន​លួច​ផ្ញើសារ​តាម​បណ្តាញ​ទំនាក់​ទំនងTwitter​ទៅកាន់​លោក​ហ៊ុន សែន​ ដើម្បី​សុំ​ចរចា​ក្នុង​នាម​ជាអ្នក​តំណាង​ឲ្យ​ថ្នាក់​ដឹក​នាំ​១១៨​ រូប​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​ដក​សិទ្ធិ​នយោបាយ។​

លោក​សុខ ឥសាន​បាន​សរសេរ​ទៅកាន់​អ្នក​កាសែត ​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែធ្នូ​នេះ​ថា៖​ទណ្ឌិត​នេះ​លួច​វាយ Message​មក​ផ្ទាល់​តែ​ម្តង។​
ប៉ុន្តែ​លោក​សម រង្ស៊ី​តែង​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ថា​ លោក​និង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូប​ទៀត​នឹង​មិន​ចរចា​ជាមួយ​លោក​ហ៊ុន សែន​ ជា​ដាច់ខាត។​ លោក​អះអាង​ថា​ មានតែ​សហគមន៍​អន្តរ​ជាតិ​ទេ​ដែល​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ នឹង​អាច​ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​ប្រែស្ថាន​ការណ៍​នយោបាយ។​

កាសែត ​The Cambodia Daily​បាន​ព្យាយាម​ទាក់ទង​លោក​សមរង្ស៊ី​ ដើម្បី​សុំ​ប្រតិកម្ម​លើ​បញ្ហា​នេះ​ដែរ​ តែ​លោក​មិន​លើក​ទូរស័ព្ទ។​ ប៉ុន្តែ​ប្រភព​ដ៏គួរ​ឲ្យជឿ​ទុកចិត្ត​បាន​អះអាង​ថា​ លោក​សមរង្ស៊ី​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​ ហើយ​ថា​ លោក​សមរង្ស៊ី​មិន​ត្រូវ​ការ​ចរចា​នោះ​ឡើយ​ ហើយ​ថា​ បើ​ចង់​ចរចា​ត្រូវ​ចរចា​ជាមួយ​អន្តរជាតិ។​

លោក​សម រង្ស៊ី​នៅតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ដោះលែង​លោក​កឹម សុខា​ ទម្លាក់​បទ​ចោល​រាល់​ការ​ចោទ​ប្រកាន់​លើ​មន្រ្តី​គណបក្ស​ប្រឆាំង​​អនុញ្ញាត​ឲ្យ​មន្រ្តី​បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ ប្រគល់​តំណែង​ជូន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​នេះ​វិញ​ និង​រៀបចំ​កា​របោះឆ្នោត​សា​ជាថ្មី៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស