ក្រុមហ៊ុនផ្នែកសំលៀកបំពាក់ដែលមានយីហោល្បីៗកំពុងរកស៊ីនៅកម្ពុជា អាចនឹងបាត់បង់បរិមាណនៃការបញ្ជាទិញផលិតផលកាត់ដេរដ៏ច្រើនសន្ធឹកសន្ធាប់ដោយសារមានការព្រួយបារម្ភថា ប្រទេសនេះនឹងត្រូវដកហូតអត្ថប្រយោជន៍ពាណិជ្ជកម្មរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ។
ទស្សនាវដីApparel Insiderឱ្យដឹងថា សហភាពអឺរ៉ុបបច្ចុប្បន្នកំពុងពិចារណាថា តើត្រូវលុបចោលផលប្រយោជន៍ពាណិជ្ជកម្ម GSPរបស់ប្រទេសកម្ពុជាដោយសារការរំលោភសិទ្ធិមនុស្សនិងសិទិ្ធការងារដែលកំពុងកើតមានឬយ៉ាងណា។
ប្រភពដដែលឲ្យដឹងទៀតថា មានក្រុមហ៊ុនមួយចំនួនបានសម្រេចចិត្តចាប់ផ្តើមទាញយកការបញ្ជាទិញពីប្រទេសដែលមានការស្រេកឃ្លាន ស្របពេលអ្នកនាំចេញលើវិស័យកាត់ដេរជាច្រើនកំពុងប្រឈមនឹងការចំណាយបន្ថែមទៀតពីការដំឡើងប្រាក់ឈ្នួលអប្បបរមា។
ទស្សនាវដី្តដដែលឲ្យដឹងទៀតថា គ្រាន់តែនៅក្នុងសប្តាហ៍នេះ មានភស្តុតាងបន្ថែមទៀតអំពីបញ្ហាការងារនៅកម្ពុជា ស្របពេលដែលកម្មករជាង១ពាន់២រយនាក់ត្រូវបានគេបញ្ឈប់ការងារពីរោងចក្រ W & Dយ៉ាងអយុត្តិធម៌។ កម្មកររោងចក្រនេះដំបូងបានធ្វើកូដកម្ម ដើម្បីទាមទារការទូទាត់សំណងអតីតភាព និងប្រាក់អត្ថប្រយោជន៍នៃការឈប់សម្រាក។
ក្រុមហ៊ុននេះមិនបានផ្តល់ការទាមទាររបស់កម្មករទាំងនោះទេ ប៉ុន្តែបានប្តឹងទៅតុលាការដែលបង្កាប់ឱ្យកម្មករទាំងនោះ ចូលធ្វើការវិញក្នុងរយៈពេល៤៨ម៉ោង។
ប្រភពដដែលឱ្យដឹងទៀតថា អ្នកនាំពាក្យក្រសួងការងារលោកហេង សួរបានគាំទ្រការសម្រេចចិត្តរបស់ក្រុមហ៊ុនW & Dដើម្បីចេញសេចក្តីសម្រេចចុងក្រោយក្នុងរយៈពេល៤៨ម៉ោង។ នៅពេលដែលកម្មករមិនព្រមត្រឡប់ទៅធ្វើការវិញដោយសារគ្មានដំណោះស្រាយក្រុមហ៊ុន W & Dបានបញ្ឈប់ការងារកម្មករប្រហែល១ពាន់២រយនាក់ នោះតែម្តង។
នេះគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើននៃរោងចក្រនៅកម្ពុជា ជាប្រទេសដែលមានប្រព័ន្ធតុលាការអន់ថយ ហើយបំពេញការងារមិនឯករាជ្យ ការពារតែខាងនាយទុន ហើយមន្រ្តីមកពីសហភាពអឺរ៉ុបច្បាស់ជានឹងតាមដានស្ថានភាពនេះ។
ចំណែកខាងតំណាងរោងចក្រ អះអាងថា ការបញ្ចប់ការងាររបស់ក្រុមកម្មករទាំងនេះធ្វើឡើងដោយស្របច្បាប់ ពីព្រោះកម្មករមិនគោរពតាមបញ្ជារបស់តុលាការ។
រីឯប្រធានសហភាពសហជីពចលនាកម្មករ(CUMW) លោកប៉ាវស៊ីណា បានប្រាប់កាសែតក្នុងស្រុកថា លោកមានការខកចិត្តដែលក្រុមហ៊ុនបានសម្រេចចិត្តមិនជួលកម្មករឬមិនសងសំណងសមស្របជូនពួកគេ ហើយលោកថា នេះជាការរំលោភសិទ្ធិកម្មករធ្ងន់ធ្ងរផងដែរ។
កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែនបានអំពាវនាវឲ្យកម្មករបញ្ឈប់ជាបន្ទាន់ចំពោះការទាមទារឲ្យថៅកែបើកផ្តាច់ប្រាក់អត្ថប្រយោជន៍សម្រាប់ឆ្នាំចាស់។ លោកអះអាងថា ការទាមទារនេះនឹងជំរុញឲ្យរោង ជាង៨០០ក្នុងចំណោមរោងចក្រជាង១ពាន់ត្រូវបង្ខំចិត្តបិទទ្វារឈប់ដំណើរការ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ កម្មកររោងចក្រកាត់ដេរ នៅរាជធានីភ្នំពេញ និងខេត្តតាកែវបានផ្ទុះការតវ៉ាជាបន្តបន្ទាប់ ទាមទារឲ្យថៅកែរបស់ខ្លួនទូទាត់ប្រាក់ទាំងអស់សម្រាប់ឆ្នាំចាស់ដល់ពួកគេ ទាំងប្រាក់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗ ដោយថា ពួកគេបារម្ភខ្លាចថៅកែគេចវេសមិនទូទាត់ឲ្យ ពេលអនុវត្តច្បាប់ថ្មី ចាប់ពីឆ្នាំ២០១៩នេះទៅ។ ក្រុមអ្នកជំនាញនិយាយថា វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជាកំពុងជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ ខណៈសហភាពអឺរ៉ុបកំពុងត្រៀមដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយសារតែរដ្ឋាភិបាលលោកហ៊ុន សែនបានបំផ្លាញមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យរបស់ប្រទេសទាំងស្រុងនោះ៕