លោកហ៊ុន សែនបានព្រមានតំណាងរាស្រ្តរបស់ប្រទេសអៀកឡង់ មួយរូបថា សហភាពអឺរ៉ុបកុំព្យាយាមបង្កើតកំហុសជាលើកទី៣ នៅកម្ពុជានិងកុំយកពលរដ្ឋខ្មែរជាង១៦លាននាក់ធ្វើជាចំណាប់នៃនយោបាយឲ្យសោះ។
ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងនៅចំពោះមុខលោកEnda Patrick Kennyសមាជិកសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសអៀកឡង់នៅឯវិមានសន្តិភាព កាលពីព្រឹកថ្ងៃសៅរ៍នេះ។
លោកហ៊ុន សែនអះអាងថា កន្លងមកសហគមន៍អឺរ៉ុបបានសាងកំហុសពីរមកលើកម្ពុជា ទី១ គឺការគាំទ្រឲ្យមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តមសីហនុ នៅឆ្នាំ១៩៧០ ហើយកំហុសទី២ គឺការគាំទ្រអាសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិរហូតដល់ទៅជាង១២ឆ្នាំ។
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃអះអាងថា សហគមន៍ អឺរ៉ុបមិនបានយកពលរដ្ឋខ្មែរធ្វើជាចំណាប់ខ្មាំងនោះទេ ប៉ុន្តែពួកគេចង់បានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដូចមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែលកម្ពុជាជាសមាជិកតែប៉ុណ្ណោះ។
លោកបន្តថា សហគមន៍អឺរ៉ុបបានជួយដល់ពលរដ្ឋខ្មែរក្រីក្រច្រើនណាស់តាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើផលិតផលគ្រប់ប្រភេទលើកលែងតែអាវុធនេះឯង ហើយការចោទប្រកាន់សហគមន៍អឺរ៉ុបយកពលរដ្ឋខ្មែរធ្វើជាចំណាប់ខ្មាំងនយោបាយដូច្នេះ គឺពុំមានសីលធម៌នោះឡើយ៕