29 C
Phnom Penh

បុគ្គលិក​ទូរទស្សន៍​CNC​ទម្លាយ​សារ​សំឡេង​លោក​ហ៊ុយ វណ្ណៈ​ គំរាម​វាយ​បំបែក​ក្បាល​បុគ្គលិក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​ទូរទស្សន៍​ CNC​បាន​ទម្លាយ​សារ​សំឡេង​របស់​លោក​ ហ៊ុយ​វណ្ណៈ​ ទីប្រឹក្សា​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា​(Cambodia Broadcasting Service) ​(CBS)​ រួម​មាន​ទូរទស្សន៍ ​CNC, CTN, My TVនិង​One TV​និង​ជា​អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ បាន​ប្រើ​សម្តី​គំរាម​វាយ​បំបែក​ក្បាល ​និង​ចាប់​ខ្លួន​បុគ្គលិក​រូប​ណា​ដែល​មិន​គាំទ្រ​លោក​​និង​ចោទ​លោក​ថា ​ជាអ្នក​លួច​លុយ​ក្រុមហ៊ុន​ទូរទស្សន៍ ​CNC​របស់​លោក​ឧកញ៉ា ​គិត ម៉េង។​

បច្ចុប្បន្ន​នេះ ​លោក​​ហ៊ុយ​ វណ្ណៈ ​ក៏​មានតួ​នាទី​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ មហាផ្ទៃ ​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ផង​ដែរ។​

ក្នុង​សារ​សំឡេង​ដែល​សារ​ព័ត៌មាន​The Cambodia Daily​ទទួល​បាន​នោះ​​គឺ​លោក​ហ៊ុយ វណ្ណៈ​បាន​និយាយ​ថា ​បុគ្គលិក​ទូរទស្សន៍​CNC​ដែល​គាំទ្រ​លោក​គឺ​ត្រូវ​ខិតខំ​ធ្វើការ​បន្ត​ទៀត ​ហើយ​ចំពោះ​បុគ្គលិក​ណា ​ដែល​វាយ​ប្រហារ​លោក​រឿង​លួច​លុយ​ក្រុមហ៊ុន​នោះ​ គឺលោក​នឹង​ចាត់​វិធាន​ការ​ក្តៅ ​ដោយ​មិន​អត់​ឱន​ឲ្យ​នោះ​ទេ។ ​

លោក​បន្ត​ថា ​អ្នក​ដែល​ហ៊ាន​វាយ​ប្រហារ​លោក​ ប្រហែល​មិនទាន់​ស្គាល់​លោក​ច្បាស់​នោះ​ទេ​ ហើយ​ប្រហែល​ជា​មិនទាន់​ដឹង​ថា​​ឈើ​ចាក់​ធ្មេញ​​ក៏អាច​ចាក់​ភ្នែក​ឲ្យខ្វាក់​ដែរ។​

សារ​សំឡេង​នោះ​​និយាយ​ទៀត​ថា​ ទោះ​បីជា​លោក​កិបកេង​ ឬ​យក​លុយ​ក្រុម​ហ៊ុនមែន ​ប៉ុន្តែ​វា​មិន​មែន​ជា​លុយ​ម៉ែឪ​អ្នក​និយាយ​ចោទ​លោក​ដែរ។​

សារ​សំឡេង​របស់​លោក​ហ៊ុយ វណ្ណៈ​នេះ​លេច​ធ្លាយ​បន្ទាប់​ពី​ទូរទស្សន៍​CNC​កើត​មាន​ជម្លោះ​ផ្ទៃ​ក្នុង​រហូត​មា ន​ការ​លូកដៃ​ពី​លោក​ហ៊ុន សែន​ ទៀត​ផង។​

បុគ្គលិក​ទូរទស្សន៍​CNC​ឲ្យ​ដឹង​ទៀត​ថា​  ជម្លោះ​ផ្ទៃក្នុង​របស់​ទូរទស្សន៍​CNC​ដោយ​សារ​លោក​ឧកញ៉ា​គិត ម៉េង​ ចង់តែង​តាំង​អគ្គ​នាយក​ទូរទស្សន៍​ថ្មី​ឈ្មោះ​អ៊ុក វរ៉ា​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ក្រុមហ៊ុន​ឡើង​វិញ ​បន្ទាប់​ពី​ក្រុមហ៊ុន​ខាត់បង់​ និង​បាត់​លុយជា​ច្រើន ​ប៉ុន្តែ​លោក​ហ៊ុយ វណ្ណៈ​មិន​ព្រម​ ពីព្រោះ​លោក​ហ៊ុយ វណ្ណៈ​ចង់​ប្រើប្រាស់​ឥទ្ធិ​ពល​របស់​លោក​នៅក្នុង​ទូរទស្សន៍​CNC​បន្ត​ទៀត ​និង​បន្ត​កិប​​កេង​លុយ​ក្រុមហ៊ុន​នេះថែម​ទៀត។​

ដូច្នេះ​ហើយ​បាន​ជា​លោក​ហ៊ុយ វណ្ណៈ ​រាយ​ការណ៍​ឲ្យ​លោក​ហ៊ុន សែន​ ជួយ​អន្តរាគមន៍​ទៅ​លោក​គិត ម៉េង​ឲ្យ​បណ្តេញ​លោក​​អ៊ុក វរ៉ា​ ចេញ​ពី​ក្រុមហ៊ុន​តែ​ម្តង។ ​ទីបំផុត​លោក​គិត ម៉េង​សម្រេច​បណ្តេញ​លោក​អ៊ុក វរ៉ា​តាម​បញ្ជា​របស់​លោក​ហ៊ុន សែន​ ដោយសារ​តែ​លោក​ហ៊ុន សែន​គំរាម​ថា ​បើមិន​ធ្វើតាម​បញ្ជា​របស់​លោក​ទេ ​រាល់​មុខ​ជំនួញ​​របស់ លោក​គិត ម៉េង​នឹង​មាន​បញ្ហា​ហើយ​ថា សូម្បី​តែឪ​ម៉ែ​ស្តេច​ក៏មិន​អាច​ជួយ​បាន​ដែរ។​

ប្រភព​ដដែល​បន្ត​ទៀត​ថា ​លោក​​គិត ម៉េង​បាន​តែងតាំង​លោក​មុន រ៉ាម៉ាឌី ​ដែល​មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ឲ្យ​ធ្វើ​ ជា​អគ្គ​នាយក​ទូរទស្សន៍​ថ្មី​ជំនួស​លោក​អ៊ុក វរ៉ា​ ហើយ​លោក​ មុន ​រ៉ាម៉ាឌី ​គឺ​ជាដៃ​ជើង​និង​ជា​មនុស្ស​ស្និត​ស្នាល​បំផុត​របស់​លោក​​ហ៊ុយ វណ្ណះ។​ ក្រោយ​បែក​ធ្លាយ​សារ​គំរាម​វាយ​បំបែក​ក្បាល​ និង​ធ្វើ​ទុក្ខ​បុកម្នេញ​បុគ្គលិក​ក្រោម​បង្គាប់​នោះ ​លោក​ហ៊ុយ វណ្ណៈ ​និង​លោក​មុន រ៉ាម៉ាឌី​ បាន​ឃុបឃិត​គ្នា​បណ្តេញ​បុគ្គលិក​ចាស់​វស្សា​ ចំនួន​ពីរ​នាក់​ចេញ​ពី​ការងារ​គឺ​លោក​អ៊ុំ សារិន ​និង​លោក​គុន ចាន់រដ្ឋា។​

កាលពី​ខែ​មិថុនា ​ឆ្នាំ​២០១៤​ លោក​ ហ៊ុយ ​វណ្ណៈ​ ជា​អតីត​អគ្គ​នាយក​រង​ស្ថានីយ​ទូរទស្សន៍ ​CNC ​ធ្លាប់​ដក​កាំភ្លើង​ខ្លី​អារ​មេ​បម្រុង​បាញ់​លោក​រស់ ឌីណា​​ដែល​ជា​ប្រធាន​ផ្នែក​ផែនការ ​និង​ចាត់​តាំង​ព័ត៌មាន​របស់​ទូរទស្សន៍​CTNនិងMyTV។​ ​

លោក​រស់ ​ឌីណា​​ក៏បាន​ដាក់​ពាក្យ​ប្តឹង​ ទៅ​តុលាការ​ពី​បទ «បរិហារ​កេរ្តិ៍​ ជេរ​ប្រមាថ ​និង​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា»​នៅ​ក្នុង​អគារ​ស្ថានីយ​ទូរទស្សន៍ ​CNC​នៅ​ផ្លូវ​ជាតិ​លេខ​៥ ​ក្នុង​ ភូមិ​ក្រោល​គោ ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សីកែវ​ដែរ ​ប៉ុន្តែ​សំណុំ​រឿង​នេះ ​បាន​បញ្ចប់​ទៅ​វិញ ​ដោយ​មាន​ការ​សម្រប​សម្រួល​ពី​លោក​ឧកញ៉ា​ ​គិត​ ម៉េង៕​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស