29 C
Phnom Penh

អតីត​មន្រ្តី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​២​រូប​លោក​គង់ គាំ ​និង​កូន​ប្រុស​ ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​មហា​ក្សត្រ​ចេញព្រះ​រាជក្រឹត្យ​លើកលែង​ទោស​ និង​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ដល់​លោក​គង់ គាំ ​និង​កូន​ប្រុស​របស់​លោក​គឺ លោក​គង់ បូរ៉ា​ អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​ពេល​ អ្នក​ទាំងពីរ​បាន​ដាក់​លិខិត​ស្នើ​សុំទៅ​ក្រសួង​មហា​ផ្ទៃ​ជាផ្លូវការ​ កាលពី​ថ្ងៃ​ទី​៩​ដើម្បី​សុំ​សិទ្ធិធ្វើ​នយោបាយ​ឡើងវិញ។​

លោក​គង់ គាំ ​និង​កូន​ប្រុស​ពីរនាក់​ទៀត​របស់​លោក​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​អតីត​បក្ស​ប្រឆាំង​១១៨​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ ក្រោយ​ពេល​តុលាការ​កំពូល​បាន​ចេញ​សាល​ក្រម​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ចុង​ឆ្នាំ​២០១៧។​

កាលពី​ដើម​ខែ​មករា ​លោក​ហ៊ុន សែន​ធ្លាប់​អះអាង​ថា ​បុគ្គល ​ទាំងឡាយ​ណា​ដែល​ចង់​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ត្រូវដាក់​ លិខិត​ស្នើ​សុំទៅ​លោក​ ​ទៅ​ក្រសួង​មហា​ផ្ទៃ ​ឬ​ទៅ​ព្រះ​មហា​ក្សត្រ។

ចំណែក​មេធាវី​របស់​លោក​កឹម សុខា​គឺ​លោក​ចាន់ ចេន​ធ្លាប់​អះអាង​ថា ​កូនក្តី​របស់​លោក​ជំរុញ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការចោទ​ប្រកាន់​ជាមុន​សិន ​មុន​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ ហើយ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូបទៀត​ក្នុង​ចំណោម​មន្រ្តី​ចំនួន​១១៨​​ក៏​កំពុង​រង់ចាំ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​មក​លើ​លោក​កឹម សុខា​ ដើម្បីឲ្យ​មាន​សេរីភាព​ជា​មុន​សិន​ដែរ។​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី​ក៏ធ្លាប់​បាន​ក្រើន​រំឭក​កុំឲ្យ​មន្ត្រី​របស់​គណបក្ស​នេះ​ចាញ់​កលល្បិច​របស់​លោក​ហ៊ុន សែន​ដែល​កំពុង​ជំរុញ​ឲ្យ​មន្រ្តី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​ រូប​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ដែរ។​ លោក​ចាត់ទុក​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​ហ៊ុន សែន​ឡើង​វិញ​ប្រៀប​បាន​ទៅ​នឹង​ការ​ ទទួល​ស្គាល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ទទួល​ស្គាល់​បទ​ចោទ​លើ​លោក​កឹម សុខា​ថា​ មាន​ទោសពី​បទ​ក្បត់​ជាតិ​អ៊ីចឹង​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស