38 C
Phnom Penh

កម្ពុជា​ជំពាក់​បំណុល​បរទេស​ជិត​៧​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​គិត​ត្រឹម​ចុង​ឆ្នាំ​២០១៨

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា​បាន​ជំពាក់​បំណុល​អន្តរជាតិ​ យ៉ាង​ច្រើន​គិត​មក​ដល់​ចុង​ឆ្នាំ​២០១៨​ពោល​គឺ​មាន​ចំនួន​ទឹក​ប្រាក់​ជិត​ ៧ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​គឺ​៦៨២៥,៣​លាន​ដុល្លារ។ ​នេះ​បើយោង​តាម​ របាយ​ការណ៍​ស្តីពី​ថវិកា​សង្ខេប​ឆ្នាំ​២០១៩​របស់​នាយដ្ឋាន​ថវិកា​នីយកម្ម​ នៃអគ្គ​នាយកដ្ឋាន​ថវិកា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។​

របាយ​ការណ៍​នេះ​បាន​បញ្ជាក់​ថា ​ ក្នុង​ចំណោម​បំណុល​ទាំង​ឡាយ​​កម្ពុជា​ជំពាក់​បំណុល​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ​ គឺ​ស្មើ​ជិត​៥០​ភាគ​រយ​(៤៨%)​នៃ​បំណុល​សរុប។​បន្ទាប់​ពីបំណុល​របស់​ចិន​ គឺមាន​បំណុល​ពហុភាគី​ ដែល​មាន​ចំនួន​២៩​ភាគ​រយ។​

ចំណែក​បំណុល​បន្ទាប់​គឺជា​បំណុល​ចាស់​ដែល​កម្ពុជា​ជំពាក់​បរទេស​ ហើយ​រដ្ឋាភិបាល​កំពុង​ចរចា​ដោះស្រាយ ​មាន​ចំនួន​ជាង​៩​ភាគរយ។​ បន្ទាប់​ពី​នេះ​គឺ​ប្រទេស​កូរ៉េខាង​ត្បូង​ ដែល​កម្ពុជា​ជំពាក់​ចំនួន​ជាង​៥%​ ហើយ​បន្ត​មក​ទៀត​គឺ​ប្រទេស​ជប៉ុន ​ដែល​មាន​ចំនួន​ជាង​៤%​ ព្រម​ទាំង​បំណុល​ទ្វេភាគី​ផ្សេង​ទៀត​មាន​ចំនួន​៤%។​

របាយ​ការណ៍​សង្ខេប​នេះ​បញ្ជាក់​ថា​ ច្បាប់​ថវិកា​ជាតិ​សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០១៩​ ដែល​សភា​ឯកបក្ស​នៃគណ​បក្ស​ប្រជាជន​កម្ពុជា​អនុម័ត​កាល​ពី​ពេល​កន្លង​ទៅមាន​ចំនួន​ជាង​២៧​លាន​លាន​រៀល ​ស្មើ​នឹង​ជាង​ ៦​ពាន់​លាន​ដុល្លារ​អាមេរិក​ ឬ​ស្មើ​នឹង​ជាង​២៤%​ នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។ ​ចំនួន​នេះ​កើន​ឡើង​ដល់​ទៅ​ជាង​១១,៤%​  បើ​ប្រៀបធៀប​នឹង​ថវិកា​ចំណាយ​នៅ​ឆ្នាំ​២០១៨។​ ​

ចំណែក​ចំណូល​សរុប​ថវិកា​ជាតិ​វិញ ​ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើន​ជាង​២៦​លាន​លាន​រៀល​ ឬ​ជាង​​៦​ពាន់​លាន​ដុល្លារ​អាមេរិក។​ ​

អ្នក​សេដ្ឋ​កិច្ច​មួយ​ចំនួន​ ក៏បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​បង្កើន​ការ​ចំណាយ​កាន់​តែ​ច្រើន​នៅ​ឆ្នាំ​នេះ ​ដ្បិត​ពួក​គេ​ថា​ ការ​ចំណាយ​ធំ​ជាង​ ចំណូល​នឹង​ធ្វើឱ្យ​កម្ពុជា​ជួប​ហានិភ័យ​ខ្ពស់​ណាស់។​

ទោះបី​ជា​កម្ពុជា​ជំពាក់​បំណុល​បរទេស​យ៉ាង​ច្រើន​ និង​បង្កើន​ការ​ចំណាយ​ប្រចាំ​ឆ្នាំ​កាន់តែ​ធំ​បែប​នេះ​ក្តី ​ប៉ុន្តែ​របាយ​ការណ៍​ដដែល​នេះ​នៅ​តែ​អះអាង​ថា​កម្ពុជា​នៅតែ​រក្សា​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧%​ក្នុង​មួយ​ឆ្នាំៗ​ រយៈ​ពេល​ខ្លី ​និង​មធ្យម​នៅ​ពេល​ខាង​មុខ។​

របាយ​ការណ៍​ដដែល​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ និង​ហានិភ័យ​ ដែល​នឹង​កើត​មាន​កាន់តែ​ច្រើន​ ទាំង​កត្តា​ខាង​ក្នុង​ និង​កត្តា​ខាងក្រៅ ​ដែល​បង្កភាព​រអាក់​រអួល​ និង​ប៉ះពាល់​ដល់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ។​

កត្តា​ខាង​ក្នុង​រួមមាន​​សម្ពាធ​នៃការ​ចំណាយ​របស់​រដ្ឋកាន់​តែកើន​ឡើង​ច្រើន ​ជា​ពិសេស​ចំណាយ​បន្ទុក​បុគ្គលិក​កាន់​តែ​ច្រើន​ ខណៈ​ចំណូល​ថវិកា​រដ្ឋ​កើន​ឡើង​កៀក​ទៅនឹង​ពិដាន​នៃ​សក្តា​នុពល​ក្នុង​ស្រុក​ ព្រម​ទាំង​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត។​

ចំណែក​កត្តា​ខាងក្រៅ​វិញ​រួមមាន​​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​លើ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ពី​សំណាក់​​ដៃគូ​ខ្លះ ​ព្រម​ទាំង​សង្គ្រាម​ពាណិជ្ជ​កម្ម​ពិភព​លោក​និង​ បញ្ហា​នយោបាយ​ សន្តិសុខ​សកល​ និង​កត្តា​មួយ​ចំនួន​ទៀត។​​

កាល​ពី​ថ្ងៃ​ទី​៩ ​ខែ​មករា​ ឆ្នាំ​២០១៩ ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ចំនួន​ ២​រូប ​បាន​ស្នើ​ទៅ​រដ្ឋ​បាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ​ឲ្យ​សើរើ​ច្បាប់​ពាណិជ្ជ​កម្ម ​ឬ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជ​កម្ម​ទូទៅ​GSP​ជាមួយ​កម្ពុជា។​

ដោយ​ឡែក​​សហភាព​អឺរ៉ុប​ ក៏​បាន​ដំណើរ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​  ​EBA)​ពី​កម្ពុជា​ផង​ដែរ​ ដែល​ប្រព័ន្ធ​នៃ​ការ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ថវិកា​ជិត​ ១​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​​អាមេរិក​ក្នុង​មួយ​ឆ្នាំ។​

ជា​ជំហាន​ដំបូង​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ​​សហគមន៍​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​លើ​ការ​នាំចេញ​អង្ករ​របស់​​កម្ពុជា​​ចូល​​ទៅ​ទីផ្សារ​អឺរ៉ុប​ ហើយ​ការ​យក​ពន្ធ​នោះ​មាន​តម្លៃ​ជិត​២​រយ​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ គឺ​១៩៩​ដុល្លារ​ក្នុង​អង្ករ​១​តោន​ ខណៈ​កម្ពុជា​នាំ​អង្ករ​ទៅ​កាន់ទី​ផ្សារ​អឺរ៉ុប​មាន​ចំនួន​ជាង​ ២០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ៕​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស