31 C
Phnom Penh

រដ្ឋាភិបាល​ធានា​ថា​ គ្មាន​មន្ត្រី​សង្គម​ស៊ីវិល​ណាមួយ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល​នោះ​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ស ខេង​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​អះអាង​ថា​ គ្មាន​មន្ត្រី​សង្គម​ស៊ីវិល​ណា​មួយ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល​ដែល​​ត្រូវ​ចាប់​ខ្លួន​នោះ​ឡើយ។ ​

ជាង​នេះ​ទៅ​ទៀត​លោក​ស ខេង​ ក៏បាន​បដិសេធ​អំពី​ការ​ចោទ​ប្រកាន់​ថា​ សមត្ថ​កិច្ច​ បាន​ដាក់​សង្គម​ស៊ីវិល​ទៅក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ជន​មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​នោះ​ដែរ។​

ការ​អះអាង​របស់​លោក​ស ខេង​ធ្វើឡើង​នៅ​ក្នុង​វេទិកា​ស្ដីអំពី​ភាព​ជាដៃ​គូ​រវាង​រដ្ឋាភិបាល ​និង​អង្គការ​សង្គម​ស៊ីវិល​ជាលើក​ទី​២​ ក្នុង​ក្រសួង​មហា​ផ្ទៃ។ ​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​មហា​ផ្ទៃ​រូប​នេះ ​អះអាង​ថា ​ វិធាន​ការ​ទាំង​ឡាយ​របស់​រដ្ឋាភិបាល​កាលពី​ពេល​កន្លង​មក​ គឺជា​ការ​អនុវត្ត​ច្បាប់ ​និង​ពង្រឹង​នីតិ​រដ្ឋ​នៅ​កម្ពុជា។​

ប៉ុន្តែ​នៅមុន​ការ​បោះឆ្នោត​ក្លែងក្លាយ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨​ កន្លង​ទៅ ​រដ្ឋាភិបាល​បាន​សម្លាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​ ឃុំឃាំង​អ្នក​ទោស​នយោបាយ​ជា​ច្រើន​ ចាប់​ខ្លួន​លោក​កឹម សុខា​ ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ រំលាយ​បក្ស​សង្គ្រោះ​ជាតិ ​ហាម​មន្រ្តី​របស់​បក្ស​នេះ​ចំនួន​១១៨​នាក់​មិនឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ​ បិទ​អង្គការ​សង្គម​ស៊ីវិល​ និង​ស្ថាប័ន​សារ​ព័ត៌មាន​ជាច្រើន​ ព្រម​ទាំង​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ថែម​ទៀត។​

ទោះជា​យ៉ាង​ណាក៏​ដោយ ​លោក​ស ខេង​ អះអាង​ថា​ ក្រោយ​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨​​ រដ្ឋាភិបាល​បាន​បន្ធូរ​បន្ថយ​ស្ថាន​ការណ៍​ជាច្រើន​ ដូច​ជា​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ដោយ​មាន​ការ​ អនុញ្ញាត​ឲ្យ​អ្នក​ជាប់​បម្រាម​នយោបាយ​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ​បង្កើន​កិច្ច​សហការ​ជាមួយ​សង្គម​ស៊ីវិល​ បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​បណ្តាញ​សារ​ព័ត៌មាន ​និង​សហជីព​ជាដើម។​

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា​ ដើម្បីឲ្យ​មាន​ការ​ជឿជាក់​លើ​បញ្ហា​នេះ​ ​លុះត្រា ​  រដ្ឋាភិបាល​លុប​ចោល​ច្បាប់​ទាំងឡាយ​ណា​ដែល​រារាំង​សកម្ម​ភាព​របស់​ក្រុម​សង្គម​ស៊ីវិល​ អនុញ្ញាត​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​សកម្ម​ភាព​ដោយ​សេរី ​គ្មាន​ការ​គំរាម​កំហែង​ ដោះលែង​អ្នក​ទោស​នយោបាយ​ និង​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​នានា​មក​លើ​ក្រុម​សង្គម​ស៊ីវិល៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស