31 C
Phnom Penh

រដ្ឋាភិបាល​គ្រោង​ចល័ត​ទ័ព​ និង​រថពាស​ដែក​ចូល​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃសៅរ៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​នៃ​របប​ក្រុង​ភ្នំពេញ​នៅថ្ងៃ​សុក្រ​នេះ​ បាន​អំពាវ​នាវ​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​កុំ​មាន​ការ​ភ័យ​ខ្លាច​ នៅ​ពេល​ឃើញ​យោធា​ ចល័ត​កងទ័ព​អាវុធ​ និង​រថពាស​ដែក​នៅ​ថ្ងៃ​ស្អែក។​

សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថា​ នៅ​ថ្ងៃ​ទី​១៩​មករា​ បញ្ជាការ​ដ្ឋាន​អង្គរក្ស​របស់​របស់​លោក​ហ៊ុន សែន​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​នឹង​ចល័ត​កងទ័ព​ អាវុធ​ និង​រថពាស​ដែក​ ទៅ​កាន់​បញ្ជា​ការដ្ឋាន​កងទ័ព​ជើងគោក ​ស្ថិត​នៅ​ក្នុង​សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ៍សែនជ័យ ​រាជធានី​​ភ្នំពេញ​ ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធី​ខួប​២០​ឆ្នាំ ​នៃ​ការ​បង្កើត​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើងគោក​នៅថ្ងៃ​ទី​២៤​មករា។​

ការ​ចល័ត​អាវុធ​ និង​រថពាស​ដែក​នេះនឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រែកហូរ​ ផ្លូវ​៦០​ម៉ែត្រ​បន្ត​កាត់​ផ្លូវ​២១៧​ផ្លូវ​ព្រៃ​ស ​ឆ្លង​ផ្លូវជាតិ​លេខ​៣​តាម​ផ្លូវ​ប្រទះប្រឡាង ​និង​ផ្លូវ​បេតុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដល់​ផ្លូវជាតិ​លេខ​៤​បត់​ស្តាំទៅ​ទីតាំង​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​គោក​ដែល​ស្ថិត​ក្នុង​សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ៍សែនជ័យ​ ក្រុង​ភ្នំពេញ។​

កាល​ពី​ពេល​បោះឆ្នោត​ជាតិ ​និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​   រដ្ឋាភិបាល​ក៏បាន​ចល័ត​កងទ័ព ​និង​រថក្រោះ​ចូល​ក្នុង​រាជធានី​ភ្នំពេញ ​ដែរ។ ​មិនតែ​ប៉ុណ្ណោះ ​រដ្ឋាភិបាល​ក៏​បាន​ដាក់​ត្រៀម​កម្លាំង​នៅតាម​ខេត្ត​គោលដៅ​មួយ​ចំនួន​ ជាប់​ក្រុង​ភ្នំពេញ ​ដែល​កាល​នោះ ​ក្រោម​ហេតុផល​ថា ​ការ​ដាក់​កម្លាំង​យោធា​ទាំង​នោះ​គឺ​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស