34 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​និង​អាមេរិក​គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ស្តារ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​គ្រោង​នាំគ្នា​ធ្វើ​បាតុកម្ម​ក្នុង​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ខាង​មុខ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ នៅ​ថ្ងៃ​ទី​៣០​ ខែ​មករា​ខាង​មុខង​នេះ​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ។​

បាតុកម្ម​នេះ​ធ្វើ​ឡើង​ចំពេល​ដែល​អង្គការ​សហ​ប្រជាជាតិ​កំពុង​ធ្វើការ​ត្រួត​ពិនិត្យ​ជា​សកល​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ម្តង។​

លោក​ថៃ មករា​ដែល​ជាអ្នក​ដឹកនាំ​ធ្វើ​បាតុកម្ម​នេះ​ ហើយ​ក៏ជា​សកម្ម​ជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះ ​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា​  លោក​សូម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​តំបន់​អឺរ៉ុប​ទាំង​អស់ ​នាំគ្នា​ចូល​រួម​ធ្វើ​បាតុកម្ម​នេះ​ ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​បន្ថែម​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​គោរព​សិទ្ធិ​មនុស្ស​ និង​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង​ដែរ។​

ចំណែក​នៅ​ឯ​សហ​រដ្ឋអាមេរិក​ឯណេះ​វិញ​ ពល​រដ្ឋ​ខ្មែរ​ជាច្រើន​នាក់​មក​ពី​តាម​បណ្តា​រដ្ឋ​នានា​គ្រោង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ខាង​មុខ​វិមាន​រដ្ឋសភា​ របស់​សហ​រដ្ឋ​អាមេរិក​នៅ​វេលា​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ចាប់​ផ្តើម​នៅ​ម៉ោង​១០​ព្រឹក​ ហើយ​ពួក​គេ​នឹង​នាំគ្នា​ដង្ហែ​ទៅ​កាន់​សេតវិមាន​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ថែម​ទៀត។​

ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក​លោក​អ៊ុងឫទ្ធី ​អះ​អាង​ថា​ លោក​គ្រោង​ដឹក​នាំគ្នា​ប្រហែល​២​រយ​នាក់​ពីទី​ក្រុង​ឡូវែល​(Lowell) ​​ រដ្ឋ​ម៉ាសាជូសេធ ​(Massachusetts)​ នឹង​ទាមទារ​ឲ្យ​ព្រឹទ្ធ​សភា​របស់​សហ​រដ្ឋ​អាមេរិក​អនុម័ត​ច្បាប់​ទាំង​ឡាយ​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធ​សភា ​ដូចជា​សេចក្តី​ព្រាង​ច្បាប់​លេខH.R5754​សេចក្តី​ព្រាង​ច្បាប់​លេខ​S.2412​និង​ការ​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម ​ពាណិជ្្ជ​កម្ម ​លើ​របប​លោក​ហ៊ុន សែន​ថែម​ទៀត។​

បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​នេះធ្វើ​ឡើង ​ខណៈ​រដ្ឋាភិបាល​របស់​លោក​ ប្រធានាធិបតី​ដូណាល់ត្រាំ​ បាន​បិទ​រដ្ឋាភិបាល​ដោយ​សារ​រដ្ឋសភា​មិន​ព្រម​អនុម័ត​កញ្ចប់​ថវិកា​ចំនួន ​៥​ពាន់​លាន ​ដុល្លារ​ក្នុង​ការ​កសាង​​ជញ្ជាំង​ នៅ​ព្រំដែន​អាមេរិក ​និង​ម៉ិចស៊ិចកូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស