34 C
Phnom Penh

១៥​ឆ្នាំ​ក្រោយ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា​មេ​ដឹកនាំ​សហ​ជីព​ដ៏​ល្បីល្បាញ​យុត្តិធម៌​នៅតែ​គ្មាន​ពន្លឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​ដឹក​នាំ​សហជីព​ជាច្រើន​និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែល​ឃ្លាំមើល​ករណី​បាញ់​ប្រហារ​ទៅ​លើ​លោក​ជា វិជ្ជា​នៅតែ​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​បើក​ការ​ស៊ើប​អង្កេត​រក​ឃាតក​ពិតប្រាកដ​ និង​អ្នក​នៅពី​ក្រោយ​ការ​សម្លាប់​មេ​ដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ​រូប​នេះ។​

ការ​លើក​ឡើង​របស់​ក្រុម​មេ​ដឹកនាំ​សហជីព​និង​ក្រុម​សង្គម​ស៊ីវិល​ជាថ្មី​ទៀត​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​​ក្នុង​ពិធី​រំឭក​ខួប​១៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ជា វិជ្ជា​នៅក្បែរ​វត្ត​លង្ការ​ម្តុំ​វិមាន​ឯករាជ្យ​។​

ក្នុង​ពិធី​រំឭក​ខួប​នោះ ​ក្រុម​សហជីព​ សង្គម​ស៊ីវិល​ និង​មិត្ត​រួម​អាជីព​របស់​លោក​ជា វិជ្ជា​នៅតែ​សោក​ស្តាយ​ចំពោះ​ការ​បាត់បង់​ប្រធាន​សហជីព​ដ៏​ល្បីល្បាញ​រូប​នេះ ​ដោយ​និយាយ​ថា  ​លោក​ជា វិជ្ជា​បាន​លះបង់​គ្រប់​យ៉ាង​ដើម្បី​សិទ្ធិ​សេរីភាព​ និង​លក្ខខណ្ឌ​ការងារ​ដ៏​ល្អ​ប្រសើរ​ជូន​​កម្មករ។ ​ក្នុង​ពិធី​នោះ​ផង​ដែរ ​ តំណាង​សហជីព​ និង​មិត្ត​ភក្តិ​មួយ​ចំនួន​បាន​ថ្លែង​សារ​ជំរុញ​ទៅ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ត្រូវ​ស្វែង​រក​ ឃាតក​ពិត​និង​អ្នក​ពាក់ព័ន្ធ​មក​ដាក់ទោស​ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ​និង​ដើម្បី​បញ្ចប់​វប្បធម៌​និទណ្ឌភាព​លើ​សំណុំ​រឿង​មួយ​នេះ។​

ថ្លែងមុខ​រូប​សំណាក​លោក​ជា វិជ្ជា ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក​រ៉ុង ឈុន ​នៅតែ​ទាម​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ស្វែងរក​ឃាតក​ពិត​ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ ដើម្បី​យក​មក​ផ្តន្ទាទោស​ឱ្យ​ខាង​តែ​បាន។​ យ៉ាង​នេះ​ក្តី ​លោក​ថា ​ករណី​នេះ​ពិបាក​សង្ឃឹម​ថា​នឹង​រក​យុត្តិធម៌​ឃើញ​ណាស់ ​ដោយសារ​ករណី​ឃាតកម្ម​ទៅ​លើ​លោក​ជា វិជ្ជា​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នកមាន​អំណាច​នៅ​កម្ពុជា​ ដែល​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ឃាតកម្ម​ខ្នាត​ធំ​នេះ​តែ​ម្តង។​

មេ​សហជីព​សេរី​កម្មករ​លោក​ជា វិជ្ជា​ត្រូវ​បាន​ឃាតក​បាញ់​ទាំង​កណ្តាល​ថ្ងៃ​នៅ​មុខ​តូប​លក់​កាសែត​ក្បែរ​វត្ត​លង្ការ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២២​មករា​ឆ្នាំ​២០០៤។​

ក្រោយ​ការ​បាញ់​សម្លាប់​លោក​ជា វិជ្ជា​ សមត្ថកិច្ច​ចាប់​ឃាតក​សប្បនិមិត្ត​ពីរ​នាក់​គឺ​លោក​ប៊ន សំណាង ​និង​ លោក​សុក សំអឿន​ ហើយ​តុលាការ​របប​លោក​ហ៊ុន សែន​បាន​ចោទ​ប្រកាន់​ និង​កាត់ទោស​ពួក​គេទាំង​ពីរ​​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់​២០​ឆ្នាំ​ ព្រម​ទាំង​ផ្តល់​សំណង​ប្រាក់​៤០​លាន​រៀល​ដល់​ដើម​បណ្ដឹង។​

ក្រោយ​ពេល​ជាប់​គុក​អស់​រយៈ​ពេល​៦​ឆ្នាំ ​លោក​ប៊ន សំណាង ​និង​ លោក​សុខ សំអឿន​ត្រូវ​បាន​តុលាការ​របប​នេះ​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៣​ បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា​ ពួក​គេ​គ្មាន​ទោស​ពៃរ៍​ និង​មិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ឃាតកម្ម​នេះ​ឡើយ។​

ក្រុម​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​វិធាន​ការ​រក​យុត្តិធម៌​របស់​សមត្ថ​កិច្ច​ក្នុង​របប​ដឹកនាំ​របស់​លោក​ហ៊ុន សែន​ថា ​អសមត្ថ​ភាព​ និង​ជា​ចេតនា​បំភ្លៃ​ការណ៍​ពិត​ចំពោះ​សំណុំ​រឿង​នេះថែម​ទៀត​ផង។​

កន្លង​មក​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ធ្លាប់​បាន​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​ពិសេស​មួយ​ដើម្បី​ស្រាវជ្រាវ​ករណី​ឃាតកម្ម​ធំៗ​ ពិសេស​ឃាតកម្ម​លើ​លោក​ជា វិជ្ជា  ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គណៈ​កម្មការ​នោះ​នៅមិន​ទាន់​រក​ឃាតក​ពិត​នោះឡើយ ​ហើយ​សហគមន៍​ជាតិ​ និង​អន្តរជាតិ​យល់​ថា គ្រាន់តែ​ការ​សម្តែង​ឱ្យ​ល្អ​មើល​ ដើម្បី​បោក​ប្រាស់​សាធារណ​ជន​តែ​ប៉ុណ្ណោះ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស