27 C
Phnom Penh

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លោក​គង់ គាំ​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​ករណី​លោក​កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​គង់ គាំ​ បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជុំវិញ​ករណី​លោក​កឹម សុខា​ នៅ​ព្រឹក​ថ្ងៃ​នេះ។ ​

លោក​គង់ គាំ​ ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​បន្ទាប់ពី​បញ្ចប់​ការ​បំភ្លឺ​នៅ​សាលាដំបូង​ថា ​តុលាការ​បាន​សាក​សួរ​លោក​អំពី​ទំនាក់​ទំនង​រវាង​ លោក​កឹម សុខា​ជាមួយ​បរទេស​ ហើយ​លោក​បាន​ប្រាប់​តុលាការ​វិញ​ថា ​លោក​មិន​បាន​ដឹង​ច្បាស់​អំពី​ទំនាក់​ទំនង​រវាង​លោក​កឹម សុខា ​ជាមួយ​បរទេស​ក្នុង​ករណី​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ដូចការ​ចោទ​ប្រកាន់​នោះ​ឡើយ។ ​លោក​បញ្ជាក់​ថា​ បញ្ហា​នេះមាន​តែ​លោក​សម រង្ស៊ី​ទេ ​ដែល​ដឹង​ច្បាស់​ជាង​លោក។​

អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដដែល​នេះ​បញ្ជាក់​ថា ​លោក​គ្រាន់តែ​មក​ចូល​ បំភ្លឺ​និង​ផ្តល់​ព័ត៌មាន​ជូន​តុលាការ​ក្នុង​នាម​ជា​សាក្សី​ដើម្បី​ឲ្យ​តុលាការ​មួយ​នេះ​រក​យុត្តិធម៌​ជូន​ជន​ត្រូវ​ចោទ​តែ​ប៉ុណ្ណោះ។​

កាលពី​ឆ្នាំ​២០១៧​ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​កឹម សុខា ​ត្រូវ​បាន​សមត្ថ​កិច្ច​លោក​ហ៊ុន សែន​ចាប់​និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំ​ងផ្លុង​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ពីបទ​ក្បត់​ជាតិ។​

ជាង១​ឆ្នាំ​ក្រោយមក​ទើប​តុលាការ​សម្រេច​ឃុំខ្លួន​លោក​កឹម សុខា​ក្នុង​ផ្ទះ​វិញ​ ក្រោម​ហេតុផល​បញ្ហា​សុខភាព​និង​ធានា​សុវត្ថិភាព​ជូន​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ។​

ជុំវិញ​សំណុំ​រឿង​លោក​កឹម សុខា​នេះដែរ ​មាន​មនុស្ស​ជា​ច្រើន​នាក់ ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យចូល​បំភ្លឺ​ជា​បន្តប​ន្ទាប់​ ដូច​ជា​ប្រធាន​មជ្ឈល​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហៅ​កាត់​ថា ​CCIM​លោក​ប៉ា ងួនទៀង​​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​​អ្នកស្រី​ចក់ សុភាព​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ លោក​ឈឹម ផលវរុណ​ និង​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​​លោក​គង់ គាំ​ជាដើម។​ រហូត​មក​ទល់​ពេល​នេះ ​តុលាការ​​នៅ​មិន​ទាន់​រក​ឃើញ​ទោស​ទណ្ឌ​របស់​លោក​កឹម សុខា ​ដូចការ​ចោទ​ប្រកាន់​ឡើយ​ ប៉ុន្តែ​របប​ក្រុង​ភ្នំពេញ​ បែរ​​ជា​សម្រេច​ រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ចោល​ហើយ​ដាក់​បម្រាម​មិន​ឱ្យ​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​១១៨​នាក់​ ធ្វើ​នយោបាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ទៅ​វិញ។​

សហគមន៍​អន្តរជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​របប​នេះ​ជា​បន្តបន្ទាប់​ និង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ ដែល​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេកាល​ពី​ចុង​ខែ​កក្កដា​២០១៨​ឡើយ​ ដោយសារ​វាជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ។​

មិន​តែ​ប៉ុណ្ណោះ ​សហគមន៍​អន្តរជាតិ​បាន​ព្រមាន​និង​ចាត់​វិធាន​ការ ​ទៅលើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ជា​បន្ត​បន្ទាប់​ ដូចជា​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច ​បង្កក​ទ្រព្យ​សម្បត្តិ​ និង​មិនចេញ​ទិដ្ឋាការ​  ប្រសិន​បើ លោក​ហ៊ុន សែន​និង របប​របស់​លោក​មិន​ព្រម​ស្តារ​ស្ថាន​ការណ៍​នយោបាយ​ និង​សិទ្ធិ​មនុស្ស​ឡើង​វិញ​ តាម​ការ​ទាមទារ​របស់​ពួកគេ​ទេ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស