38 C
Phnom Penh

របប​ក្រុង​ភ្នំពេញ​ប្រកាស​មិន​ទទួល​ស្គាល់​ឯករាជ្យ​ភាព​របស់​តៃវ៉ាន់​ជាដាច់​ខាត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ប្រកាស​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ​ ដោយ​មិន​ព្រម​ទទួល​ស្គាល់​ឯករាជ្យ​ភាព​របស់​ទឹក​ដី​កោះ​តៃវ៉ាន់​ជា​ដាច់ខាត។ ​

សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​រវាង​កម្ពុជា-ចិន ​នៅ​រសៀល​ថ្ងៃ​នេះ ​ រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ប្រឆាំង​គ្រប់​ទម្រង់​ចំពោះ​ការ​ប្រកាស​ឯករាជ្យ​ភាព​របស់​កោះ​តៃវ៉ាន់។​ មិនតែ​ប៉ុណ្ណោះ ​របប​ក្រុង​ភ្នំពេញ​អះ​អាង​ថា ​តៃវ៉ាន់​គ្រាន់​តែ​ជា​ផ្នែក​មួយ​ របស់​របប​កុម្មុនីស្ត​ចិន​តែ​ប៉ុណ្ណោះ។​

ការ​បញ្ជាក់​ជំហត​ម៉ឹងមាត់​ជាថ្មី​ទៀត​របស់​មេ​ដឹកនាំ​កម្ពុជា​ពេល​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​របប​ក្រុង​ប៉េកាំង​បាន​អួត​សរសើរ​ការ​ដឹក​នាំ​របស់​លោក​ហ៊ុន សែន​ ម្តង​ហើយ​ម្តង​ទៀត​ និង​ប្តេជ្ញា​រឹតចំណង​សាមគ្គី​ភាព​ប្រទេស​ទាំងពីរ​ឱ្យ​ខ្លាំង​ក្លា​ទ្វេរ​ដង​ ហើយ​ចិន​នៅតែ​ជា​បង្អែក​របស់​កម្ពុជា​គ្រប់​កាលៈទេសៈ​ បើទោះ​បីជា​សហគមន៍​អន្តរជាតិ​ប្រកាស​មិន​គាំទ្រ​របប​លោក​ហ៊ុន សែន​ និង​កំពុង​ដំណើរ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​យ៉ាង​ណា​ក៏​ដោយ។​

លើស​ពី​នេះ ​ការ​ប្រកាស​ជំហរ​របស់​មេ​ដឹកនាំ​កម្ពុជា​មិន​ទទួល​ស្គាល់​ ឯករាជ្យ​ភាព​របស់​កោះ​តៃវ៉ាន់​នេះ ​ធ្វើឡើង​​ក្រោយ​ពេល​មេ​ដឹកនាំ​ចិន​បាន​ប្រកាស​ផ្តល់​ជំនួយ​ជិត​៦​រយ​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដល់​កម្ពុជា​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា​ក្នុង​រយៈ​ពេល​៣​ឆ្នាំ ​និង​ការ​ប្រកាស​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​៤០​ម៉ឺន​តោន​នៅ​ឆ្នាំនេះ ​ព្រមទាំង​ប្តេជ្ញា​បង្កើន​ទំហំ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ជាដើម។​

យ៉ាងណា​ក៏​ដោយ ​ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ មើល​ឃើញ​ថា​ ចិន​នៅតែ​ប្រើប្រាស់​កម្ពុជា​ដើម្បី​ប្រយោជន៍​ភូមិ​សាស្ត្រ​នយោបាយ​ និង​សេដ្ឋកិច្ច​របស់​ខ្លួន​តាម​រយៈ​ការ​ប្រើប្រាស់​ជំនួយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ មក​ជួយ​របប​ក្រុង​ភ្នំពេញ ​ទប់​ទល់​នឹង​ការ​ដាក់​ទណ្ឌ​សេដ្ឋកិច្ច​ពី​ប្រទេស​លោក​ខាង​លិច​ ជាថ្នូរ​នឹង​ការ​ការពារ​ប្រយោជន៍​របស់​ចិន​ ទាំង​ប្រយោជន៍​ភូមិ​សាស្ត្រ​នយោបាយ​ និង​សេដ្ឋកិច្ច​របស់​ជនជាតិ​ចិន​រាប់​សែន​នាក់​ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​កម្ពុជា ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស