27.5 C
Phnom Penh

លោកត្រាំបញ្ជាឱ្យហ៊ុំព័ន្ធសមុទ្រវេណេហ្សូអេឡាដើម្បីបញ្ចប់របបលោកម៉ាឌូរ៉ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របបវេណេហ្សូអេឡាក្រោមការដឹកនាំរបស់ជនផ្ដាច់ការលោក នីកូឡាស់ម៉ាឌូរ៉ូ អាចនឹងត្រូវបញ្ចប់ នៅដំណាច់ ឆ្នាំ ២០១៩យ៉ាងយូរ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាអោយទីប្រឹក្សាសន្តិសុខរបស់ លោកសិក្សាអំពី ការហុំព័ន្ធសមុទ្រវេណេហ្សូអេឡា ដែលលោកថា គឺជាការកាត់ផ្ដាច់សសៃឈាមសេដ្ឋកិច្ច នៃរបបលោក ម៉ាឌូរ៉ូតែម្ដង។

គេហទំព័រសារព័ត៌មាន Al Alarabiya .com បានចុះផ្សាយ ថា លោកមេបញ្ជាការរបស់កងទ័ពអាមេរិក ប្រចាំអាមេរិកខាងត្បូង Craig Faller និយាយថា កងនាវាអាមេរិក បានត្រៀមចេញដំណើរហើយ ទៅកាន់សមុទ្រវេណេហ្សូអេឡា ដើម្បីហ៊ុំព័ន្ធសមុទ្រនោះ តាមបញ្ជារបស់លោកប្រធានាធិបតីដូណាល់ត្រាំ។ លោកឧត្តមនាវាទោ Craig Faller បាន បញ្ជាក់ទៀតថា ការបញ្ជារបស់លោកត្រាំធ្វើឡើងចំពេលកិច្ចប្រជុំប្រចាំឆ្នាំស្ដីពី សន្តិសុខសមុទ្រ UNITAS នៅប្រទេស ប្រេស៊ីលនៅថ្ងៃទី២០ ខែសីហានេះ ។

ប្រភពដដែលឲ្យដឹងទៀតថា កិច្ចប្រជុំនេះ មាន៩ប្រទេសដែលមានប្រតិភូមកពីប្រទេសអង់គ្លេស ជប៉ុន និង ព័រទុយហ្គាល និងបណ្តាប្រទេសផ្សេងៗទៀតបានគាំទ្រការសម្រេចនេះ។

កងនាវាចរណ៍របស់សហរដ្ឋអាមេរិកគឺជាកងកម្លាំងដ៏មានឥទ្ធិពល ជាងគេនៅលើពិភពលោក។លោកឧត្តមនាវាទោ Craig Faller ព្រមានថា ការដាក់ពង្រាយកងទ័ពជើងទឹករបស់អាមេរិកនេះ អាចនាំទៅរកការបញ្ចប់ បិទទាំងស្រុង នាវាចរណ៍នៅលើដែនទឹក នៃប្រទេសវេណេហ្សូអេឡា។

លោក Craig Faller អោយដឹងថាកងទ័ពប្រហែល៣ពាន់នាក់ នឹងត្រូវអមដំណើរនាវានោះ ទៅដាក់ពង្រាយនៅសមុទ្រវេណេហ្សូអេឡា។ 

កាលពីសប្ដាហ៍មុននេះ លោកប្រធានាធិបតីត្រាំ បានចេញបញ្ជាអោយ ដាក់ទណ្ឌកម្ម ដោយបង្កកទ្រព្សសម្បតិ្តទាំងអស់របស់មន្ត្រីលោក ម៉ាឌូរ៉ូដែលមាននៅក្នុងសហរដ្ឋអាមេរិក។

ក្រុងម៉ូស្គូ ដែលជាខ្នងបង្អែកដ៏រឹងមាំនៃរបបលោកម៉ាឌូរ៉ូ បានព្រមានអាមេរិកអោយពិចារណាឡើងវិញ ដោយចាត់ទុកថា ជាទង្វើអនុមនុស្សធម៌ ជាខ្លាំង។

អនុរដ្ឋមន្រីការបរទេសរុស្ស៊ី បានប្រាប់អនុប្រធានាធិបតីវេណេហ្សូអេឡា Delcy Rodríguezនៃរបបលោកម៉ាឌូរ៉ូថា រុស្ស៊ី បានស្នើទៅអាមេរិក កុំមានវិធានការដូចនេះ ព្រោះជាទង្វើខុសច្បាប់អន្តរជាតិ។

រហូតមកទល់ពេលនេះ របបលោកម៉ាឌូរ៉ូ កំពុងរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់អាមេរិក ដោយការបិទការនាំប្រេងឆៅពីប្រទេសនេះ ខណៈអាមេរិកជាអ្នកនាំប្រេងពីវេណេហ្សូអេឡាធំជាងគេលំដាប់ទីមួយ ដែលក្នុងមួយថ្ងៃចំនួន ៥សែន បារ៉េល។

ចំណែកក្រុមហ៊ុនប្រេងនៃក្រុមហ៊ុនសាជីវកម្ម ប្រេងនៃប្រទេសចិនឈ្មោះ China Petrol ដែលជាក្រុមហ៊ុនលំដាប់លេខ២ ក៏បានសម្រេច ព្យួរការនាំប្រេងឆៅ ពីប្រទេសវេណេហហ្សូអេឡាផងដែរ។

ក្រុមហ៊ុននេះ គឺមួយថ្ងៃ បាននាំប្រេងទៅ កាន់ប្រទេសចិនចំនួន ៣សែន ៥ម៉ឺន បារ៉ែល។ ការដែលក្រុមហ៊ុនចិន បានសម្រេចដូចនេះ គឺដោយសារក្រុមហ៊ុននេះ មានការលំបាក ក្នុងការទៅដឹកប្រេងពីប្រទេសវេណេហ្សូអេឡា ដោយសារទណ្ឌកម្មរបស់អាមេរិក។ មានការព្រមានថា បើក្រុមហ៊ុនចិន សម្រេចដូចនេះ គឺរបបលោកម៉ាឌូរ៉ូកាន់តែគ្រោះថ្នាក់ ហើយ អាចនឹងរំលំឆាប់ៗនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស