27.5 C
Phnom Penh

វៀតណាមសុំឱ្យអូស្រ្ដាលីជួយគាបសង្កតចិនឱ្យគោរពច្បាប់សមុទ្រអន្តរជាតិ ករណីសមុទ្រចិនខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភាពតានតឹងកំពុងកើនឡើងនៅសមុទ្រចិនខាងត្បូងដោយសារមហាអំណាចចិនបានបញ្ជូននាវាល្បាតបំពាក់ដោយអាវុធទំនើបៗ និងទូកនេសាទ រាប់រយគ្រឿងចូលលុយប្រជុំកោះ ស្ព្រាតលី និងប៉ារ៉ាហ្សែល  ដែលនាំអោយប្រទេសជាសមាជិកអាស៊ាន ដូចជាវៀតណាម និងហ្វីលីពីនប្រតិកម្មជាខ្លាំង។

សកម្មភាពនេះ ត្រូវបានវៀតណាមនិងហ្វីលីពីនចាត់ទុកថា ជាអំពើឈ្លានពាន ពីសំណាក់ ប្រទេសចិន។

សារព័ត៌មាន អូស្រ្តាលី The Canberra Times ចុះផ្សាយថា ក្នុងដំណើរទស្សនកិច្ច នៅទីក្រុងហាណូយ លោក Scott Morrison នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានជួបជាមួយសមភាគីវៀតណាមលោក ង្វៀនស៊ុនហ្វុក ។ ដំណើរទស្សនកិច្ចរបស់លោក Morrison នៅថ្ងៃទី២១ ខែសីហានេះធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្រ្តីអូស្រ្តាលីដំបូងដែលបានធ្វើដំណើរទៅប្រទេសវៀតណាមចាប់តាំងពីឆ្នាំ១៩៩៤ ។

អ្នកជំនាញវៀតណាម និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យ UNSW Canberra លោក Carl Thayer យល់ថា ក្រោយជំនួបនេះនឹងមានសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយ ពាក់ព័ន្ធនឹងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងការអំពាវនាវឱ្យមានការថ្កោលទោស ឬការគាបសង្កត់ដល់ភាគីចិន។ លោកសាស្ត្រាចារ្យ Thayer មានប្រសាសន៍ថា លោកមិនជឿថាវៀតណាមនឹងអត់ធ្មត់បានយូរនោះ ទេ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីធ្វើឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសវៀតណាម និងចិន។

ភាពតានតឹងនោះកើតក្រោយពីវៀតណាមរាយការណ៍ថាខ្លួនមិនអាចទ្រាំបាននៅពេលដែលនាវាស្ទង់ប្រេងរបស់ចិន តែងបើកមកកាន់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមទៅវិញ។ ប៉ុន្តែលោកសាស្រ្តាចារ្យ Thayer និយាយថាវៀតណាមក៏បានបង្កើនភាពតានតឹងនេះដែរ ដោយដាក់នាវាចម្បាំងរបស់ខ្លួននៅក្នុងតំបន់នោះដែរ។

នៅឆ្នាំក្រោយ វៀតណាម នឹងធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងធ្វើជាសមាជិកមិនអចិន្រ្ដៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតផង។ លោកសាស្រ្តាចារ្យThayer យល់ថា វៀតណាមនឹងបន្ទាបខ្លួនឱ្យអូស្រ្តាលីផ្តល់ដំបូន្មាន និងយោបល់ជាលក្ខណៈឯកជនតាមរយៈ វិស័យការទូតលើបញ្ហានេះ។

លោក Scott Morrison បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាកាលពីថ្ងៃពុធថា វៀតណាម ជាប្រទេសមួយដែលជោគជ័យផ្នែកសេដ្ឋកិច្ចមួយនៅទសវត្សចុងក្រោយនេះដោយឆ្លុះបញ្ចាំងពីជំហានសំខាន់ៗដែលខ្លួនបានអនុវត្តដើម្បីធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន” ហើយ ទំនាក់ទំនងរបស់អូស្រ្តាលីជាមួយវៀតណាមពីមុនមកមានភាពរំកាំរកុសនឹងគ្នាខ្លះដែរ។ ប៉ុន្តែលើកនេះ គឺត្រូវតែរឹងមាំ” ។

អូស្រ្តាលីមានភាពជាដៃគូពាណិជ្ជកម្មសេរីជាមួយវៀតណាមតាមរយៈកិច្ចព្រមព្រៀង អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ និងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ១១ ប្រទេស។ ពាណិជ្ជកម្មទ្វេភាគីរវាងអូស្រ្តាលីនិងវៀតណាមគឺស្ថិតនៅក្នុងកម្រិតមួយដែលឈានដល់ទំហំទឹកប្រាក់ចំនួន ជាង ១៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដោយបានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ ២០១២ មក។

គេហទំព័រ 9News.com ធ្វើការកត់សម្គាល់ថា ទស្សនកិច្ចរបស់ លោក Scott Morrison គឺជាការសាកល្បងរបស់ប្រទេសអូស្ត្រាលី ចង់ដឹងពីជំហរនៃប្រទេសសង្គមនិយមមួយនេះ ដែលកំពុងមានជម្លោះ ជាមួយនឹងប្រទេសកុម្មុយនិស្តដូចគ្នាករណីសមុទ្រចិនខាងត្បូង។

 9News.com ស្រង់សំដី លោកស្រី Huong Le Thu ជាអ្នកវិភាគជើងចាស់ម្នាក់ធ្វើការនៅវិទ្យាសា្ថនគោលនយោបាយ យុទ្ធសាស្ត្រអូស្ត្រាដែលលោកស្រីយល់ថាទស្សនកិច្ចរបស់Morrison គឺមិនខុសអីនឹងលោកប្រធានាធិបតីអាមេរិក មកជាន់ដីវៀតណាម កាលប៉ុន្មានខែនេះដែរ។ 

លោកស្រី Huong Le Thu យល់ថាអ្វីដែលវៀតណាមរំពឹងគឺអូស្ត្រាលី ជាសហគមន៍អន្តរជាតិមួយ ជាកម្លាំងមួយ ដ៏សំខាន់នៅក្នុងជម្លោះ សមុទ្រ ហើយអូស្ត្រាលី ហ៊ាននិយាយចំៗអំពីរឿងនេះទៀតផង គឺដូចសហរដ្ឋអាមេរិកដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស