អតីតប្រធានគណបក្សសង្រ្គោះជាតិកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានប្រកាសស្វាគមន៍ចំពោះបណ្តឹងរបស់លោក ហ៊ុន សែន និងកូនប្រសារ ដែលប្តឹងលោកទៅមុខតុលាការប្រទេសបារាំង។
ថ្លែងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ លោក សម រង្ស៊ី មិនត្រឹមតែស្វាគមន៍ចំពោះបណ្តឹងពីលោក ហ៊ុន សែន ដែលប្តឹងលោកនោះទេ ប៉ុន្តែលោកក៏បានជំរុញឱ្យមេដឹកនាំក្រាញអំណាចរូបនេះប្តឹងលោកមកកាន់តុលាការប្រទេសបារាំងបន្ថែមទៀតជុំវិញករណីឃាតកម្មធំៗដែលកើតឡើងនៅកម្ពុជាកន្លងមក។
ករណីឃាតកម្មធំៗ ដែលលោក សម រង្ស៊ី គាំទ្រឱ្យលោកហ៊ុន សែន ប្តឹងលោកនោះ រួមមានការចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី បានសម្លាប់អតីតប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ និងការចោទថា លោក ហ៊ុន សែន បានសម្លាប់លោកបណ្ឌិត កែម ឡី កាលពីឆ្នាំ ២០១៦។
អតីតមេបក្សប្រឆាំងរូបនេះ ក៏បានណែនាំឱ្យភរិយាលោកហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន គួរតែប្តឹងលោកផងដែរ ព្រោះលោកក៏បានចោទប្រកាន់ស្រ្តីទី១នៅកម្ពុជារូបនេះ ថាជាអ្នកនៅពីក្រោយការសម្លាប់សិល្បការិនីខ្មែរដ៏ល្បីល្បាញមួយរូប គឺអ្នកស្រី ពិសិដ្ឋ ពិលីកា កាលពីខែកក្កដា ឆ្នាំ ១៩៩៩។
ការលើកឡើងរបស់លោក សម រង្ស៊ី ពេលនេះ គឺមួយថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រសាររបស់លោក គឺ លោក ឌី វិជ្ជា បានសម្រេចដាក់ពាក្យបណ្តឹងអតីតមេបក្សជំទាស់រូបនេះ ទៅតុលាការបារាំង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយពីលោកសម រង្ស៊ី បានចោទលោក ហ៊ុន សែន ថាជាអ្នករៀបចំផែនការសម្លាប់អតីតអគ្គស្នងការនគរបាលជាតិលោក ហុក ឡង់ឌី ដែលត្រូវជាឪពុកបង្កើតរបស់លោក ឌី វិជ្ជា កាលពីឆ្នាំ២០០៨។
លើសពីនេះ លោកក៏បានលើកឡើងថា អគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា កំពុងរៀបចំផែនការសម្ងាត់ ជាមួយក្រុមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីកម្ទេចក្រុមលោកហ៊ុន សែន ឱ្យបានមុនដើម្បីសងសឹកឱ្យឪពុករបស់ខ្លួន។
អ្នកនយោបាយខ្មែរនៅតែបន្តឈ្លោះគ្នាឥតឈប់ឈរដោយមិនទាន់រកចំណុចរួមឃើញ ស្របពេលអន្តរជាតិលោកសេរី កំពុងរៀបចំនីតិវិធីរបស់ខ្លួនដើម្បីទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសក្រីក្រមួយនេះ។
សហភាពអឺរ៉ុប បានបញ្ចប់នីតិវិធីរបស់ខ្លួនមួយដំណាក់កាលពីថ្ងៃទី១២ សីហា ខែសីហានេះ ដើម្បីឈានទៅសម្រេចជាឯកច្ឆន្ទនៅពេលខាងមុខ ថាតើត្រូវរក្សាទុកឬ ព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា។
ដោយឡែកសហរដ្ឋអាមេរិកវិញ រដ្ឋសភារបស់ខ្លួនក៏ទើបនឹងអនុម័តជាឯកច្ឆន្ទលើច្បាប់ប្រជាធិបតេយ្យនៅកម្ពុជា ឬ Cambodia Democracy Act ដោយច្បាប់នេះសំដៅដល់ការដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់ ក្នុងរដ្ឋាភិបាលលោកហ៊ុន សែន ពិសេសបង្កកទ្រព្យសម្បត្តិ និងមិនផ្តល់ទិដ្ឋការឬ វីហ្សាឱ្យពួកគេបានមកជាន់ទឹកដីសហរដ្ឋអាមេរិកជាដើម។
ទាំងអាមេរិក និងអឺរ៉ុប សុទ្ធតែបានណែនាំឱ្យមេដឹកនាំខ្មែរវិលទៅរកស្ថានភាពកាលពីមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧វិញ ដោយធ្វើយ៉ាងណាស្តារនូវលទ្ធិប្រជាធិបតេយ្យ និង គោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីបញ្ចៀសពីការបាត់បង់ប្រព័ន្ធអនុគ្រោះEBA របស់អឺរ៉ុប និងGSP របស់អាមេរិកជាដើម។ ប៉ុន្តែបំណងល្អនេះ ត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន ទាត់ចោលជាបន្តបន្ទាប់។
អ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក កឹម សុខ លើកឡើងកាលពីថ្ងៃម្សិលមិញលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថានយោបាយរបស់លោកហ៊ុន សែន នាពេលបច្ចុប្បន្ន គឺលោកកំពុងតែបង្កើតព្រឹត្តិការណ៍ជាន់ដានប្រវត្តិសាស្ត្រ។
លោកបន្តថា លោក ហ៊ុន សែន កំពុងតែធ្វើឲ្យកម្ពុជាប្រឈមនឹងការបាត់បង់ EBA អឺរ៉ុប ហើយអាចបាត់បង់ទាំងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP អាមេរិក ក្នុងទឹកប្រាក់ខ្ទង់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ លោកថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ពលរដ្ឋខ្មែរប្រមាណ ៣លាននាក់ ហើយអឺរ៉ុបនិងអាមេរិកនឹងបង្វែរឱកាសមាសផ្នែកពាណិជ្ជកម្មនេះទៅឲ្យវៀតណាមតែម្តង៕