សហរដ្ឋអាមេរិក បន្តជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឲ្យពិតប្រាកដ

សហរដ្ឋអាមេរិកជាថ្មីម្តងទៀត បានអំពាវនាវដល់រដ្ឋាភិបាលលោកហ៊ុន សែន ត្រូវបង្ហាញភាពជាក់លាក់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅកម្ពុជា។

ការស្នើនេះ បន្ទាប់ពីអាជ្ញាធរលោកហ៊ុន សែន បានចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២៦រូបជាបន្តបន្ទាប់ គិតមកដល់ខែកញ្ញា ឆ្នាំ២០១៩នេះ។

ថ្លែងក្នុងវីដេអូខ្លីបមួយនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ម័រហ្គេន អ័រថេហ្គឹស (Morgan Ortagus) លើកឡើងថា សហរដ្ឋអាមេរិក នៅតែព្រួយបារម្ភចំពោះការគាបសង្កត់ផ្នែកនយោបាយទៅលើបក្សប្រឆាំងឥតឈប់ឈរ ជាពិសេសការបន្តចាប់ខ្លួនសកម្មជននិងអ្នកគាំទ្របក្សសង្រ្គោះជាតិជាច្រើននាក់ក្នុងពេលថ្មីៗនេះ។

អាមេរិកបានចាត់ទុកសកម្មភាពចាប់និងឃុំខ្លួនទាំងនោះថា ជាចំណាត់ការតាមទំនើងចិត្ត និងរារាំងដល់ដំណើរការប្រជាធិបតេយ្យដ៏ពិតប្រាកដមួយនៅកម្ពុជា។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានទាមទារឱ្យរដ្ឋាភិបាល ដោះលែងអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះ និងសកម្មជនដទៃទៀតជាបន្ទាន់ ដើម្បីបង្ហាញភាពពិតប្រាកដក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅកម្ពុជា។

យ៉ាងនេះក្តី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងគាំទ្រដល់ចលនាភេរវកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិមានទីតាំងក្នុងប្រទេសខ្លួន ហើយអនុញ្ញាតឱ្យក្រុមនេះអាចប្រមូលលុយ ដើម្បីគាំទ្រឱ្យមានការបះបោរប្រឆាំងប្រទេសកម្ពុជាទៀតផង។

លោកបន្តថា នេះជាការរៀបចំអង្គការចាត់តាំងមួយ ដល់ក្រុមភារវកម្មដើម្បីប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដែលផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិ។ លោកថាសកម្មភាពនេះ កម្ពុជាមានសិទ្ធិប្ដឹងអាមេរិកបាន ប៉ុន្តែដោយសារកម្ពុជានៅតែចាត់ទុកអាមេរិកជាដៃគូសហការដ៏ល្អមួយ ទើបរក្សាសិទ្ធិមិនប្ដឹងប្រទេសមហាអំណាចមួយនេះទេ។

កាលពីថ្ងៃទី៩ ខែកញ្ញា ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណាស្មីត (Rhona Smith) បានលើកឡើងថា លំហរប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺគ្របដណ្ដប់ទៅដោយការគាបសង្កត់សិទ្ធិនយោបាយ។

លើសពីនេះ ក្នុងរបាយការណ៍របស់អ្នកស្រីដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សមួយនេះ បានបញ្ជាក់ថាអតីតមេបក្សប្រឆាំង លោក កឹម សុខា នៅតែស្ថិតក្នុងការឃុំឃាំងសិទ្ធិសេរីភាព ពិសេសសិទ្ធិនយោបាយ ស្របពេលគណបក្សប្រជាជនកម្ពុជាកំពុងក្តោបក្តាប់អំណាចផ្តាច់មុខតែម្នាក់ឯង៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.