ប្រធានាធិបតីចិនអះអាងថាវិរុសរលាកសួតCoronaនឹងត្រូវបង្ក្រាបបាននៅពេលឆាប់ៗនេះ

ប្រធានាធិបតីចិនលោកស៊ីជីនភីងបានអះអាងថាចិនមានជំនឿចិត្តនិងសមត្ថភាពពេញលេញក្នុងការបង្រ្កាបឱ្យបាននូវការផ្ទុះវិរុសកូរូណាដែលកំពុងរីករាលដាលនៅក្នុងប្រទេសចិន និងតំបន់មួចំនួននៃពិភពលោក។នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនXinhuaបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣០ ខែមករានេះ។

ប្រដដែលឲ្យដឹងទៀតថា លោកស៊ីជីនភីងបាន កត់សម្គាល់ដូចនេះនៅពេលលោកបានជួបនឹងអគ្គនាយកនៃអង្គការសុខភាពពិភពលោកW.H.O លោក Tedro ADDhanom Ghebreyesus ក្នុងទីក្រុងប៉េកាំង។

លោកស៊ីបានបញ្ជាក់ទៀតថាក្នុងនាមលោកជាប្រធាននៃកិច្ចប្រជុំពិសេសមួយនៃគណៈកម្មាធិការនៃការិយាល័យនយោបាយមជ្ឈឹមបក្សចិនស្ដីពីការផ្ទុះមេរោគដ៏កំណាចនេះ គឺលោកចាប់ផ្ដើមប្រជុំជាមួយ                កម្មាភិបាលរបស់លោកនៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន។

លោកបានបញ្ជាក់បន្ថែមទៀតថាការវិវត្តដ៏ខ្លាំងក្លានៃមេរោគប្រភេទនេះគឺជារបៀបវារៈតែមួយគត់នៃកិច្ចប្រជុំរបស់បក្សកុម្មុយនីស្ដចិន។លោកស៊ីបានហៅមេរោគកូរូណានេះថា ជាបិសាច។

លោកស៊ីជីនភីងអះអាងថារដ្ឋាភិបាលចិនបានបញ្ចេញព័ត៌មានអំពីការសាយភាយមេរោគនេះបានទាន់ពេលវេលាហើយមានការទទួលខុសត្រូវចំពោះប្រទេសចិនខ្លួនឯងទៀតផង និងកំពុងបង្រ្កាបមេរោគនេះឱ្យបានសកម្មខ្លាំងក្លាជាមួយនឹងការពន្លឿនកិច្ចសហប្រតិបត្តិការជាមួយនឹងសហគមន៍អន្ដរជាតិ។

លោកស៊ី បន្ដថាចិនស្វាគមន៍តួនាទីដ៏សំខាន់របស់អង្គការសុខភាពពិភពលោកក្នុងការសម្របសម្រួលកិច្ចការសុខភាពសាធារណៈរបស់ពិភពលោក ដែលប្រទេសចិនចាត់ទុក អង្គការនេះមានសារៈសំខាន់បំផុតក្នុងវិស័យសុខភាពរបស់ប្រជាជនហើយថាចិនត្រៀមខ្លួនសហការជាមួយអង្គការសុខភាពពិភពលោកមួយនេះគ្រប់កាលៈទេសៈទាំងអស់ដោយបើកផ្លូវឱ្យអង្គការនេះទទួលយកអ្នកជំនាញពីអង្គការផ្សេងៗទៀត។

សម្រាប់លោកស៊ីគឺជឿជាក់ថា WHO និងសហគមន៍អន្ដរជាតិដទៃទៀតនឹងចូលរួមចំណែកវាយតម្លៃស្ថានភាពរីករាលដាលនៃជំងឺប្រភេទនេះក្នុងគោលដៅមួយដែលចិនអាចទទួលយកបានហើយសម្រាប់ចិនមានការជឿជាក់ និងសមត្ថភាពរបស់ខ្លួនថានឹងបង្រ្កាបបានវីរុសប្រភេទនេះជាមួយនឹងការខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្រ្ដសុខភាពប្រទេសចិនដោយកំណត់គោលនយោបាយក្រោមការគូសវាសនៃបក្សកុម្មុយនីស្ដចិន។

ចំណែកឯប្រធានអង្គការWHO ជឿជាក់ថារដ្ឋាភិបាលចិនបានបង្ហាញនូវការដោះស្រាយរបស់ខ្លួន ហើយថាវិធានការទាន់ពេលរបស់ចិនអាចនឹងធ្វើឱ្យឥទ្ធិពលមេរោគនេះ ថយចុះបាន ក្នុងពេលឆាប់ៗនេះ។

លោកបន្ដថាសវនាការរបស់លោក និងលោកស៊ីបាននាំឱ្យមាននូវការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវពីមេដឹកនាំចិនកំពូលៗ។

តែលោកអះអាងថាចិនបានបញ្ចេញព័ត៌មានពាក់ព័ន្ធនឹងវីរុសដ៏កាចនេះ មានតម្លាភាពដោយបានប្រាប់ទៅកាន់ប្រទេសដៃគូរបស់ខ្លួនជាច្រើនជាពិសេសជាមួយនឹងWHO។ លោកបន្ដទៀតថាវិធានការរបស់ចិនមិនត្រឹមតែការពារពលរដ្ឋរបស់ខ្លួនទេ តែការពារពលរដ្ឋនៃពិភពលោកទាំងមូលហើយសម្រាប់ WHO ក៏សាទរផងដែរចំពោះវិធានការណ៍របស់ចិនយ៉ាងសកម្មនេះដើម្បីបង្រ្កាបមេរោគដ៏កាចសាហាវនេះ ទោះបីមិនទាន់បង្រ្កាបបានខ្លាំងក្លាក៏ដោយ ប៉ុន្តែចិនបានបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ខ្លួនយ៉ាងពិតប្រាកដ។

លោកថានេះជាបទពិសោធន៍ដែលប្រទេសចិនបានកំពុងជួបប្រទះហើយប្រទេសផ្សេងៗត្រូវតែពិនិត្យនិងប្រុងប្រយ័ត្ន។

ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានប្រកាសគាំទ្រ វិធានការណ៍របស់ចិនប្រឆាំងនឹងមេរោគដ៏កាចនេះ។ លោកបន្តថា WHO បានត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ដើម្បីសហការជាមួយរដ្ឋាភិបាលចិន ទាំងការផ្តល់នូវជំនួយស្មារតីទាំងអស់តាមដែលអាចធ្វើទៅបាន។ លោកបន្តថា WHOនឹងធ្វើការវាយតម្លៃស្ថានភាពនេះដោយផ្អែកលើវិទ្យាសាស្រ្ដនិងហេតុការណ៍ពិតប្រាកដហើយសូមជំទាស់ការចោទប្រកាន់ពីបរទេស ឬប្រភពណាដែលគ្មានមូលដ្ឋានជាក់លាក់។

យ៉ាងណាក៏ដោយប្រទេសធំៗមួយចំនួនក៏បានសុំបញ្ចូនជំនាញការសុខភាពប្រទេសទាំងនោះទៅចូលរួមប្រទេសចិនផងដែរក្នុងនោះសហរដ្ឋអាមេរិកចេញមុខមុនគេដើម្បីបញ្ចូនក្រុមជំនាញរបស់ខ្លួនទៅកាន់ទីក្រុងវូហានឱ្យតែរដ្ឋាភិបាលចិនយល់ព្រម។

សេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាលអាមេរិកបានបញ្ជាក់ថាក្រុមអ្នកជំនាញនេះនឹងទៅដល់ទឹកដីចិនឆាប់ៗនេះ ប្រសិនបើចិនសុំកិច្ចសហប្រតិបត្តិការ។ តែសម្រាប់ប្រទេសចិនមកដល់ពេលនេះមិនបានប្រកាសទទួលយកអ្នកជំនាញសុខភាពពីសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួននោះទេ ក្នុងនោះមានទាំងប្រទេសបារាំង អង់គ្លេសផងដែរ។

ចំណែកឯប្រទេសអូស្រ្ដាលីទោះជាមិនបានសុំបញ្ជូនអ្នកជំនាញរបស់ខ្លួនទៅកាន់ប្រទេសចិនក្ដីតែរដ្ឋាភិបាលរបស់ប្រទេសនេះ បានប្រកាសថានឹងស្រាវជ្រាវវ៉ាក់សាំងដើម្បីបង្រ្កាបមេរោគនេះឱ្យបានឆាប់ៗក្នុងពេលខាងមុខ បន្ទាប់ពីពលរដ្ឋចិនម្នាក់បានទៅដល់អូស្រ្ដាលីមានផ្ទុកមេរោគដ៏កាចសាហាវនេះ។

តែជាមួយគ្នានេះអង់គ្លេស អាមេរិក និងជប៉ុនក៏បានប្រកាសផ្អាកការហោះហើរទៅប្រទេសចិននៅពេលដែលប្រទេសទាំងនេះបានខកខានពីការទៅជម្លៀសប្រជាជនរបស់ខ្លួននៅទីក្រុងវូហាន។

តាមសេចក្ដីរាយការណ៍ជាច្រើនបានបញ្ជាក់ថាគិតមកដល់ព្រឹកថ្ងៃព្រហស្បត្តិ៍ទី៣០មករានេះ មេរោគកូរូណាបានវាយលុកទៅលើប្រជាជនចិនចំនួនជាង ៧ពាន់នាក់ ដោយបានសម្លាប់មនុស្សចំនួន១៧០នាក់ដែលហក់ឡើងពីតួលេខ១៣២នាក់។ នេះបើយោងតាមសារព័ត៌មានSouth China Morning post។ ចំណែកឯការឆ្លងទៅប្រទេសផ្សេងៗទៀតគឺមាន២០ប្រទេស៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.