អ្នកវិភាគជំរុញឱ្យលោក ហ៊ុន សែន នឹងគណៈប្រតិភូដែលជួបអ្នកដំណើរនៅលើនាវាអាមេរិក ពិនិត្យសុខភាពរកមេរោគ Covid-19 ជាបន្ទាន់

អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅក្រៅប្រទេស បានណែនាំពីវិធានការបន្ទាន់ ដើម្បីដោះស្រាយវិបត្តិមេរោគជំងឺកូរ៉ូណា ឬ Covid19នៅកម្ពុជា។

អ្នកវិភាគនយោបាយលោក គឹម សុខ បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោក ដោយបានណែនាំឱ្យ លោក ហ៊ុន សែន និងគណៈប្រតិភូរបស់គាត់ ដែលបានទៅទទួលភ្ញៀវទេសចរដល់កំពង់                  ផែក្រុងព្រះសីហនុ ពីនាវា Westerdam ត្រូវតែទៅពិនិត្យវិភាគផ្លូវដង្ហើម និងដាក់ក្នុងវិធានការបន្ទាន់ ដោយអ្នកជំនាញអង្គការសុខភាពពិភពលោក WHO ដើម្បីបញ្ជាក់អំពីលក្ខខណ្ឌសុខភាពពិត។

លោកថា វិធីល្អបំផុតនោះ លោក ហ៊ុន សែន គួរតែបញ្ជូនអ្នកទាំងអស់នោះទៅស្នាក់នៅជុំគ្នា ក្នុងអាគារមួយ ហើយដាក់ក្នុងបម្រាមមិនឲ្យធ្វើដំណើរចេញទៅក្រៅថែមទៀត ។

ការណែនាំរបស់លោក គឹម សុខ នេះ ធ្វើឡើងក្រោយពេល លោក ហ៊ុន សែន និងគណៈប្រតិភូរបស់ខ្លួនបានទៅជួបសួរសុខទុក្ខភ្ញៀវទេសចរដែលស្នាក់នៅលើនាវាសហរដ្ឋអាមេរិកឈ្មោះ Westerdam ដែលមានអ្នកដំណើរជាង២ពាន់នាក់កាលពីថ្ងៃទី ១៤កុម្ភៈ។

នាវានេះ ចេញដំណើរពីក្រុងហុងកុង ហើយត្រូវបានប្រទេសនឹងកោះចំនួន៦ បដិសេធមិនឱ្យចុះចតលើទឹកដីរបស់ពួកគេ ដោយបារម្ភពីជំងឺកូរ៉ូណា។

ជាងនេះទៀត កាលពីចុងសប្តាហ៍មុនស្ត្រីជនជាតិអាមេរិកកាំងអាយុ៨៣ឆ្នាំជាអ្នកដំណើរម្នាក់ក្នុងនាវា Holland-American Westerdam ដែលត្រូវបានកម្ពុជាអនុញ្ញាត្តិឱ្យចូលចត រួចគាត់ក៏បន្តដំណើរតាមយន្តហោះត្រឡប់ទៅប្រទេសគាត់វិញដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី។ នៅពេលនោះប្រទេសម៉ាឡេស៊ីបានប្រកាសថា ស្រ្តីរូបនោះមានផ្ទុកមេរោគកូរ៉ូណា COVID-19 ស្របពេលដែលកម្ពុជាបញ្ជាក់ថាគ្មានមេរោគនេះទេ។ កម្ពុជាក៏បានស្នើឱ្យអាជ្ញាធរធ្វើការពិនិត្យលើលទ្ធផលនេះម្តងទៀត ប៉ុន្តែអាជ្ញាធរម៉ាឡេស៊ីនៅតែអះអាងថាស្រ្តីជនជាតិអាមេរិករូបនោះ ពិតជាមានមេរោគកូរ៉ូណាប្រាកដមែន ក្នុងចំណោមអ្នកដំណើរដែលចេញពីកម្ពុជាជាង១រយនាក់។

អាជ្ញាធរម៉ាឡេស៊ី ក៏បានប្រកាសបញ្ឈប់មិនឱ្យភ្ញៀវទេសចរដែលមានប្រភពចេញពីនាវាទេសចរណ៍ Westerdam នេះ ចូលទឹកដីរបស់ពួកគេទៀតឡើយ។

មេរោគកូរ៉ូណាឬ Covid19 ជាប្រភេទជំងឺឆ្លងតាមខ្យល់អាកាសឬបរិយាកាស។ មានន័យថាវាងាយឆ្លង និងឆ្លងលឿនបំផុត រហូតដល់អាជ្ញាធររដ្ឋចិនដាក់បម្រាមមិនឲ្យមនុស្សចេញពីផ្ទះនិងប្រើមធ្យោបាយធ្វើដំណើរសាធារណៈដើម្បីបង្ការការឆ្លងជំងឺនេះ ។

លោក គឹម សុខ បានណែនាំឱ្យ លោក ហ៊ុន សែន ត្រូវសំងំក្នុងផ្ទះមួយខែយ៉ាងតិច ក្នុងលក្ខខណ្ឌតាមដានល្អិតល្អន់ពីអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក WHO ដូច្នោះដែរ។ លោកបន្តថា លោក ហ៊ុន សែន ត្រូវលុបចោលទាំងអស់ នូវគម្រោងការងាររបស់គាត់ និងការជួបជុំតូចធំ ជាពិសេសវេទិកាសាធារណៈ ដើម្បីបញ្ចៀសការឆ្លងទៅពលរដ្ឋប្រសិនបើគាត់បានឆ្លងពីអ្នកទេសចរអាមេរិកាំងមែននោះ។

លោក គឹម សុខ បន្តថា លោក ហ៊ុន សែន ត្រូវប្រគល់ការងារក្នុងឈ្មោះស្ដីទី ទៅឲ្យសហការីក្នុងរដ្ឋាភិបាលរបស់គាត់ រហូតទាល់តែស្ថានភាពគាត់ ត្រូវបានបញ្ជាក់ដោយWHOថា គ្មានផ្ទុកមេរោគកូរ៉ូណា។

អ្នកវិភាគរូបនេះ ក៏បានណែនាំមេដឹកនាំក្នុងរដ្ឋាភិបាលលោកហ៊ុន សែន មិនត្រូវធ្វើតាមគំរូមេដឹកនាំចិន ព្រោះតែមុខមាត់ផ្ទាល់ខ្លួនឡើយ ហើយត្រូវហ៊ានបង្ហាញទិន្នន័យពិតនៃស្ថានភាពកូរ៉ូណានៅ               កម្ពុជា និងអប់រំពលរដ្ឋអំពីវិធីបង្ការឱ្យបានទូលំទូលាយផងដែរ ។

លោក គឹម សុខ មើលឃើញថា ពួកមេដឹកនាំចិន បានធ្វើខុសតាំងពីដំបូងម្លេះ ក្នុងការលាក់ពត៌មាន ដើម្បីការពារមុខមាត់នយោបាយរបស់ខ្លួន ដែលនាំឲ្យមានវិនាសកម្ម ដូចសព្វថ្ងៃ នៅក្រុងវូហាន ខេត្តហឺប៉ីនេះ។

លោកបន្តថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គួរចាប់ផ្ដើមពាក់ម៉ាស់ជាចាំបាច់ ពេលចេញទៅក្រៅ និងគួរកាត់បន្ថយការនិយាយស្ដីទល់មុខគ្នា បើមិនចាំបាច់។ វិធីល្អមួយ គឺគួរតែប្រើបណ្ដាញ messenger ជជែកគ្នាវិញ នៅពេលមានការពិភាក្សាគ្នាច្រើន និងយូរ។ ជាងនេះទៅទៀតពលរដ្ឋខ្មែរ គួរស្វែងរកព័ត៌មាននៃការបង្ការពីអ្នកជំនាញ តាមរយៈការអប់រំ ដូចជាពីក្រសួងសុខាភិបាល ឬតាមបណ្ដាញសង្គមជាដើម។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលលោកហ៊ុន សែន នៅមិនទាន់ប្រតិកម្មអ្វីនៅឡើយទេ ហើយនៅថ្ងៃចន្ទនេះ អាជ្ញាធរក្រុងភ្នំពេញក៏បានរៀបចំដំណើរជិះរថយន្តក្រុងទស្សនាក្រុងភ្នំពេញ ដល់ភ្ញៀវទេសចរអាមេរិកជាច្រើននាក់ ដែលបានចាកចេញពីនាវាចរណ៍ Westerdam មកស្នាក់នៅសណ្ឋាគារសុខា ភ្នំពេញថែមទៀត។

សម្រាប់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានអះអាងលើទំព័រហ្វេសប៊ុករបស់ខ្លួនថាស្ត្រីជនជាតិអាមេរិកអាយុ៨៣ ឆ្នាំដែលចាកចេញពីកម្ពុជា ពិតជាមានមេរោគកូរ៉ូណា ដែលបញ្ជាក់ដោយក្រសួងសុខាភិបាលម៉ាឡេស៊ីប្រាកដមែន ក្រោយពេលស្ត្រីរូបនោះបានទៅដល់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១៤ ខែកុម្ភៈ។

មកដល់ថ្ងៃចន្ទនេះ យ៉ាងហោចណាស់មានមនុស្សសរុបចំនួន ជិត២ពាន់នាក់(១,៧៧០) ហើយបានស្លាប់ដោយសារជំងឺ COVID-19 ហើយករណីឆ្លងបានកើនដល់ជាង៧ម៉ឺននាក់( ៧០,៥៤៨) នៅទូទាំងខេត្ត និងតំបន់ស្វយ័តចំនួន៣១ នៅក្នុងប្រទេសចិន៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.