26 C
Phnom Penh

កម្ពុជាសង្ឃឹមថា ក្រោយចប់កូវីដ១៩ វិស័យឧស្សាហ៍កម្មកាត់ដេរនៅកម្ពុជានឹងកាន់តែរីកចម្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហ៍កម្ម បានអះអាងថា ក្រោយវិបត្តិជំងឺកូវីដ១៩ បញ្ចប់ វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត។

ការអះអាងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែមេសា ដោយរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម លោក ហេង សុខគង់។

លោក ហេង សុខគង់  មានប្រសាសន៍ថា ដោយសាររោងចក្រសហគ្រាសនានានៅកម្ពុជា នៅតែអាចដំណើរការជាធម្មតា ព្រមទាំងមានការធានាអំពីការផ្គត់ផ្គង់វត្ថុធាតុដើមពីចិន។ លើសពីនេះ បណ្តាប្រទេសមួយចំនួនរងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយរោងចក្រ ឬសហគ្រាសរបស់ពួកគេក៏ត្រូវបានបិទទ្វា ដែលនឹងធ្វើឱ្យអ្នកបញ្ជាទិញនឹងងាកមកកម្ពុជាកាន់តែច្រើន ដែលអាចធានាថា ក្រោយពីវិបត្តិកូវីដ១៩ បញ្ចប់ទៅ សន្ទុះនៃវិស័យឧស្សាហកម្មរបស់កម្ពុជា នឹងកាន់តែកើនឡើងខ្លាំងខ្លាថែមទៀត។

ទោះពីជាយ៉ាងនេះក្តី ក្រសួងការងារ បានឱ្យដឹងថា មានរោងចក្រប្រមាណ១៣០ហើយ បានដាក់ព្យួរការងារ ដែលបណ្តាលឱ្យប៉ះពាល់ដល់កម្មករជិត១០ម៉ឺននាក់ ព្រោះតែបញ្ហាខ្វះវត្ថុធាតុដើម និងមិនមានអ្នកបញ្ជាទិញ។

ក្រៅពីវិបត្តិកូវីដ១៩ កម្ពុជាក៏នៅប្រឈមនឹងវិបត្តិមួយទៀត ដែលកំពុងគំរាមកំហែងដល់វិស័យឧស្សាហ៍កម្មកាត់ដេរនៅកម្ពុជា នោះគឺវិបត្តិនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។

កាលពីថ្ងៃទី១២ ខែកុម្ភៈ សហភាពអឺរ៉ុប បានសម្រេចដក EBA ២០ភាគរយពីកម្ពុជា ដោយរកឃើញថា កម្ពុជារំលោភ«ធ្ងន់ធ្ងរ»ជាប្រព័ន្ធទៅលើសិទ្ធិការងារ សិទ្ធិសង្គមស៊ីវិល និងសិទ្ធិនយោបាយ ហើយរដ្ឋាភិបាលោកហ៊ុន សែន ក៏មិនបានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពទាំងនេះ តាមការស្នើសុំរបស់អឺរ៉ុបនោះដែរ។

ការសម្រេចនេះ ធ្វើឱ្យប៉ះពាល់ដល់ទំនិញ៤០មុខ ដែលកម្ពុជាធ្លាប់នាំចូលទៅលក់នៅទីផ្សារអឺរ៉ុបដែលមានតម្លៃជាង១ពាន់លានដុល្លារ។  បើគ្មានអ្វីប្រែប្រួលទេ កម្ពុជានឹងខាតបង់ប្រមាណ ១០០លានដុល្លារក្នុង១ឆ្នាំៗ ពីកាតព្វកិច្ចបង់ពន្ធលើទំនិញ២០%នេះ។ 

លើសពីនេះ ការសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយនេះ នឹងប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជាផងដែរ។

ក្រសួងឧស្សាហកម្ម អះអាងថា គិតត្រឹមខែមីនា ឆ្នាំ២០២០ កម្ពុជាមានរោងចក្រឧស្សាហកម្មចំនួនជិត២ពាន់(១៨០១) ដែលបង្កើតការងារដល់ពលរដ្ឋជាង ១លាននាក់។

ក្រោយពេលអឺរ៉ុបសម្រេចយកពន្ធលើទំនិញនាំចូលពីកម្ពុជា ២០ភាគរយនេះ ក្រុមអ្នកបញ្ជាទិញធំៗ មួយចំនួនក៏ចាប់ផ្តើមងាកទៅរកដៃគូតាមបណ្តាប្រទេសផ្សេងទៀត ដើម្បីបញ្ជាទិញទំនិញជាបណ្តើរៗ  ដោយតែកម្ពុជាកំពុងមានឈ្មោះអាក្រក់ ជាពិសេសពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ សិទ្ធិសង្គមស៊ីវិល និងសិទ្ធិនយោបាយ តាមការរកឃើញរបស់អឺរ៉ុប៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស