ស្ថានទូតកម្ពុជាប្រចាំទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានអះអាងថាក្រុមការងាររបស់ខ្លួនកំពុងធ្វើការជាមួយ Malaysian Airlines ដើម្បីរៀបចំជើងហោះហើរសំរាប់អ្នកខកដំណើរកាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតខ្មែរប្រចាំប្រទេសនេះអះអាងថា ប្រសិនបើមានអ្នកដំណើរគ្រប់ចំនួនក្រុមហ៊ុនអាកាសចរណ៍ឬ Airlines អាចហោះបាននៅថ្ងៃទី១៦ សប្តាហ៏ក្រោយ។យ៉ាងនេះក្តីស្ថានទូតកម្ពុជា លើកឡើងថាក្រុមហ៊ុនរក្សាសិទ្ធិពន្យាពេលហោះហើរ ប្រសិនបើពុំមានអ្នកដំណើរគ្រប់ចំនួនដើម្បីអាចទូទាត់ថ្លៃដើមបាន។ ជាមួយគ្នានេះ ស្ថានទូតដដែលបានអំពាវនាវដល់ពលរដ្ឋខ្មែរដែលស្ថិតក្នុងចំណោមអ្នកដំណើរទាំង១៤៣នាក់ ដែលខកខានជើងហោះហើរមកកម្ពុជាកាលពីថ្ងៃទី៧មេសាប្រញ៉ាប់ទាក់ទងទៅ airlines ឬក្រុមការងារស្ថានទូត។
ពលរដ្ឋទាំងជិត១៥០នាក់នេះ ត្រូវបានខកខានជើងហោះហើរមកកាន់កម្ពុជាកាលពីដើមខែមេសានោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឱ្យផ្អាកជើងហោះហើរពីម៉ាឡេស៊ី មកកម្ពុជាភ្លាមៗ ដោយលោកបារម្ភខ្លាចពួកគេនាំជំងឺកូវីដ១៩មកកម្ពុជា។ ក្រោយផ្អាកមិនឱ្យពលរដ្ឋខ្មែរទាំងជាង១០០នាក់នោះ បានវិលត្រឡប់មកកម្ពុជាជាង២ខែមកនេះ បានធ្វើឱ្យពលរដ្ឋខ្មែរខ្លះត្រូវជួបបញ្ហាប្រឈមជាខ្លាំងដូចជាគ្មានប្រាក់ចាយវាយ គ្មានការងារធ្វើ និងត្រូវចំណាយច្រើននៅប្រទេសម៉ាឡេស៊ី ព្រមទាំងព្រួយបារម្ភពីបញ្ហាសុខភាពរបស់ខ្លួននៅទីនោះថែមទៀតផង។
កាលពីថ្ងៃទី ២៧ ឧសភា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រកាសដាក់ចេញនូវវិធានការដោះស្រាយជាផ្លូវការ ចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយកំពុងធ្វើដំណើរឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ទេ។ លោកថាវិធានការនេះ នឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។
យ៉ាងនេះក្តី លោកថា ពេលវិលត្រឡប់មកដល់ប្រទេសវិញគឺតម្រូវអោយចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក រយៈចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតើពួកគេមានរោគឆ្លងជំងឺកូវីស១៩ឬអត់រោគឆ្លង ទើបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ។ក្រៅពីពលរដ្ឋដែលខកខានប្រមាណ១៥០នាក់នោះ ក៏នៅមានពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ីដែលជាពលករចុះទូកនេសាទ និងពលរដ្ឋដែលអាជ្ញាធរម៉ាឡេស៊ីទើបនឹងដោះលែងពីពន្ធនាគារជាង២រយនាក់ទៀត ក៏កំពុងរង់ចាំការជួយពីរដ្ឋាភិបាលដើម្បីបានវិលត្រឡប់មកកាន់កម្ពុជាវិញផងដែរ៕