ព្រះសង្ឃសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ព្រះតេជព្រះគុណ លួន សុវ៉ាត បានចេញសេចក្តីប្រកាសបដិសេធចោលទាំងស្រុង រាល់ការចោទប្រកាន់ មូលបង្កាច់ លាបពណ៌ ប្រឌិតពត៌មានក្លែងក្លាយ កាត់តយករូបភាពអ្នកដទៃ និងសម្លេងមកថតបញ្ចូលគ្នាក្នុងហ្វេសប៊ុកឲ្យកើតទៅជាសាច់រឿង១ដែលខុសការពិត។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ព្រះអង្គនៅថ្ងៃនេះ បានលើកឡើងថា ការធ្វើទង្វើដាក់ព្រះអង្គ ដោយការប្រើប្រាស់បច្ចេកវិទ្យាក្នុងសម័យបច្ចេកវិទ្យាទំនើបបែបនេះ ខុសទៅនឹងច្បាប់ជាតិ ច្បាប់អន្តរជាតិ ច្បាប់សាសនា និងច្បាប់បណ្តាញពត៌មានសង្គម ដើម្បីកំចាត់ព្រះអង្គពី វិស័យពុទ្ធសាសនា។ព្រះសង្ឃដែលជាសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានអង្គនេះ អះអាងថាព្រះអង្គនៅមិនទាន់ត្រូវបានក្រពើ ខ្លា ពស់វែក ចាប់ហែកស៊ី ដោយចាប់ផ្សឹកព្រះអង្គបាននៅឡើយទេ ហើយបច្ចុប្បន្នព្រះអង្គកំពុងគង់នៅកន្លែងមានសុវត្ថិភាព១នៅឆ្ងាយ ជាទីដែលមិនមានសត្វកាចសាហាវ ឬខ្លា ក្រពើណាអាចទៅចាប់ស៊ីបានទេ ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គ ធ្វើឡើងក្រោយពេលមន្ត្រីជាន់ខ្ពស់សង្ឃខេត្តសៀមរាប បានចេញសង្ឃសម្រេចប្រកាសផ្សឹកភិក្ខុ លួន សុវ៉ាត ដែលគង់មិនអចិន្ត្រៃយ៍នៅវត្តស្លែង ក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចេញពីភេទជាបព្វជិត កាលពីថ្ងៃទី៣មិថុនា។ក្នុងសេចក្តីសម្រេចរបស់ថេរសភាខេត្តសៀមរាប បានប្រកាសផ្សឹកព្រះសង្ឃ លួន សុវ៉ាត ក្រោមសេចក្តីសន្មតថា ព្រះអង្គ បានសេពមេថុនធម្ម ឬសេពកាម ខុសធម៌វិន័យ ដោយយោងតាមវីដេអូសារជាសំឡេងដែលអះអាងថាជាកិច្ចសន្ទនារៀបរាប់រវាងព្រះអង្គ ជាមួយស្ត្រីជាម្ដាយ និងកូនស្រី។លិខិតរបស់សភាសង្ឃឹមខេត្តសៀមរាបសម្រេចថា ប្រសិនបើឈ្មោះ លួន សុវ៉ាត នៅតែបន្តគ្រងសង្ឃចីវរជាបុព្វជិតដូចអ្នកបួសក្នុងព្រះពុទ្ធសាសនា ចាត់ទុកជាបុគ្គលនេះប្រព្រឹត្តក្លែងភេទ សូមព្រះមេគណរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមច្បាប់ជាធរមាន។
សម្រាប់ព្រះតេជព្រះគុណ លួន សុវ៉ាត បានចាត់ទុករឿងទាំងអស់នេះគឺជារឿងនយោបាយទាំងស្រុង ព្រោះថា ចំណាត់ការរបស់មន្ត្រីថេរសភាសង្ឃខេត្តសៀមរាបនិងក្រុងភ្នំពេញ និងមន្ទីរធម្មការ និងសាសនាជាដើម បានចេញសេចក្តីសម្រេចស៊ីសង្វាក់គ្នានិងលឿនរហ័សដូចភ្នែកបន្ទោលដែលខុសពីរឿងបុគ្គលផ្សេងៗ ដោយមិនបានធ្វើការពន្យារពេល ស្រាវជ្រាវឬ ស៊ើបអង្កេត រកភស្តុតាង បទល្មើសជាក់ស្តែងឲ្យពិតប្រាកដណាមួយទេ ក្រៅតែពឹងផ្អែកទៅលើសម្លេងនិងហ្វេសប៊ុកក្លែងក្លាយ យកមកធ្វើជាគោលដៅនៃសេចក្តីសម្រេច ។
ព្រះអង្គបន្ថែមទៀតថា ភស្តុតាងដែលរឹងមាំអាចថា យកជាផ្លូវការបានស្ទើរ១០០% គឺត្រូវមានជាវីដេអូសកម្មភាពជាក់ស្តែង ហើយប្រសិនបើមានវីដេអូជាក់ស្តែងណាមួយដែលបានប្រព្រឹត្តខុសឆ្គងដូចការចោទប្រកាន់ខាងលើមកលើអាត្មាភាពមែននោះ អាត្មានឹងទទួលយកទោសកំហុសទៅតាមវីដេអូសកម្មភាពជាក់ស្តែងទាំងនោះ ប៉ុន្តែបើគ្រាន់តែជាសម្លេងជារូបភាពកាត់តទេ គឺអាត្មាមិនអាចទទួលយកបានទេ ។
ព្រះសង្ឃដដែលអះអាងថា ក្រោយការចេញសេចក្តីសម្រេចឲ្យចាប់ផ្សឹកដោយចោទថាខុសនឹងវិន័យសង្ឃរួចមក សកម្មភាពនៃការតាមចាប់ខ្លួនព្រះអង្គ គឺខុសបច្ចេកទេសទាំងស្រុង ដោយការប្រើអំណាចព្រះរាជអាជ្ញា និងអំណាចស្នងការប៉ូលិសខេត្តសៀមរាប ទៅចោទទៅចាប់អ្នកដទៃដែលមិនមែនជាព្រះអង្គទៅវិញ។ក្នុងនោះមានការនាំខ្លួនក្មួយប្រុសរបស់ព្រះអង្គ២នាក់ទៅសាកសួនៅស្នងការខេត្តហើយវ៉ៃខ្នោះដៃ ប្រើហិង្សា និងឃុំខ្លួនក្មួយរបស់ព្រះតេជគុណម្នាក់អស់១យប់ ២ថ្ងៃ ទើបមានការដោះលែង បន្ទាប់ពីមានបងប្អូនទៅធានា និងបង់លុយកាក់អស់មួយចំនួនធំផងដែរ ។
ក្រៅពីការនាំខ្លួនក្មួយប្រុសព្រះអង្គទៅសួរចម្លើយ និងគម្រាមគំហែង ក្រុមប៉ូលិសស្នងការខេត្តប្រមាណពី៤ ទៅ៥ឡានបានដឹកនាំកម្លាំងទៅឆែកឆេរ និងរឹបអូសទ្រព្យសម្បត្តិឯកជន រំលោភលើសិទ្ធិមានកម្មសិទ្ធិ របស់ព្រះអង្គនៅភូមិកំណើតក្នុង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃ៧មិថុនា២០២០ ដោយដកហូតទូរស័ព្ទមួយចំនួនពីក្មួយរបស់ព្រះអង្គ ដកហូតឡាន Lexus470 ១គ្រឿង កាមេរ៉ាជិត១០គ្រឿង ទូរទស្សន៍១គ្រឿង ទូទឹកក ធុងទឹកកក ឯកសាផ្សេងៗមួយចំនួនទៀត ចេញពីផ្ទះញោមប្រុសរបស់ព្រះអង្គផង និងផ្ទះក្មួយប្រុសព្រះអង្គផង ពីក្នុងវត្តស្លែងផង យកទៅរក្សាទុកនៅស្នងការប៉ូលិសខេត្ត។
លើសពីនេះ ក៏មានការនាំខ្លួនព្រះសង្ឃ២អង្គក្នុងវត្តស្លែងទៅសួរចម្លើយ និងដកហូតទូរស័ព្ទទៀតផង ក្រោយមកបានប្រគល់ទូរស័ព្ទមកឲ្យវិញ ប៉ុន្តែទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិឯកជនរបស់ព្រះអង្គលួន សុវ៉ាត ត្រូវបានគេដកហូតរក្សាទុកនៅស្នងការប៉ូលិសខេត្តរហូតមកដល់ថ្ងៃទី១០ ខែមិថុនានេះ ដែលមិនទាន់មានការប្រគល់ឲ្យវិញនៅឡើយទេ ។ព្រះអង្គបន្តថា សភាសង្ឃខេត្តសៀមរាប ចោទព្រះអង្គថាខុសច្បាប់សាសនា ប៉ុន្តែនៅពេលធ្វើការអនុវត្តន៍ច្បាប់ ពួកគេមិនបានយកច្បាប់សាសនាមកប្រើនោះទេ តែបែជាយកអំណាចអាជ្ញាធរ អំណាចតុលាការ មកវាយប្រហារ គំរាមគំហែង បំភិតបំភ័យ ចោទចាប់គ្នា ទៅវិញ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ការផ្សឹកកំបាំងមុខលើព្រះតេជព្រះគុណ លួន សុវ៉ាត គឺជាចេតនានយោបាយ និងជាគំនុំគុំគួនយ៉ាងពិតប្រាកដ ដោយយកលេសថាខុសវិន័យសង្ឃ ពីព្រោះកន្លងមកភិក្ខុអង្គនេះជា សកម្មជនសិទ្ធិមនុស្ស ជាសង្ឃដ៏ល្បីទាំងក្នុងនិងក្រៅប្រទេស ធ្វើការងារសង្គមជាតិសាសនាជាច្រើន ទាក់ទងនិង បញ្ហាជម្លោះដីធ្លី សិទ្ធិមនុស្ស ព្រៃឈើ តស៊ូមតិដើម្បីយុត្តិធម៌សង្គម មនុស្សធម៌ បាតុកម្ម នយោបាយ ព្រមទាំងបានសម្ភាសន៍ និងផ្សាយពត៌មានឯករាជ្យជាដើម ដែលធ្វើឲ្យអ្នកមានអំណាចមួយចំនួនក្តៅក្រហាយ មិនសប្បាយចិត្តនឹងសកម្មភាពរបស់ព្រះអង្គដែលជួយកិច្ចការសង្គមជាតិ សាសនាទឹកដីព្រៃព្រឹក្សានោះឡើយ ព្រោះបានធ្វើឲ្យប៉ះពាល់ដល់នយោបាយនិងឆ្នាំងបាយផលប្រយោជន៍នៃបក្សពួករបស់គេ ។
ព្រះអង្គម្ចាស់ លួន សុវ៉ាត អះអាងបន្ថែមថាព្រះអង្គមិនទាន់អស់បុណ្យក្នុងការធ្វើបុណ្យខ្មែរជួយខ្មែរនៅឡើយទេ ទើបក្រុមជនបក្សពួកដែលរួមគំនិត រួមគ្នាធ្វើបាបព្រះអង្គ មិនទាន់អាចចាប់ខ្លួនព្រះអង្គបាននៅឡើយ ហើយប្រសិនបើគេចាប់ខ្លួនបានវិញនោះ គឺមិនត្រឹមតែគេផ្សឹកប៉ុណ្ណោះទេ គឺអាចនឹងត្រូវរងទារុណកម្ម អំពើហិង្សា រហូតដល់ឆ្កួតឬស្លាប់ ព្រមទាំងការចោទប្រកាន់ពីប្រព័ន្ធតុលាការទាំងបទចោទចាស់ដែលមានស្រាប់ក្នុងដៃតុលាការ ក៏ដូចជា បទចោទដែលតុលាការធ្លាប់ចោទចាប់ព្រះអង្គកន្លងមកថែមទៀតផង។
ភិក្ខុ លួន សុវ៉ាត ថាការបួសហើយនឹងសឹកជារឿងធម្មតាទេ ប៉ុន្តែ មិនមែនសឹកដោយឲ្យគេចាប់បង្ខំផ្សឹកនោះទេព្រោះគ្មានតម្លៃនឹងនាំឲ្យប៉ះពាល់កិត្តិយស ហើយការផ្សឹកក៏មានពេលវេលាដ៏សមរម្យណាមួយដើម្បីសឹកដោយការសម្រេចចិត្តខ្លួនឯង នៅក្រៅប្រទេសក្នុងពេលអនាគតខាងមុខ ការរត់គេចពីសេចក្តីទុក្ខដ៏ធំធេង នៃការចោទប្រកាន់បែប បំផ្លាញ បំភ្លៃ បំភិតបំភ័យ ក្នុងន័យនយោបាយលាយឡំនិងសាសនាក្នុងការចាប់យកចំណុចខ្សោយរបស់អ្នកបួសក្នុងសាសនាទាំងអស់អង្គ មិនថា លោកតូច លោកធំ លោកនេន ភិក្ខុ ទេ គឺបើគេចោទថា ខុសធម៌វិន័យមានស្រីហើយ គឺ១០០ទាំង១០០អាចនឹងប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះ បើទោះជារឿងនោះពិតឬមិនពិតក៏ដោយ។
ក្រៅពីច្រានចោលការចោទប្រកាន់ទាំងនេះ ព្រះអង្គ លួន សុវ៉ាត អំពាវនាវ និងសំណូមពរដល់ស្ថាប័នព្រះពុទ្ធសាសនា ចាត់វិធានការទុបស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយទាំងឡាយណា ឬ បុគ្គលទាំងឡាយណា ដែលមានចេតនា ផ្សព្វផ្សាយនាំឲ្យប៉ះពាល់ដល់តម្លៃព្រះសង្ឃ ព្រះពុទ្ធសាសនាជារួម ត្រូវតែទប់ស្កាត់ជាបន្ទាន់ ដូចជាការប្រើពាក្យចំណងជើង អត្ថបទ ដែលធ្វើឱ្យប៉ះពាល់ដល់សង្ឃទូទៅ។
ជាងនេះទៅទៀត ព្រះអង្គសូមស្នើដល់ស្ថាប័នសង្ឃ និងអំណាចពុទ្ធចក្រ ត្រូវប្រើប្រាស់អំណាចពុទ្ធចក្រដើម្បីកាត់ក្តី វិនិច្ឆ័យវិន័យសង្ឃដោយព្រះសង្ឃ ហើយមិនត្រូវប្រើអំណាច អាណាចក្រ ដូចជាប៉ូលិស តុលាការ មកចាត់ការដោះស្រាយរឿងវិន័យសង្ឃនោះទេ។ បន្ថែមពីនេះ ព្រះអង្គស្នើឲ្យសមត្ថកិច្ចស្នងការខេត្តសៀមរាប ត្រូវប្រគល់សម្ភារៈប្រើប្រាស់មានឡានជាដើមដែលបានដកហូតយក ត្រូវប្រគល់ជូនក្រុមគ្រួសាររបស់ព្រះអង្គវិញ ព្រោះឡាន និងសម្ភារៈទាំងនោះមិនមានទោសខុសច្បាប់ និងមិនជាប់ពាក់ព័ន្ធនឹងវិន័យសង្ឃនោះទេ។
ជាងនេះទៀតព្រះអង្គក៏ស្នើឲ្យសមត្ថកិច្ច ឬស្នងការខេត្តសៀមរាប បញ្ឈប់ការនាំខ្លួនអ្នកដទៃទៅសួរចម្លើយ និងបញ្ឈប់ការដកហូត សម្ភារៈផ្សេងៗ បញ្ឈប់ការគំរាមគំហែង និងការបំភិតបំភ័យដល់ បងប្អូនក្រុមគ្រួសារព្រះអង្គ និងព្រះសង្ឃដទៃក្នុងវត្តជាដើម៕