27 C
Phnom Penh

ប្រមុខ​រដ្ឋាភិបាល​បន្ត​ក្រើនរំលឹក​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជំងឺ​កូ​វីដ១៩ ខណៈ​អ្នកជំងឺ​នេះ​នៅសល់​តែ១ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ប្រមុខ​រដ្ឋាភិបាល​លោក​ហ៊ុន សែន បាន​ផ្ញើ​សារ​រំលឹក​ដាស់តឿន​ពលរដ្ឋ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺឆ្លង​កូ​វីដ១៩ បើ​ទោះ​ពី​ជា​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​កម្ពុជា​នៅសល់​តែម្នាក់​ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

លោក ហ៊ុន សែន លើកឡើង​នៅ​ថ្ងៃនេះ ដោយ​អំពាវនាវ​ឱ្យ​ជនរួមជាតិ​មានការ​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​អោយ​បាន​ល្អ ហើយ​ចូលរួម​ទប់ស្កាត់​កុំ​អោយ​ឆ្លង​រោគ​កូ​វីដ១៩ ទាំង​ពី​យើង​ទៅ​គេ និង​ពី​គេ​មក​យើង។លោក​បន្ត​ថា ទោះបី​កម្ពុជា​យើង​ចំនួន​អ្នក​បាន​ព្យាបាល​ជា​មាន​ចំនួន​ច្រើន ហើយ​អត្រា​ឆ្លង​រោគ​ក៏​មិនបាន​កើនឡើង ខ្លាំង​ក៏​ពិតមែន ប៉ុន្តែ​មិន​ត្រូវ​ធ្វេសប្រហែស​មើលស្រាល ដោយ​បណ្តែតបណ្តោយ​ខ្លួន​អោយ​ងាយ​រងគ្រោះ​ថ្នាក់​ដែរ ព្រោះ​មកទល់​ពេលនេះ​ជំងឺឆ្លង​កូ​វីដ១៩ គ្មាន​ថ្មាំ​ព្យាបាល​ទេ។

នៅ​លើ​ពិភពលោក មាន​ប្រទេស និង​ដែនដី​ចំនួន 216 ហើយ ដែល​មាន​អ្នក​ឆ្លង​ជំងឺ​នេះ បណ្តាល​ឱ្យ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩កើនឡើង​ជាង 7លាន​នាក់ និង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​កើនឡើង​ជាង៤សែន​នាក់។

លោក ហ៊ុន សែន នៅតែ​លើកឡើង​ដដែល​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ សូម​ជនរួមជាតិ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជិល​ឬទឹក​អាល់កុល ហើយ​ពាក់​ម៉ាស​ការពារ​ដោយ​មិន​ត្រូវ​ខ្មាស់​អៀន ឬស្មាន​ៗ ដោយ​គិតថា​មិន​មាន​អ្វី​ឆ្លង​ទេ និង​មិន​ត្រូវ​គិតថា​កម្ពុជា​សីតុណ្ហភាព​ក្តៅ​ខ្លាំង​អាច​សម្លាប់​មេរោគ​កូ​វី​ដនោះ​ឡើយ ។ លោក​ថា ការ​គិត​បែបនេះ​មិន​ត្រឹមត្រូវ​ទេ គឺ​កំពុង​ប្រថុយខ្លួន​នឹង​ជំងឺឆ្លង​រាតត្បាត​នេះ​តែម្តង។

ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃទី១០ ខែមិថុនា​នេះ កម្ពុជា​រក​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប ១២៦នាក់ ដោយ​ព្យាបាល​ជាសះស្បើយ​ចំនួន១២៥នាក់ ហើយ​នៅសល់​ម្នាក់ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស