27 C
Phnom Penh

មនុស្ស៤នាក់​ស្លាប់ និង៧នាក់​កំពុង​សង្គ្រោះ​បន្ទាន់ នៅ​ខេត្ត​បន្ទាយមានជ័យ ដោយ​សង្ស័យ​ពុល​ស្រាថ្នាំ​ចិនសែ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន៤នាក់ ស្លាប់​ជាបន្តបន្ទាប់ និង៧នាក់​ផ្សេងទៀត​នៅ​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោង​ប៉ែត ខេត្ត​បន្ទាយមានជ័យ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយ​ករណី​សង្ស័យ​ពុល​ស្រាថ្នាំ​ចិនសែ។

គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃនេះ បានឱ្យ​ដឹង​ថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​យប់​ថ្ងៃទី៨ ចូល​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅ​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​ពលរដ្ឋ​ទាំងនោះ​បាន​ពិសារ​កស្រា​ចិនសែ ដែល​មាន​បិទ​យីហោ​លើ​ដប​ឈ្មោះ តាំង​គួយ ។ប្រភព​ដដែល​ឱ្យ​ដឹង​ថាម​រយៈ តាម​របាយការណ៍​របស់​សមត្ថកិច្ច​និង​អាជ្ញាធរ​នៅ​ថ្ងៃទី១០ ខែមិថុនា​នេះ​ថា នៅ​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី៩ ខែមិថុនា ក្រោយ​ពលរដ្ឋ​ទាំងនោះ​ផឹកស្រា​ចិនសែ​នោះ បណ្តាល​ឱ្យ​ពលរដ្ឋ​ចំនួន៣នាក់​ស្លាប់ និង​សង្គ្រោះ​បន្ទាន់​ចំនួន៣នាក់​នៅ​ស្រុក​ម៉ាឡៃ ។

ចំណែក​នៅ​ក្រុង​ប៉ោយប៉ែត មាន​ពលរដ្ឋ​ម្នាក់ទៀត​បាន​ស្លាប់​តាមផ្លូវ ខណៈ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ និង​មាន​ពលរដ្ឋ​ចំនួន៤នាក់​ទៀត កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។អគ្គស្នងការ​នគរបាល​ជាតិ​បន្ថែម​ថា តាម​ការ​បំភ្លឺ​បឋម​ពី​ជនរងគ្រោះ​បាន​ឲ្យដឹង​ថា​នៅ​ថ្ងៃទី៨ មិថុនា ក្រោយពី​សំរាក​ពី​ការងារ​សាងសង់​សំណង់ ពលរដ្ឋ៥នាក់ បាន​ទៅ​ទិញ​ស្រាថ្នាំ​ពី​យីហោ តាំង​គួយ ចំនួន១យួរ​តំលៃ ១ម៉ឺន ២ពាន់ រៀល យក​មក​ពិសារ​រហូត​អស់ ដោយមាន​ម្ហូប​ក្លែម ដូចជា​សាច់​ឆ្កែ ផ្អកត្រីប្រៃ និង​បុកល្ហុង​លាយ​ក្តាម​ជាដើម។

លុះដល់​ថ្ងៃទី៩ ខែមិថុនា ពលរដ្ឋ​ទាំងនោះ​ក៏​ចាប់ផ្តើម​មាន​អាការៈ​មិន​ស្រួល​ក្នុង​ខ្លួន ងងុយដេក ដោយ​សង្ស័យ​ថា​ពុល​ស្រា​ចិនសែ​នោះ។ក្រោយ​ហេតុការណ៍​នេះ អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ស្រាវ​ជ្រា​រក​មូលហេតុ​នៃ​ការ​ពុល​នេះ​ឱ្យ​បាន​ច្បាស់លាស់ ប៉ុន្តែ​នៅ​មិនទាន់​ដឹង​លទ្ធផល​ប្រាកដ​នៅឡើយ​ទេ។

យ៉ាងនេះ​ក្តី កន្លងមក​ករណី​ពុល​ស្រា ពុល​នំបុ័ង​សាច់ ពុល​ជ្រក់ស្ពៃ ពុល​ត្រសក់ជ្រក់ ពុល​នំបញ្ចុក ពុល​ត្រី​ក្រពត ជាដើម តែង​កើតមានឡើង​ជា​រឿយ​ៗ ប៉ុន្តែ​មកទល់​ពេលនេះ​រដ្ឋាភិបាល​នៅ​មិនទាន់​មាន​វិធានការ​ជាក់លាក់​ដើម្បី​បញ្ចៀស​ហានិភ័យ​ទាំងនោះ​នៅឡើយ​ទេ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស