35 C
Phnom Penh

អគ្គនាយកដ្ឋាន គយថា នឹងដេញថ្លៃលក់រថយន្ត និងទំនិញគេចពន្ធ ដែលម្ចាស់មិនចូលខ្លួនដោះស្រាយ។

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសថា រថយន្ត និងទំនិញគេចពន្ធ ដែលស្ថាប័នរបស់ខ្លួនបានរឹបអូស នៅតាមបណ្តារាជធានី-ខេត្តនានា ទូទាំងប្រទេសនាពេលកន្លងមក នឹងត្រូវដាក់ឲ្យដេញ                   ថ្លៃលក់ ប្រសិនបើម្ចាស់មិនព្រមចូលខ្លួនដោះស្រាយ ស្របតាមច្បាប់គយនោះទេ។

ចំពោះករណីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទុករយៈពេល ៦០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០តទៅ ដើម្បីឱ្យម្ចាស់រថយន្ត និងទំនិញគេចពន្ធទាំងអស់នោះ ចូលខ្លួនទៅដោះស្រាយ។

ចំណែកនៅខេត្តព្រះសីហនុឯណោះវិញ មានសេចក្តីរាយការណ៍មកថា មានរថយន្តរាប់រយគ្រឿង និងទំនិញគេចពន្ធជាច្រើនប្រភេទទៀត ត្រូវបានសមត្ថកិច្ចគយ និងរដ្ឋាករ ចុះចាប់នាំយកទៅរក្សាទុក ដើម្បីរង់ចាំ ម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់គយ។

លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ក៏ដូចជា លោក កែវ អង្កាម ប្រធានគយចល័តតំបន់៣  បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នៅខេត្តព្រះសីហនុ មានរថយន្តទំនើបៗជិត ៣០០គ្រឿង និងទំនិញអត់បង់ព័ន្ធជាច្រើនប្រភេទទៀត។

លោក បន្តថាសមត្ថកិច្ចនឹងរង់ចាំអនុវត្តតាមបទបញ្ជាថ្នាក់លើឲ្យមានប្រសិទ្ធភាព ទាក់ទិនការងារដាក់ដេញថ្លៃរថយន្តទំនើបអត់ពន្ធ និងទំនិញល្មើសផ្សេងទៀត ដើម្បីប្រមូលចំណូលចូលថវិកាជាតិ។ ជាងនេះទៅទៀត លោកអំពាវនាវដល់ម្ចាស់រថយន្តទំនើបៗ និងម្ចាស់ទំនិញ ដែលគ្មានឯកសារពន្ធគយ ឬបង់ពន្ធនាំចូលទាំងអស់ ត្រូវចូលខ្លួនមកដោះស្រាយ ឱ្យបានទាន់ពេលវេលាកំណត់។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ ថ្លែងថា រហូតមកទល់ពេលនេះ គេឃើញមានភាពមិនប្រក្រតីជាច្រើន រវាងម្ចាស់រថយន្តដែលអត់បង់ពន្ធ និងម្ចាស់ទំនិញមិនបង់ពន្ធ ជាមួយមន្ត្រីស្ថាប័នសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដែលដឹកនាំដោយ លោក ទុំ ណូ។ 

ពួកគេនិយាយថា រាល់សកម្មភាពដឹកនាំរបស់ លោក ទុំ ណូ និង លោក កែវ អង្កាម ប្រធានគយចល័តតំបន់៣ មានទីតាំងប្រចាំការតាមផ្លូវជាតិលេខ៤ បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ចាប់តាំងពីមន្ត្រីទាំងពីរ បានប្តូរមកទទួលភារកិច្ចដឹកនាំការងារនៅខេត្តព្រះសីហនុក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំណែក ម្ចាស់រថយន្ត និងម្ចាស់ទំនិញអត់បង់ពន្ធមួយចំនួនបានចោទ និងឱ្យរហស្សនាម លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ និងលោក កែវ អង្កាម ដែលជាប្រធានគយចល័តតំបន់៣ ថាជាមន្ត្រី មុខលុយ។ 

ពួកគេ បានចោទមន្ត្រីទាំងពីររូបនេះ ថាតែងបានបញ្ជាកូនចៅក្រោមឱវាទរបស់ខ្លួនចុះឆែកឆេរ ឬចាប់ជំរិតគៀបយកលុយពីម្ចាស់រថយន្ត និងទំនិញអត់បង់ពន្ធទាំងអស់ ដែលមិនព្រមបង់លុយពុករលួយ ឬលុយក្រោមតុ ឱ្យពួកគេគ្រប់ចំនួន ស្របតាមការទាមទេ នឹងត្រូវចាប់រឹបអូសយករថយន្ត និងទំនិញអត់បង់ពន្ធទាំងនោះទៅរក្សាទុក។ ប៉ុន្តែក្នុងករណីម្ចាស់ បានបង់លុយគ្រប់ចំនួនដល់ពួកគេ មន្ត្រីជំនាញខាងលើមិនចាប់យកទំនិញទាំងអស់នោះឡើយ។

ក្រុមអ្នកនាំចូលរថយន្ត ឬទំនិញអត់បង់ពន្ធមួយចំនួន នៅខេត្តព្រះសីហនុ បានស្នើដល់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះអង្កេតចំពោះសកម្មភាពអនុវត្តការងារ របស់ លោក ទុំ ណូ និង លោក កែវ អង្កាម ឱ្យបានឆាប់ ហើយបើរកឃើញកំហុសឆ្គងមែននោះ គឺត្រូវដាក់ពិន័យ ឬឈានទៅធ្វើការផ្លាស់ប្តូរតួនាទីមន្ត្រីដឹកនាំស្ថាប័នទាំងពីរនសក់នេះ ដើម្បីធ្វើជាគំរូ ទើបជាការល្អ។

យ៉ាងណាក៏ដោយចុះ សាព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទង លោក ទុំ ណូ និងលោក កែវ អង្កាម ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបានទេតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១០ ខែកក្កដានេះ។

យ៉ាងនេះក្តី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងថា ម្ចាស់រថយន្ត ឬទំនិញគេចពន្ធទាំងឡាយណា ដែលមន្ត្រីគយ ចាប់នាំយកមករក្សាទុកកន្លងមក គឺមានពេល៦០ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ខែ               កក្កដា ឆ្នាំ២០២០ សម្រាប់ចូលខ្លួន ទៅបំពេញនីតិវិធីបង់ប្រាក់ពន្ធ និងប្រាក់ពិន័យ ដើម្បីទទួលយករថយន្ត ឬទំនិញអត់បង់ព័ន្ធទាំងនោះ               ត្រឡប់ទៅផ្ទះវិញ។

ប៉ុន្តែក្នុងករណីម្ចាស់ មិនព្រមចូលខ្លួន ទៅបំពេញនីតិវិធីដោះស្រាយតាមពេលកំណត់ចុងក្រោយនេះទេ  គឺខាងអគ្គនាយកដ្ឋានគយ នឹងលក់រថយន្ត និងទំនិញអត់បង់ព័ន្ធទាំងនោះ តាមនីតិវិធី ដោយដាក់ដេញថ្លៃលក់ ឱ្យស្របតាមច្បាប់ព័ន្ធគយ ដែលកំពុងអនុវត្តរាល់ថ្ងៃនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស