29.3 C
Phnom Penh

បាតុកម្មរបស់និស្សិតថៃគាស់រំលើងឫសគល់ប្រព័ន្ធដឹកនាំផ្ដាច់ការ គឺសញ្ញានៃការងើបបះបោរប្រឆាំងរដ្ឋាភិបាលចម្រុះដែលងាយនឹងបែកបាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជាណាចក្រថៃ បច្ចប្បន្ន ប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត កាលពីខែមីនា ឆ្នាំ២០១៩ មានដល់ទៅ ១៩គណបក្ស។ ប៉ុន្តែនាយករដ្ឋមន្ត្រីរបស់រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយលោកប្រាយុទ្ធចាន់អូចា ដែលនរណាក៏ដឹងដែរថា បុរសរូបនេះ គឺជា ឧត្តមសេនីយ៍យោធា ដែលបានប្លន់អំណាច តាមរយៈរដ្ឋប្រហារ កាលពីខែឧសភាឆ្នាំ២០១៤ ទម្លាក់គណៈរដ្ឋមន្ត្រីរបស់គណបក្សភឿថៃដែលដឹកនាំដោយ អ្នកស្រីយីងឡាក់ស៊ីណាវ៉ាត្រា។

បច្ចប្បន្នគណបក្សភឿថៃ គឺជាគណបក្សប្រឆាំងដ៏ធំនៅក្នុងរដ្ឋសភា ដែលផុយស្រួយ។ ការចូលកាន់តំណែងជាថ្មីម្ដងទៀត របស់អតីតមេដឹកនាំរដ្ឋប្រហារប្រយុទ្ធចាន់អូចា បានមកពីរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ដែលក្រុមប្រឹក្សាយោធា តាក់តែងឡើង ដើម្បីពង្រឹងអំណាចរបស់លោកប្រាយុទ្ធតែប៉ុណ្ណោះ។

រដ្ឋធម្មនុញ្ញឆ្នាំ២០១៧នេះ ត្រូវបានក្រុមប្រឆាំងរិះគន់ថា ជាឧបករណ៍របស់ រដ្ឋាភិបាលលោកប្រយុទ្ធ ក្នុងការគាបសង្កត់ទៅសេរីភាពរបស់ក្រុមប្រឆាំង ដែលមើលទៅ គឺជាការពង្រឹងអំណាច សម្រាប់មេដឹកនាំផ្ដាច់ការទៅវិញ។

ដោយមើលឃើញដូច្នេះ ក្រុមយុវជនដែលភាគច្រើន ជានិស្សិត រាប់ពាន់នាក់បានប្រមូលផ្ដុំគ្នា នៅមុខវិមានប្រជាធិបតេយ្យដោយអំពាវនាវឱ្យលោកប្រាយុទ្ធ ជម្រុញឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញឡើងវិញ ហើយរំលាយសភាចោល។

កាសែតថៃ The Nation បានចុះផ្សាយថា ក្រុមសហភាពនិស្សិតដែលមានឈ្មោះជាភាសាថៃថា Yaowas-hon Plod Ak ឬ Free Youth” បាននាំគ្នាដើរតាមដងផ្លូវនានាកាលពីក្បាលព្រលប់នៅថ្ងៃសៅរ៍ទី១៨កក្កដាដោយបង្ហាញអំពីការប្រឆាំងរបស់ពួកគេនូវអ្វីដែលពួកគេយល់ឃើញថាមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមប្រជាធិបតេយ្យព្រោះតែការដឹកនាំរបស់លោកប្រាយុទ្ធ ជាឫសគល់នៃការដឹកនាំបែបផ្ដាច់ការ។

ក្រុមនិសិ្សតបានទាមទារអោយស្ដារឡើងវិញនូវប្រជាធិបតេយ្យហើយ ត្រូវរំលាយសភា ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបញ្ចប់ការគាបសង្កត់សង្គមស៊ីវិល និងបក្សប្រឆាំង។ ពួកគេនិយាយថា រដ្ឋធម្មនុញ្ញបច្ចុប្បន្ន តាក់តែងឡើងដើម្បីបញ្ចូលនូវប្រព័ន្ធដឹកនាំតាមបែបផ្ដាច់ការក្រោមលេសប្រជាធិបតេយ្យតែប៉ុណ្ណោះ។

ចលនានិស្សិតទាំងអស់នោះបានប្រកាសប្រឆាំងការដែលរដ្ឋាភិបាលគម្រាមកំហែងពលរដ្ឋខ្លួនឯងដែល សម្ដែងមតិជំទាស់ តាមប្រព័ន្ធសង្គម និងការបង្ហាញជាសាធារណៈ ។

ក្រុមនិសិ្សតបានធ្វើការកត់សំគាល់ថាតាំងពីការបោះឆ្នោតនៅចុងខែមិនា ឆ្នាំ២០១៩មក គឺក្ដីសង្ឃឹមដែលថាប្រទេសថៃនឹងមានប្រជាធិបតេយ្យរីកចម្រើន មានសេរីភាពនៃការរបញ្ចេញទស្សនៈ ការជួបជុំគឺពុំឃើញមានការប្រសើរឡើយ។

ក្រុមយុវជនឈានមុខគេ ដើម្បីប្រជាធិបតេយ្យក៏បានអំពាវនាវឱ្យសភាកំណត់ច្បាប់ណាដែលបំពានដល់សេរីភាពបញ្ចេញមតិនិងការជួបជុំដែលមានចែងតាមលំអានរដ្ឋធម្មនុញ្ញ គឺត្រូវកែប្រែឡើងវិញ។ នៅពេលដែលទីក្រុងបានកក រងការរំជើបរំជួលជាលើកដំបូងនៃការធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលរបស់អតីតមេរដ្ឋប្រហារ ប្រាយុទ្ធចាន់អូចា អំឡុងពេល បិទប្រទេសដោយសារការរាតត្បាតនៃជំងឺកូវិ-១៩ គឺនៅបណ្ដាខេត្តច្រើនទៀតក៏បានផ្ទុះបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលចម្រុះនេះដែរ មានដូចជានៅខេត្ត Chiang Mai និង ខេត្ត Ubon Ratchathani ជាដើម។ ក្រុមបាតុកម្មបានទាមទារ អោយរដ្ឋាភិបាលអនុវត្តន៍អោយបាន ប្រព័ន្ធប្រជាធិបតេយ្យពេញលេញ ហើយបើពុំនោះទេ ត្រូវតែរំលាយរដ្ឋសភាហើយបោះឆ្នោតឡើងវិញ។

ឆ្លើយតបនឹងសម្រែកតវ៉ារបស់បាតុករ អ្នកនាំពាក្យស្នងការនគរបាលជាតិថៃលោក Kritsana Pattanacharoen ថាការបញ្ចេញមតិនយោបាយពិតណាស់អាចធ្វើទៅបានប៉ុន្ដែត្រូវតែធ្វើទៅតាមច្បាប់មិនបំពានសិទ្ធិអ្នកដទៃ។

អ្នកនាំពាក្យរូបនោះបានព្រមានអំពីផែនការនៃការជួបជុំថាត្រូវតែគោរពនូវវិធានច្បាប់និងវិធានប្រុងប្រយ័ត្ននៃការរាលដាលជំងឺកូវីដ១៩ផងដែរ។

តែយ៉ាងណា ក្រុមបាតុករនៅក្រុងបាងកកដែលភាគច្រើនជានិស្សិតថៃបានប្រឈមនឹងក្រុមប៉ូលិសការពារសណ្ដាប់ធ្នាប់ និងអាជ្ញាធរប្រដាប់អាវុធ។ ក្រិត្យស្ដីពីការដាក់ប្រទេសក្នុងភាពអាសន្នសុខាភិបាលត្រូវបានដកក៏ពិតមែនប៉ុន្តែបម្រាមអំពីការជួបជុំនៅតែមានជាធរមាននៅឡើយ។

ក្រុមនិស្សិតដែលបង្កើតបានជាកម្លាំងបាតុកម្មលើកដំបូងនេះ ត្រូវបានរកឃើញថា គឺជាសមាជិកយុវជនរបស់បក្សប្រជាធិបតេយ្យជឿនលឿនដែលពីមុនបក្សនេះ គឺបក្សអនាគត។ បក្សប្រឆាំងធំទី២នេះត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំទៅមិញ។ 

គណបក្សនេះធ្លាប់បានធ្វើការប្រឆាំងចំពោះអំពើអយុត្តិធមដែលកើតមានលើបក្សនេះ ។

បញ្ហានយោបាយនៅថៃបានឡើងកម្ដៅសារជាថ្មីក្រោយពីសកម្មជននយោបាយថៃម្នាក់គឺលោក វ៉ាន់ឆាលឺម សាត់ស័ក្តិសិទ្ធ អាយុ៣៧ឆ្នាំ ត្រូវបានចាប់ពង្រត់ចូលចូលរថយន្ដ មួយកាលពីថ្ងៃទី០៤មិថុនានៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា។ បុរសរូបនោះត្រូវគេស្គាល់ថាជាសកម្មជនប្រជាធិបតេយ្យមួយរូប ដែលហ៊ានរិះគន់វាយប្រហារដោយចំៗទៅលើរដ្ឋាភិបាលថៃដឹកនាំដោយលោកនាយករដ្ឋមន្ដ្រី ប្រាយុទ្ធ ចាន់អូចា។

លោកប្រាយុទ្ធចាន់អ៊ូចាបានឆក់កាន់អំណាចនៅពេលធ្វើរដ្ឋប្រហាររដ្ឋាភិបាលលនៅឆ្នាំ២០១៤ ហើយ ៥ឆ្នាំក្រោយមកលោកបានជាប់ឆ្នោតជានាយករដ្ឋមន្រ្ដី បើទោះបីជាបរិយាការបោះឆ្នោតត្រូវបានរិះគន់ថាមានភាពសេរីប៉ុន្ដែមិនយុត្តិធម៌ឡើយ។ ក្រោមការដឹកនាំរបស់អតីតមេរដ្ឋប្រហាររូបនេះ ត្រូវបានគេមើលឃើញថាមានភាពជាមេដឹកនាំបែប យោធានិយម។ 

លោកប្រាយុទ្ធបានដឹកនាំគណបក្សបាល្ល័ង្ក ប្រាចារ៉ាត់ ចូលរួមការបោះឆ្នោត សភាកាលពីថ្ងៃទី២៤មីនា ដោយបានដណ្ដើមសន្លឹកឆ្នោតបានលំដាប់ទី២ បន្ទាប់ពីគណបក្ស ភឿថៃ។

លោកបានឡើងធ្វើជានាយករដ្ឋមន្ត្រី ដោយមានបក្សនយោបាយចំនួន១៩គណបក្សដែលគេហៅថា រដ្ឋាភិបាលចម្រុះ។ លោកត្រូវបានសមាជិកព្រឹទ្ធសភាមកពីក្រុមប្រឹក្សាយោធា ២៥០នាក់ និងសមាជិកសភា ថ្មីនៃក្រុមរបស់លោក បោះឆ្នោតគាំទ្រលោកជានាយករដ្ឋមន្ត្រី។

ប៉ុន្តែសម្រាប់អាណត្តិនេះ រដ្ឋសភាថៃមាន៥០០រូប គឺជាងពាក់កណ្ដាល មកពីប៉ូលនយោបាយក្រុមប្រឆាំងនៃក្រុមរណសិរ្សប្រជាធិបតេយ្យដែលជា ក្រុមសំឡេងភាគច្រើន ក្នុងរដ្ឋសភា។ អ្នកសង្កេតការណ៍ព្រមានថា ក្រុមប្រឆាំងដ៏ធំនេះអាចរាំងខុ្ទប់ដំណើរការរដ្ឋសភា បើក្រុមនេះ ធ្វើពហិការបង្ខំអោយបិទទ្វាររដ្ឋសភា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស