សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងអតីតអគ្គនាយកសារព័ត៌មានអនឡាញ ធីវីហ្វេសប៊ុក (TVFB) ជាបណ្តោះអាសន្ន។
ការសម្រេចនេះ ធ្វើឡើងនៅក្នុងពេលបើកសវនាការលើសំណុំរឿងរបស់លោក សុវណ្ណ រិទ្ធី នៅថ្ងៃទី៥ខែតុលានេះ ដោយតុលាការបានសម្រេចផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ តែតម្រូវឲ្យអនុវត្តទោសក្នុងពន្ធនាគារត្រឹម៥ខែ ២៨ថ្ងៃប៉ុណ្ណោះ គឺជាពេលដែលលោកបានជាប់ឃុំកន្លងមក ហើយទោសនៅសល់ទាំងប៉ុន្មាន ត្រូវព្យួរទាំងអស់។
បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មាន រយៈពេល៥ខែ ២៨ថ្ងៃហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃច័ន្ទនេះលោកត្រូវបានតុលាការសម្រេចផ្តល់សេរីភាពឡើងវិញ។
លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ នៅ រាជធានីភ្នំពេញ បន្ទាប់ពីលោកបានផ្សព្វផ្សាយនូវសម្រង់សម្តីផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានប្រកាសប្រាប់ពលរដ្ឋរត់ម៉ូតូឌុបដែលក្ស័យធន់ ឱ្យលក់ម៉ូតូរបស់ខ្លួនសម្រាប់ចាយវាយក្នុងពេលវិបត្តិកូវីដ១៩ ព្រោះថារដ្ឋាភិបាលគ្មានលទ្ធភាពជួយពួកគេនោះឡើយ។
អតីតអ្នកសារព័ត៌មានអនឡាញរូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់អោយមាន ចលាចលក្នុងសង្គម ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់អះអាងថា លោកជាអ្នកបញ្ជាឱ្យចាប់ខ្លួនលោក សុវណ្ណ រិទ្ធី យកទៅដាក់គុក ព្រោះយកខ្លឹមសារដែលលោកបាននិយាយតែមួយជ្រុងទៅផ្សព្វផ្សាយ ខុសពីការពិត ធ្វើឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាលលោក។
ក្រោយពេលលោក សុវណ្ណ រិទ្ធី ត្រូវបានចាប់និងឃុំខ្លួន ក្រសួងព័ត៌មានវិញ ក៏បានចេញសេចក្តីប្រកាសសម្រេចលុបចោលអាជ្ញាប័ណ្ណសារព័ត៌មាន TVFB របស់លោកតែម្តង ព្រោះក្រសួងថាបានប្រព្រឹត្តខុសវិជ្ជាជីវៈ ដែលមិនអាចអត់អោនឱ្យបាន៕