31 C
Phnom Penh

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានប្រាប់ទៅអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋឱ្យបង្កើនការដាំដើមឈើ ខណៈរដ្ឋាបរាជ័យក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញទៅអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ បង្កើនការដាំដើមឈើនៅតាមទីសាធារណៈឱ្យបានច្រើនបន្ថែមទៀត។

ថ្លែងក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងបរិវេណសាលាខេត្តព្រះវិហាររដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបន្តលើកទឹកចិត្តអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យបង្កើនការចូលរួមដាំដើមឈើនៅតាមទីសាធារណៈ ដូចជាសាលារៀន វត្ត អារាមនិងនៅតាមក្រសួង មន្ទីរអង្គភាពនានាដើម្បីបង្កើនភាពបៃតង។

លោកបន្តថា ការចូលរួមការពារ បរិស្ថាន និងធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី បង្កើនគុណភាពខ្យល់ ថែរក្សាគុណភាពដី និងការពារប្រភពទឹកក្រោមដីសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត បន្ថែមពីលើព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិដែលកម្ពុជាមានស្រាប់ និងបានកំពុងការពារនិងអភិរក្ស។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះបន្តថា ព្រៃឈើដើរតួនាទីសំខាន់ក្នុងការការ ពារប្រព័ន្ធអេកូឡូស៊ីដែលយើងចាំបាច់ត្រូវដាំបន្ថែមពីលើឈើធម្មជាតិ។

លោកនេត្រ ភក្ត្រា លើកឡើងទៀតថា នៅពេលតាមទីប្រជុំជន និងភូមិដ្ឋានប្រជាពលរដ្ឋមានភាពបៃតង នោះនឹងចូលរួមយ៉ាងសំខាន់ក្នុងការធ្វើឱ្យខ្យល់បរិសុទ្ធ រក្សាគុណភាពដី និងប្រភពទឹក ក្រោមដី និងជាផ្នែកមួយនៃការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

បន្ថែមពីនេះលោកលើក ទឹកចិត្តបងប្អូនប្រជាពលរដ្ឋគ្រប់គ្រងនិងទុកដាក់សំណល់ដែលបង្កើតឡើងឱ្យបានត្រឹមត្រូវទាំងសំណល់ដែលកើតចេញពីការប្រើប្រាស់រាល់ថ្ងៃ និងសំណល់នៅក្នុងបរិស្ថាន ដោយធ្វើការញែកសំរាមឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ។

លោកថា ទាំងការបង្កើនភាពបៃតងនៅក្នុងសហគមន៍ដោយការដាំដើមឈើ និងការសម្អាតអនាម័យបរិស្ថានជាប្រចាំនោះនឹងធ្វើឱ្យភូមិដ្ឋាន សហគមន៍និងទីក្រុង របស់យើងមានបរិស្ថានល្អស្អាត មានអនាម័យ និងផ្តល់នូវផាសុកភាពដល់ការរស់នៅ។

ជាងនេះទៀត និងធ្វើឱ្យសហគមន៍ របស់យើងមានសុខភាពល្អ ដែលស្របនឹងពាក្យស្លោកនៃការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ គឺ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»។

យ៉ាងណាក៏ដោយចុះ សកម្មជនការពារព្រៃឈើនិងបរិស្ថាន ធ្លាប់លើកឡើងថា ការជំរុញឱ្យដាំដើមឈើឡើងវិញតែម្យ៉ាង នឹងមិនមានប្រសិទ្ធភាពដែលធ្វើឱ្យបរិស្ថានកម្ពជាប្រែជាទៅពណ៌បៃតងស្រងាត់ឡើយ ប្រសិនបើរដ្ឋាភិបាលនៅតែបរាជ័យក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដូចបច្ចុប្បន្ននេះ។

បច្ចុប្បន្នតំបន់ព្រៃអភិរក្ស និងព្រៃការពារធម្មជាតិជាច្រើនកន្លែង ពិសេសតំបន់ជម្រកសត្វព្រៃព្រៃឡង់ បន្តបាត់បង់ឥតឈប់ឈរ ពិសេសចាប់តាំងពីអាជ្ញាធរធ្វើទុក្ខបុកម្នេញ និងរារាំងមិនឱ្យប្រជាសហគមន៍ អង្គការសង្គមស៊ីវិល អាចចូលល្បាតក្នុងព្រៃដូចពេលមុន ដោយបញ្ហានេះសហគមន៍ថាជាការបើកដៃឱ្យក្រុមជនល្មើសកាប់បំផ្លាញព្រៃឈើតំបន់ព្រៃការពារមួយនេះដោយរលូនតែម្តង៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស