30 C
Phnom Penh

រដ្ឋអំណាចលោកហ៊ុន សែន បន្តពុះជ្រៀកបឹងតាមោកបន្ថែមទៀតទៅឱ្យឯកជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលលោកហ៊ុន សែន បន្តពុះហែកផ្ទៃបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលជាបឹងធម្មជាតិសេសសល់ចុងក្រោយ ទំហំជាង៧ ហិកតារបន្ថែមទៀតឱ្យទៅពលរដ្ឋចំនួន២៣ គ្រួសារ ។

ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកាលពីខែសីហា ដែលទើបនឹងផ្សព្វផ្សាយថ្មីៗនេះ ឱ្យដឹងថា ផ្ទៃបឹងតាមោកទំហំជាង៧ម៉ឺន៤ពាន់ម៉ែត្រក្រឡា ឬស្មើនឹងជាង ៧ហិកតា ត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន សម្រេចកាត់ជូនពលរដ្ឋ២៣គ្រួសារ តំណាងដោយឈ្មោះ ភឹន ភី និងឈ្មោះ ស៊ុំ ផល ដែលជាម្ចាស់ដីដើម សម្រាប់គ្រប់គ្រងធ្វើជាកម្មសិទ្ធិ។

ក្នុងអនុក្រឹត្យដដែលនេះ មិនបានបញ្ជាក់ថា ឈ្មោះតំណាងឱ្យពលរដ្ឋជានរណាច្បាស់លាស់នោះទេ ឬហើយក៏មិនបានបញ្ជាក់ថាពួកគេជាពលរដ្ឋក្រីក្រនោះដែរ។

យ៉ាងណា ពលរដ្ឋដែលទទួលបានដីពីចំណែកផ្ទៃបឹងតាមោក កន្លងមកក៏មិនមែនជាអ្នកក្រីក្រ ឬពលរដ្ឋធម្មតានោះដែរ ពោលគឺជាអ្នកមានប្រាក់ និងមានអំណាចត្បិតការទទួលបានដីបឹងនេះធ្វើជាកម្មសិទ្ធិបាន ពួកគេត្រូវចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ដើម្បីចាក់ដីលុបផ្ទៃបឹង ដែលពលរដ្ឋធម្មតានឹងមិនមានលទ្ធភាពនោះឡើយ។

កាលពីខែកុម្ភៈឆ្នាំ២០១៦ រដ្ឋាភិបាលលោកហ៊ុន សែន ខ្លួនឯងជាអ្នកចេញអនុក្រឹក្យមួយដោយកំណត់ផ្ទៃបឹងតាមោកឬបឹងកប់ស្រូវនេះ ទំហំជាង៣ពាន់ហិកតា(៣២៣៩,៧) ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដាក់ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

យ៉ាងណាចាប់តាំងពីឆ្នាំ២០១៨មក ផ្ទៃបឹងតាមោកជិត១ពាន់ហិកតា ត្រូវបានរដ្ឋអំណាចលោក ហ៊ុន សែន សម្រេចកាត់ផ្តល់ទៅឱ្យឯកជន និងរដ្ឋ ក្រោមស្លាកអភិវឌ្ឍន៍ជាបន្តបន្ទាប់។ 

តារាចម្រៀងមួយរូប គឺ កញ្ញា មាស សុខសោភា ធ្លាប់បានស្នើប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ដោយផ្ទាល់ឱ្យរក្សាផ្ទៃបឹងតាមោក ដែលជាបឹងធម្មជាតិចុងក្រោយ សម្រាប់ក្មេងជំនាន់ក្រោយ ហើយបឹងនេះគឺមានសារសំខាន់ណាស់ក្នុងការស្តុកទឹក។ លើសពីនេះ កញ្ញា ចង់ឱ្យរក្សាបឹងនេះ សម្រាប់ធ្វើជាតំបន់ទេសចរណ៍ធម្មជាតិជាដើម។

ប៉ុន្តែក្រោយការស្នើសុំនេះ រដ្ឋាភិបាលបានបំផ្លាញទឹកចិត្តស្រលាញ់បឹងធម្មជាតិរបស់កញ្ញា ឥតឈប់ឈរ តាមរយៈការផ្តល់ផ្ទៃបឹងនេះទៅឱ្យស្ថាប័នរដ្ឋ និងឯកជន ឥតស្រាកស្រាន្តផងដែរ។

របាយការណ៍របស់សមាគមធាងត្នោត កាលពីខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រោមស្នាដៃដឹកនាំរបស់លោកហ៊ុន សែន ចាប់តាំងពីទសវត្សរ៍ទី៩០មក បឹង និងតំបន់ដីសើមធម្មជាតិនៅរាជធានីភ្នំពេញ ចំនួន២៦ ត្រូវបានលុបទាំងស្រុង និងលុបដោយផ្នែក។

ជាក់ស្តែងបឹងនិងតំបន់ដីសើមធម្មជាតិចំនួន១៦ ត្រូវបានលុបបាត់ស្រមោល ក្រោមស្លាកអភិវឌ្ឍន៍នាសម័យតេជោ ហើយបឹងចំនួន១០ទៀត កំពុងរងការវិនាសជាបណ្តើរៗ ក្រោមលេសអភិវឌ្ឍន៍ដូចគ្នានេះដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស