35 C
Phnom Penh

លោក ហ៊ុន សែន ថាការចុះចូលគណបក្សប្រជាជនកម្ពុជា មិនអាចដោះដូរទៅនឹងការរួចខ្លួនពីសំណុំរឿងនៅតុលាការបានឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាងថា ការស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួចផុតពីការចោទប្រកាន់តាមផ្លូវតុលាការគឺមិនអាចទៅរួចឡើយ។ 

បុរសខ្លាំងនៅកម្ពុជា ដែលក្រាញអំណាចជាង៣០ឆ្នាំ រូបនេះ ព្រមានថា រឿងក្តីក្តាំនៅតុលាការ មិនអាចយកមកដោះដូរជាមួយការចូលជាមួយគណបក្សប្រជាជនកម្ពុជាបាននោះទេ។ លោកថា  មានមន្ត្រីគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន ក៏កំពុងជាប់ពន្ធនាគារផងដែរ។

លោកហ៊ុន សែន បង្ហើបថា កាលពីដើមឆ្នាំ២០២០នេះ នៅពេលដែលជួបអ្នកសារព័ត៌មាន គឺមានការស្នើសុំពីអ្នកសារព័ត៌មានដែលកំពុងជាប់ក្តីក្តាំនៅតុលាការ ដោយពួកគេបានស្នើសុំចុះចូលជាមួយបក្សកាន់អំណាច ជាថ្នូរនឹងការបញ្ចប់សំណុំរឿងរបស់ខ្លួននៅតុលាការ។

ប៉ុន្តែសំណើនេះ លោកថា មិនអាចទៅរួចឡើយ ព្រោះមេធាវីស្មគ្រចិត្តរបស់លោកជួយអ្នកសារព័ត៌មានដែលមានរឿងក្តី ដោយសារការបំពេញវិជ្ជាជីវៈ និងគោរពតាមក្រមសីលធម៌តែប៉ុណ្ណោះ ព្រោះមានអ្នកសារព័តមានខ្លះមិនបានប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈទេ ហើយមេធាវីស្មគ្រចិត្តរបស់លោកក៏ត្រូវការពារចំពោះអ្នកសារព័ត៌មានណាដែលជេរប្រទេចអ្នកនោះដទៃនោះដែរ។

បុរសខ្លាំងនៅកម្ពុជារូបនេះ ក៏បានថ្លែងបញ្ជាក់ថា លោកគ្មានសិទ្ធិអំណាចបញ្ជាទៅតុលាការ ដើម្បីស្នើឱ្យពន្លឿនរឿងក្តីធំៗនោះដែរ ព្រោះជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ។

យ៉ាងណាក៏ដោយចុះ ស្ថាប័នតុលាការនៅកម្ពុជារងការរិះគន់ឥតឈប់ឈរថាជាឧបករណ៍នយោបាយរបស់បក្សកាន់អំណាច និងទទួលបានពិន្ទុទាបបំផុតក្នុងលោក នៅពេលវាយតម្លៃសន្ទទស្សនីតិរដ្ឋពីសំណាក់អង្គការគម្រោងយុត្តិធម៌ពិភពលោក ។

ជាក់ស្តែងកាលពីខែកុម្ភៈ ឆ្នាំ២០២០ អង្គការនេះ បានវាយតម្លៃថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា គឺអាក្រក់ជាងគេបំផុតក្នុងតំបន់ និងស្ទើរតែអាក្រក់ជាងគេក្នុងលោក ពោលគឺបានពិន្ទុល្អជាងប្រទេសវេណេហ៊្សុយអេឡា តែមួយប៉ុណ្ណោះ។

ត្បិតតែលោកហ៊ុន សែន ថាការចុះចូលបក្សកាន់អំណាចរបស់លោកមិនអាចបញ្ចប់រឿងក្តីនៅតុលាការក៏ដោយចុះ ប៉ុន្តែកន្លងមកមានអតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងមិនតិចឡើយ ដែលរដ្ឋអំណាចបានប្រើដៃតុលាការ បង្ខំឱ្យពួកគេចុះចូល ជាថ្នូរនឹងការទម្លាក់ចោលរឿងក្តីទាំងនោះ។

ជាងនេះទៀត ត្បិតតែលោកថាមិនអាចបញ្ជាឬបង្ខំឱ្យតុលាការពន្លឿរឿងក្តីធំៗ ក៏ដោយ ប៉ុន្តែប្រសាសន៍របស់បុរសខ្លាំងនៅកម្ពុជាកន្លងមកដែលជាការសម្មត់ថាមានទោសឬ គ្មានទោសនោះ  តែងត្រូវបានគេមើលឃើញថាតុលាការយកទៅប្រើភ្លាមៗតែម្តង ហើយចោទប្រកាន់ដូចទៅនឹងអ្វីដែលលោកហ៊ុន សែន ចង់បានផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស