29 C
Phnom Penh

សង្គមស៊ីវិលថា អំពើពុករលួយនៅតែជាឧបសគ្គចម្បងដល់ដំណើរការអភិវឌ្ឍ និងធ្វើឲ្យជាប់គាំងប្រយុត្តិធម៌នៅកម្ពុជា នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់អង្គការតម្លាភាពកម្ពុជា ព្រមានថា អំពើពុករលួយកំពុងសំងំចាក់ឬសយ៉ាងជ្រៅក្នុងស្ថាប័នសំខាន់ៗរបស់រដ្ឋាភិបាលកំពុងបន្តការយាយីដល់នីតិដ្ឋ គម្រាមកំហែងការទទួលបានយុត្តិធម៌របស់ពលរដ្ឋ និងជាឧបសគ្គដ៏ចម្បងក្នុងការធ្វើអាជីវកម្ម គ្រប់បែបយ៉ាង នៅក្នុងប្រទេសកម្ពុជា។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានអះអាងថា ការស្ទង់មតិដែលបានធ្វើឡើង ដើម្បីធ្វើការវាស់វែងអំពីស្ថានភាពអំពើពុករលួយក្នុងឆ្នាំ២០២០នេះ បង្ហាញថា ការយល់ឃើញរបស់សាធារណជនទាក់ទងទៅនឹងអំពើពុករលួយមានភាពប្រសើរឡើងបើធៀបទៅនឹងលទ្ធផល ក្នុងរបាយការណ៍កាលពីឆ្នាំ២០១៦។

យ៉ាងនេះក្តី លោកបញ្ជាក់ថា ការស្ទង់មតិចន្លោះពីខែមិថុនា ដល់ខែកក្កដា ក្នុងឆ្នាំ២០២០ នេះ បង្ហាញថា បទពិសោធន៍របស់ពលរដ្ឋដែលបានប្រើប្រាស់សេវាសាធារណៈរបស់រដ្ឋទាក់ទងទៅនឹងការសូកប៉ាន់  មន្ត្រីអាជ្ញាធរមូលដ្ឋាននៅមានកម្រឹតខ្ពស់នៅឡើយ។

ជាងនេះទៀត ការស្រាវជ្រាវនេះបានរកឃើញថា អំពើពុករលួយកំពុងរីកសាយភាយតាមបណ្តារស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា ជាច្រើន រួមមាន ស្ថាប័នតុលាការ ស្ថាប័នប៉ូលីស ការិយាល័យនាយករដ្ឋមន្ត្រី សមាជិកសភា មន្ត្រីរដ្ឋាភិបាលនៅថ្នាក់មូលដ្ឋាន និងស្ថាប័នដទៃផ្សេងជាច្រើនទៀត។

លោក អំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជាឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការស៊ីសំណូក សូកប៉ាន់ និងអំពើពុករលួយគ្រប់រូបភាពនៅក្នុងវិស័យសាធារណៈ  ដើម្បីពង្រឹងអំណាច និងលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដើម្បីធានាបានថា ពួកគេអាចរាយការណ៍អំពីអំពើពុករលួយដោយគ្មានការភ័យខ្លាច។

ការអះអាងនេះធ្វើឡើង កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២០ ដោយផ្អែកលើ របាយការណ៍ស្តីពីការវាស់វែងអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ឆ្នាំ២០២០ ដែលបានធ្វើការសិក្សាស្ទង់មតិជាមួយប្រជាពលរដ្ឋប្រមាណ ២ ម៉ឺននាក់នៅតាមបណ្តាប្រទេសចំនួន១៧ ចាប់ពី ខែមីនា ឆ្នាំ២០១៩ ដល់ខែកញ្ញា ឆ្នាំ២០២០ នេះ។

នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ដោយយោងរបាយការណ៍អន្តរជាតិស្តីពីការស្រាវជ្រាវអំពើពុករលួយ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលជាប់លេខខ្ពស់ជាងគេក្នុងការប្រព្រឹត្តអំពើពុករលួយក្នុងតំបន់អាស៊ី។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ អង្គការតម្លាភាពអន្តរជាតិ បានបញ្ចេញរបាយការណ៍ស្តីពីការវាស់វែងអំពី អំពើពុករលួយជា    សកល ដែលសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តស្ថិតិដោយស្ទង់មតិសាធារណៈជនដើម្បីឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់ប្រជាពលរដ្ឋនៅទូទាំងពិភពលោកទាក់ទងនឹងអំពើពុករលួយ នេះ។

ជាងនេះទៀត របាយការណ៍ដដែលនេះបាន អះអាងថា  ប្រជាពលរដ្ឋនៅតែប្រឈមនឹងអំពើពុករលួយនៅក្នុងការប្រើប្រាស់សេវាសាធារណៈមួយចំនួន ក្នុងរយៈពេល ១២ខែចុងក្រោយនេះ ក្នុងនោះប្រជាពលរដ្ឋអះអាងថា ពួកគេធ្លាប់បានសូកប៉ាន់មន្ត្រីអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារផ្សេងៗទៀត ជាដើម។

ប្រភពដដែល អះអាងថា អ្នកចូលរួមផ្តល់បទសម្ភាសន៍តាមទូរស័ព្ទចចំនួនប្រមាណ១០០០នាក់ ចាប់ពីខែមិថុនា ដល់ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញពីទស្សនៈ និងបទពិសោធន៍របស់ពួកគេ ថា ពួកគេពិតជាធ្លាប់បានទាក់ទងនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមកពិតប្រាកដមែន។

ក្រុមអង្គការសង្គមស៊ីវិលអះអាងថា ការកាត់បន្ថយអំពើពុករលួយនៅក្នុងវិស័យសាធារណៈ គឺជាការចាំបាច់បំផុតដើម្បីឱ្យកម្ពុជាអាចបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ វិស័យឯកជន និងរក្សា ស្ថេរភាពសេដ្ឋកិច្ច ព្រមទាំងការទទួលបានយុត្តិធម៌សង្គមយ៉ាងពេញលេញទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស