30 C
Phnom Penh

ក្រុងបាងកកបន្តរងការអង្រួនដោយបាតុករ២ក្រុមប្រឆាំងគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជធានីបាងកកមើលទៅពុំអាចរកសុខសន្តិភាពបានឡើយ រាជធានីរបស់រាជាណាចនេះរងការអង្រួនដោយបាតុករ ប្រឆាំងរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា គឺមានរយៈជិត៤ខែមកហើយ។

ឥឡូវនេះ បាតុកម្ម មិនត្រឹមតែធ្វើឡើងដោយក្រុមប្រឆាំងនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចានោះទេ គឺក្រុមគាំទ្ររបបរាជានិយម ដែលមានអត្តសញ្ញាណ ពាក់អាវលឿង ក៏បានធ្វើការប្រមូលផ្ដុំគ្នាផងដែរ។

កាសែតបាងកក ប៉ុស្តិ៍ បានចុះផ្សាយបន្តផ្ទាល់អំពីទិដ្ឋភាពនៃប្រមូលផ្ដុំគ្នា របស់ក្រុមប្រឆាំង រដ្ឋាភិបាល ដែលកំពុងប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៥វិច្ឆិកានេះ។ គោលបំណងរបស់ក្រុមនេះ គឺបង្ហាញពីការទាមទារអោយ មានការត្រូតពិនិត្យ ទ្រព្យសម្បត្តិរបស់ រាជវាំងដែលបាតុកររកឃើញថា មានទ្រព្យសម្បត្តិមហាសាសាល គួរត្រួតពិនិត្យ។

តែនៅពេលជាមួយគ្នានេះ ក្រុមគាំទ្ររបបរាជានិយមក៏បានប្រមូលផ្ដុំគ្នាដែរ។  គោលបំណងរបស់ក្រុមនេះ គឺប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រនិងញាតិវង្ស។

ដោយបារម្ភពីការប្រើហិង្សាវាយប្រតប់គ្នា រវាងក្រុមពីរនេះ ប្រភពរបស់កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយថាប៉ូលិសបានព្រមានថា បាតុករទាំង២ក្រុម ត្រូវរក្សាគម្លាតយ៉ាងតិចណាស់គឺ១៥០ម៉ែត្រ ពីការិយាល័យទ្រព្យសម្បត្តិព្រះមហាក្សត្រ។

តាមគំរោង គឺក្រុមបាតុករនិស្សិតដែលទាមទារកំណែទម្រង់ និងអ្នកគាំទ្ររបបរាជានិយម ត្រូវមកប្រមូលផ្ដុំគ្នា នៅខាងមុខការិយាល័យទ្រព្យសម្បត្តិព្រះមហាក្សត្រនៅពេលតែមួយគ្នា។ ប៉ុន្តែប៉ូលិសបានព្រមានថា បាតុករទាំង២ក្រុមត្រូវតែ ស្ថិតឆ្ងាយពីគ្នាយ៉ាងតិច១៥០ទៅ ២០០ម៉ែត្របើពុំនោះត្រូវរំសាយការប្រមូលផ្ដុំនេះភ្លាម។

មុនការប្រមូលផ្ដុំនេះ ក្រុមបាតុករវ័យក្មេងបាន បង្ហោះសាររបស់ខ្លួនក្នុងបណ្តាញសង្គម Twitter ដោយប្រកាសព័ត៌មានថា ការធ្វើបាតុកម្មនៅថ្ងៃនេះគឺដើម្បីទាមទារមកវិញនូវទ្រព្យសម្បត្តិដែលបាតុករចាត់ទុកថាគឺជាកម្មសិទ្ធិរបស់ប្រជាជនថៃហើយថាត្រូវស៊ើបអង្កេតនិងត្រួតពិនិត្យ។

តាមទីភ្នាក់សារព័ត៌មានReuters  មហាក្សត្រ មហាវិជ្ជរាឡុងកន មានទ្រព្យសម្បត្តិដែលមានតម្លៃពី៣០ ទៅ៤០ពាន់ លានដុល្លារអាមេរិក។ បន្ថែមលើសនេះទៀតរដ្ឋាភិបាលបានចេញចំណាយប្រាក់១ពាន់លានដុល្លារសម្រាប់រាល់ការចំណាយរបស់ព្រះមហាក្សត្រ។

ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានស្រែកថាគួរតែមានការសើរើឡើងវិញទាំងអស់ទ្រព្យសម្បត្តិរបស់រាជវាំង ហើយ កត់ត្រាទុកជាទ្រព្យសម្បត្តិជាតិថៃទាំងមូល។

ស្របពេលគ្នានេះ ក្រុមបាតុករគាំទ្រ មហាក្សត្រវិញ ដែលភាគច្រើន ជាមនុស្សចាស់ ហើយពាក់អាវលឿង បានបង្ហាញការប្រកាសមួយដែរថា ការធ្វើបាតុកម្មរបស់ខ្លួន ពីថ្ងៃទី២៥ និងទី២៦ ខែវិច្ឆិកា ដើម្បីប្រឆាំងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនិងប្រឆាំងរបបរាជានិយម។ ក្រុមនេះព្រមានថានឹងមិនអត់អោនដល់បាតុករប្រឆាំងរដ្ឋាភិបាលរូបណាដែលប្រមាថព្រះមហាក្សត្រ។ ចំពោះការប្រមាថព្រះហាក្សត្រថៃ គឺនឹងមានទោស ១៥ឆ្នាំ ។ នេះបើយោងតាមច្បាប់ថៃ។

តាមបណ្ដាញផ្សាយព័ត៌មានChannel News Asia  ប៉ូលិសថៃបានកោះហៅមេដឹកនាំបាតុកររបស់ក្រុមយុវជនវ័យក្មេងជាក្រុមបាតុករប្រឆាំងរដ្ឋាភិបាលចំនួន៧រូប អោយមកចូលខ្លួនករណីរងបទចោទប្រមាថព្រះចេស្ដាអង្គព្រះមហាក្សត្រ។ បើតាមប្រភពពីមន្ត្រីប៉ូលិសថៃម្នាក់និយាយថា មេដឹកនាំបាតុករទាំង ០៧រូបនេះ គឺមានពេលប្រាំថ្ងៃដើម្បីឆ្លើយតបទៅនឹងការកោះហៅ ឱ្យបង្ហាញខ្លួននៅចំពោះមុខប៉ូលិស ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយមួយចំនួន ដែលធ្វើឡើងអំឡុងបាតុកម្មតវ៉ា កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា។

ប្រសិនបើមានការចោទប្រកាន់ជាផ្លូវការ ពីបទប្រមាថដល់ព្រះចេស្ដាព្រះមហាក្សត្រមែន គឺមេដឹកនាំបាតុករទាំងនេះ អាចនឹងត្រូវប្រឈមមុខនឹងទោស ជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំ។ ការកោះហៅ មេដឹកនាំក្រុមបាតុករទាំងនេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមបាតុករប្រកាសថា ពួកគេនឹងធ្វើបាតុកម្មដ៏ធំមួយនៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកានេះ គឺជាការដាក់កំហិតអោយមានការគ្រប់គ្រង ទ្រព្យសម្បត្តិនៃក្រុមរាជវាំងហើយទាមទារឱ្យព្រះមហាក្សត្របោះបង់ចោលការគ្រប់គ្រងរាជសម្បត្តិផ្ទាល់ខ្លួនរបស់ព្រះអង្គដ៏មហាសាលនេះ។

ក្រុមចលនានិស្សិតរបស់ថៃ ក្រុមបាតុករវ័យក្មេងបានធ្វើការតវ៉ាអស់ជិត៤ខែមកហើយ។ គោលដៅរបស់ពួកគេគឺមាន៣ ធំៗ ទីមួយ លោក ប្រាយុទ្ធ ចាញ់អូចា ត្រូវចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ទីពីរការកែប្រែរដ្ឋធម្មនុញ្ញ ឲ្យដូចមុនឆ្នាំ២០១៩ និងទី៣ ទាមទារធ្វើកំណែទម្រង់រាជានិយម ដែលផ្តល់អំណាចជ្រុលពេក ដល់ព្រះមហាក្សត្រ។

លោក ប្រាយុទ្ធ ធ្លាប់ព្រមានថា  នឹងប្រើគ្រប់ច្បាប់ និងមាត្រាដើម្បីឆ្លើយបតទៅនឹងបាតុករដែលបំពានច្បាប់និងប្រមាថព្រះរាជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស