34 C
Phnom Penh

លោក កឹម សុខា ថា ត្រូវតែបង្រួបបង្រួមខ្មែរ ប្រសើរជាងចងពៀរខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដែលកំពុងរស់នៅក្នុងប្រទេសមិនទាន់ទទួលបានសេរីភាពពេញលេញនៅឡើយនោះ លើកឡើងថា ពលរដ្ឋខ្មែរ» គឺជាខ្មែរតែមួយ ត្រូវតែបង្រួបបង្រួមខ្មែរ ប្រសើរជាងចងពៀរខ្មែរ។

សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ លោក កឹម សុខា អះអាងថា ជនជាតិខ្មែរ ឬខ្មែរឥស្លាម ខ្មែរជនជាតិដើមភាគតិច ខ្មែរលើ ខ្មែរក្រោម យើងទាំងអស់គ្នាដែលមានឈ្មោះថា «ប្រជាពលរដ្ឋខ្មែរ»។ លោកបន្តថា ពលរដ្ឋខ្មែរ គឺខ្មែរតែមួយ ដូច្នេះត្រូវតែបង្រួបបង្រួមខ្មែរ ប្រសើរជាងចងពៀរខ្មែរ។

ការលើកឡើងនេះ បន្ទាប់ពីលោកធ្វើដំណើរពីខេត្តក្រចេះឆ្ពោះមកខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ ក៏ដូចជាជនជាតិដើមភាគតិចផងដែរ។

ភ្ជាប់មកជាមួយគ្នានេះដែរ លោកកឹម សុខា និងសហការី ក៏បានយកស្បៀងដូចជា អង្ករ មី ទឹកស៊ីអ៊ីវ និងសម្ភារមួយចំនួនទៀត រួមមានសាប៊ូដុំ និងម៉ាស់ ដែលជាជំនួយមនុស្សធម៌របស់សប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក មកចែកជូនដល់បងប្អូនខ្មែរ និងជនជាតិដើមភាគតិចកួយ  ដែលរងគ្រោះដោយទឹកជំនន់ និងខ្វះខាត នៅតំបន់ដាច់ស្រយ៉ាល ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ដំណាលគ្នានឹងការលើកឡើងរបស់មេបក្សប្រឆាំង នៅព្រឹកថ្ងៃទី ២៥ខែវិច្ឆិកាដដែលនោះ លោក ហ៊ុន សែន បានប្រកាសស្វាគមន៍ការបង្រួបបង្រួមអ្នកនយោបាយខ្មែរ ប៉ុន្តែប្រកាសប្រឆាំងដាច់ខាតនូវការបង្រួបបង្រួមដើម្បីតាមកម្ទេចត្រកូលហ៊ុន។

លោកបញ្ជាក់ថា បើបង្រួបបង្រួមដើម្បីបំផ្លាញត្រកូលហ៊ុន ទោះបីជាផែនដីត្រូវរលាយក៏លោកមិនអត់អោន និងត្រូវតស៊ូប្រឆាំងជាមួយក្រុមទាំងនោះវិញលុះដល់ដង្ហើមចុងក្រោយ។

ត្បិតតែលោកនាយករដ្ឋមន្ត្រីប្រកាសបង្រួបបង្រួមនយោបាយខ្មែរក៏ដោយ ប៉ុន្តែលោកអះអាងថា គ្មានការចរចារនយោបាយមុនដំណើរការក្តីនៅតុលាការត្រូវបានបញ្ចប់នោះឡើយ ពោលគឺដំណើរការច្បាប់នៅតែដដែល។ លោកថា នៅពេលនីតិវិធីតុលាការបញ្ចប់ ទើបការចរចារនយោបាយអាចកើតមានឡើង។ 

អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ស្របការលើកឡើងរបស់លោកហ៊ុន សែន ដោយថាការបង្រួបបង្រួមនយោបាយដើម្បីខ្មែរ មិនមែនដើម្បីកម្ចាត់ត្រកូលហ៊ុន នោះឡើយ។ ត្បិតតែមិនត្រូវតាមកម្ទេចត្រកូលហ៊ុន ប៉ុន្តែលោក គឹម សុខ ថា ត្រូវផ្លាស់ប្តូរអំណាចគ្រួសារហ៊ុន ដោយជៀសវាងមនោគមន៍វិជ្ជាសងសឹកគ្នា ព្រោះជាគន្លះនាំជាតិទៅកាន់សេចក្តីសុខចម្រើន ហើយគ្រួសារហ៊ុន ក៏ជួបសេចក្តីសុខ ផុតគ្រោះភ័យដូចគ្នាដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស