28.4 C
Phnom Penh

លោក ហ៊ុន សែន ថាការសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាងថា ការសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបនឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លា ក្រោយពេលវិបត្តិកូវីដ១៩ផុតរលត់ទៅ។

ថ្លែងក្នុងឱកាស បើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បញ្ជាក់ថា ក្រោយផ្លូវទាំង៣៨ខ្សែក្នុងក្រុងទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះធ្វើរួចរាល់ ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាម               រូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។

លោកបន្ថែមថា ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

បើតាមលោកហ៊ុន សែន ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ជាង១០៨គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។ 

លោកប្រកាសថា កម្ពុជាមានប៉ូលសេដ្ឋកិច្ច៣សំខាន់ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ ដែលទី១ គឺប៉ូលសេដ្ឋកិច្ចទីក្រុងភ្នំពេញ ទី២គឺប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ និងទី៣ គឺប៉ូលសេដ្ឋកិច្ច នៃខេត្តសៀមរាប។

យ៉ាងណា វិបត្តិសេដ្ឋកិច្ចកម្ពុជា ត្រូវបានគេមើលឃើញថាមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ ព្រោះកម្ពុជាបានជួបវិបត្តិជាបន្តបន្ទាប់  ដូចជាការប្រកាសអនុវត្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុប២០%កាលពីខែសីហា ជាផ្លូវការ។ បញ្ហាវិបត្តិកូវីដ១៩ ដែលញាំញីកម្ពុជា និងពិភពលោកអស់រយៈពេលប្រមាណ១ឆ្នាំមកនេះ។ លើសពីនេះ បញ្ហាគ្រោះទឹកជំនន់ធ្ងន់ធ្ងរកាលពីខែកន្លងទៅ ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋរាប់សែនគ្រួសារ និងបំផ្លាញផលដំណាំ និងហេដ្ឋរចនាសម្ព័ន្ធសង្គមជាច្រើនទៀត។

អ្នកឃ្លាំមើលធ្លាប់ផ្តល់អនុសាសន៍ថា ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ រដ្ឋាភិបាលគប្បីរៀបចំប្រព័ន្ធនយោបាយសង្គមឱ្យប្រសើរ ពោលគឺត្រូវវិលទៅរកគន្លងប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពិតប្រាកដ ដើម្បីទាក់ទាញជំនួយ ឬភាពអនុគ្រោះ និងកម្ចីពីបរទេសលោកសេរី សម្រាប់យកមកប្រើប្រាស់កសាងសេដ្ឋកិច្ចជាតិឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស