នៅពេលណាឮគេនិយាយថា ប្រទេសកម្ពុជា ជាប្រទេសមានការរំលោភសិទ្ធិមនុស្ស ការរឹត ត្បិតសេរីភាពមនុស្ស មានការរំលោភច្បាប់ប្រទេសខ្លួន មានអំពើអយុត្តិធម៌ អធម្មកម្មលើមនុស្ស ប្រទេសមានទុក្ខ មានភ័យ មានជម្ងឺក្នុងសង្គម ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត មានពលរដ្ឋខ្មែរមួយចំនួននៅទ្វីបអាមេរិកខាងជើង នៅអឺរ៉ុប និង នៅអូសេអានី (អូស្រ្តាលី នូវ៉ែលហ្សេឡង់ដ៍) ដែលស្ម័គ្រចិត្តគាំទ្រ បម្រើ ការពារ ស្មោះត្រង់ចំពោះក្រុមអ្នកដឹកនាំផ្តាច់ការក្រុងភ្នំ ពេញ ចេញមកជំទាស់ឥតបង្អង់ ឥតខ្មាស់អៀន ថាគេនិយាយបំផ្លើស គ្មានការពិត មិនយល់ស្ថានការណ៍ស្រុកខ្មែរ។ លើលោកនេះបើគ្មានតក្កវិញ្ញូខំសិក្សាស្រាវជ្រាវរកការពិតទេ ច្បាស់ ជាមនុស្សលោកគ្រប់រូបត្រងត្រាប់ ស្តាប់ ជឿស៊ប់គ្រប់ពាក្យពេចន៍ជនពាលផ្តាច់ការនិយាយទាំងស្រុងមិនខានឡើយ។
គេយកធនធានលួចប្លន់ ចាយដើម្បីអូស ទាញ ទិញ ជួលមនុស្សឲ្យ ឃោសនា ផ្សព្វផ្សាយ បង្វែរសាច់រឿង ចោទអ្នកនិយាយការពិតថា ដើរបំបែកបំបាក់សាមគ្គី បំផ្លាញសេចក្តីសុខអ្នកឯទៀត។ តាមពិត សេចក្តីសុខរបស់អ្នកដទៃឯទៀតនោះ គឺសេចក្តីសុខរបស់ពួកលួចជាតិនោះឯង ដែលចង់ឲ្យខ្មែរឯទៀត បិទមាត់ បិទភ្នែក បិទត្រចៀក ទុកឱកាសឲ្យពួកគេលួចជាតិតទៅទៀតតាមអំពើចិត្ត។ ធ្វើដូច្នេះ ទើបគេធានាសន្តិភាព ទើបអាចចរចាគ្នា សន្ទនាគ្នាសំរុះសំរួលនយោបាយ ផ្សះផ្សាជាតិបាន។ នេះ ប្រៀបដូចនឹងឲ្យ សីលវន្ត ឬ មនុស្សល្អ លុត
ជង្គង់សុំជ្រកកោននឹងជនអនាចារ ជាចោរ ជាឃាតកដូច្នោះដែរ។ តើធ្វើច្បាប់សម្រាប់អ្វី?
ទោះជាមានមនុស្សខំប្រឹងជួយទ្រទ្រង់គំនិតនិងអំពើអាក្រក់ទាំងឡាយ ច្នៃរឿងអាក្រក់ជាល្អ សជាខ្មៅ ខ្លៅជាប្រាជ្ញឲ្យមើលឃើញសមសួនយ៉ាងណាក៏ដោយ មនុស្សសិក្សា រៀនសូត្រ
នៅតែខំប្រឹងស្វែងរកការពិតឥតឈប់ឈរ ហើយរករឹតតែឃើញច្រើនឡើងៗ។ ទីបំផុត រឿងរ៉ាវទាំងអស់នឹងក្លាយដូចជាភាសិតខ្មែរបុរាណក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាតថា៖ ដំរីផុងព្រយុងដើមឈើ ដែលមាន សេចក្តីថា ធម្មតាមនុស្សពាល កាលបើមានដំណើរទាល់គំនិតភិតភ័យខ្លាំង រមែងតែបណ្តែតបណ្តោយហេតុឲ្យដាបដល់អ្នកដទៃផង ដូចជាដំរីផុងដូច្នោះឯង។
សប្តាហ៍មុន យើងបានផ្សាយអំពីកូន ក្មួយ និង មនុស្សស្និទ្ធស្នាលនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន អាងឈ្មោះអាងអំណាចមហាបុរសខ្លំាង រកស៊ីកើបទ្រព្យសម្បត្តិនៅស្រុកខ្មែរ រួចបញ្ជូនទៅលាក់ទុកនៅប្រទេសអូស្រ្តាលី តាមរយៈការទិញអចលនទ្រព្យ ហើយដាក់ឈ្មោះ
សមាជិកគ្រួសារ មាន ម្តាយ បងប្អូន និង សាច់ញាតិ។ អ្នកបានទទួលផលប្រយោជន៍ពីរបបបច្ចុប្បន្ន នៅក្រុង ម៉េលប៊ន (Melbourne) អាដឺឡែដ (Adelaide) ស៊ីដនី (Sydney) ឬ រាជធានី កង់ប៊ែរ៉ា (Canberra) ប្រទេសអូស្រ្តាលី នៅក្រុងឡងប៊ីច រដ្ឋកាលីហ្វ័នីញ៉ា ក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសិត្ស ស.រ.អា គេមិនត្រឹមតែជួយគាំពាររបបចងបណ្តុំពុករលួយ លួចភោគទ្រព្យ ជាតិប៉ុណ្ណោះទេ។
គេថែមទាំងរួមដៃធ្វើការងារនឹងសមាគមខ្មែរតាមតំបន់របស់គេជួយសំរួលកិច្ចការគ្នាគេខ្លះគេច បន្លំច្បាប់ ចាំឃ្លាំមើលសកម្មភាព វាយប្រហារ ព្រមទាំងគម្រាមខ្មែរអ្នកប្រជាធិបតេយ្យ គោរពច្បាប់ គោរពសិទ្ធិ សេរីភាពមនុស្ស ហើយប្រឆាំងនឹងអំពើពុករលួយ អយុត្តិធម៌នោះទៀតផង។ ពួកមនុស្សទាំងនោះ គេនាំគ្នាប្រកបដោយចេតនា ទាញព្រយុងប្រទេសកម្ពុជាឲ្យផុងក្នុងរណ្តៅជ្រៅរើខ្លួនមិនរួចតាមរបៀបក្តោបក្តាប់សេដ្ឋកិច្ចជាតិខ្មែរឲ្យនៅក្នុងកណ្តាប់ដៃមនុស្សមួយក្រុមតូច។
តើមានមនុស្សក្នុងត្រកូល ហ៊ុន ប៉ុន្មាននាក់ទៀត ដែលធ្វើអាជីវកម្ម បែបមិច្ឆាជីវៈ អាងឈ្មោះលោក ហ៊ុន សែន?
ខាងបងប្អូនលោក ហ៊ុន សែន លោក ហ៊ុន សាន អតីតមេប៉ូលិសចរាចរណ៍ មានកូនប្រុសឈ្មោះ ហ៊ុន ជា ជាក្មួយលោក ហ៊ុន សែន ធ្វើនាយប៉ូលិស មានក្រុមហ៊ុន ហ៊ុន ជា ដឹកជញ្ជូន (Hun Chea Transport Co.), ក្រុមហ៊ុន ស៊ីអេជអេសអិន ដឹកជញ្ជូន (CHSN Transportation Co.), ក្រុមហ៊ុន ស៊ីអេជអិលខេ ពាណិជ្ជ (CHLK Trading Co.), កម្ពុជា អេជស៊ី ពាណិជ្ជ (Cambodian HC Trading Co.), ក្រុមហ៊ុន ភីអេសហ្ស៊ី ពាណិជ្ជ (PSZ Trading Co.)។ លោក ហ៊ុន ណេង មានកូនស្រីពីរនាក់ទៀត ក្រៅពី ហ៊ុន គិមឡេង គឺ ហ៊ុន ចន្ធូ និង និង ហ៊ុន ចន្ថា ហើយនិង កូនប្រុសម្នាក់ទៀត ក្រៅពី ហ៊ុន តូ គឺ ហ៊ុន ស៊ាងហេង។ ហ៊ុន ចន្ធូ មានក្រុមហ៊ុន សាជីវកម្ម មរ
តកវិនិយោគទុន (Heritage Investment Corporation Co.)។ ហ៊ុន ចន្ថា ដែលបែកបាក់ពី ឌី វិជ្ជា ទៅរៀបការនឹង ហ៊ុន ម៉ាណា ជាជីដូនមួយ ដែលបែកបាក់ពី មឹង កុម្ភៈ កូនប្រុសលោកឧត្តមសេនីយ៍ មឹង សំផន ប្រធាន នាយកដ្ឋានព័ស្តុភារនៃក្រសួងការពារជាតិ ត្រូវបានគេដឹងថា មានលុយប្រមាណ ២៧លានដុល្លារ និង មានក្រុមហ៊ុនដូចតទៅនេះ៖
Fortress Group, ភ្នាក់ងារទេសចរណ៍ ហ្វ័ត្រេស (Fortress Travel Agency), ក្រុមហ៊ុន សំណង់ ហ្វ័ត្រេស (Fortress Construction Co.), ក្រុមហ៊ុន ហ្វ័ត្រេស វិនិយោគអន្តរជាតិ (Fortress Investment Company International), ក្រុមហ៊ុន (Advance Development Group-ADG), ក្រុមហ៊ុនSPK 1, SPK Group, SID Cambodian, Cambodian Top Investment (CTI), មាស ៩៩៩ ៩៩ (Gold 999 99), ក្រុមហ៊ុន ទេសចរណ៍កម្ពុជា, ក្រុមហ៊ុន កម្ពុជា សាខាអន្តរជាតិ (Cambodia International Franchise Co.)។
ហ៊ុន ស៊ាងហេង កូនប្រុសលោក ហ៊ុន ណេង ក្មួយលោក ហ៊ុន សែន រៀបការនឹង សុខ សុ ភ័គ កូនស្រីឧត្តមសេនីយ៍ សុខ ផល មេនាយកដ្ឋានអន្តោប្រវេសន៍ មានក្រុមហ៊ុនដូចទៅ៖
ក្រុមហ៊ុនចែកចាយនិងផ្តល់សេវាអេឡិកត្រូនិក អាយវ័ន (iOne Co.), ក្រុមហ៊ុនចែកចាយនិងផ្តល់សេវ៉ាទូរគមនាគមន៍ ស៊ិមតេស (CEMTES Cambodia PTE), ក្រុមហ៊ុន Mtesh Gadgets, ក្រុមហ៊ុន AFZ, ក្រុមហ៊ុន សេវាសន្តិសុខអេស៊ីយ៉ា (Security Services Asia)។ លៀង វួចឆេងភរិយាលោក ហ៊ុន ណេង មានក្រុមហ៊ុន៖
អិនអិលស៊ី អាហរ័ណ នីហរ័ណ (NLC Import Export), ក្រុមហ៊ុន ប៉ាស៊ីហ្វីកា វិនិយោគ (Pacifica Investment Co.) ចុះឈ្មោះក្នុងបញ្ជីនៅក្រសួង ពាណិជ្ជកម្ម ជា ក្រុមហ៊ុន ភីភីស៊ីហ្វ៊ីកា (Ppcifica Investment Co.)។ សេចក្តីរាយការណ៍របស់អង្គការ Global Witness ឆ្នាំ២០១៦ មិនបានរាយនាមអ្នកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីលោក ហ៊ុន សែន អតីតអគ្គកុងស៊ុលប្រចាំប្រទេសចិន ថាមានក្រុមហ៊ុន ឬ មានចំណែកក្នុងក្រុមហ៊ុនឈ្មោះអ្វីមួយនោះទេ។ ប៉ុន្តែ ប្អូនស្រីពៅរបស់លោក ហ៊ុន សែន អ្នកស្រី ហ៊ុន សេងនី មានក្រុមហ៊ុនជាច្រើនដូចតទៅនេះ៖
ក្រុមហ៊ុន ឌីជីអែហ្វ (D.G.F Cambodia Co.), ហ្គារូដា អាហរ័ណ នីហរ័ណ (Garuda Import Export/Garuda Group), ក្រុមហ៊ុន ផ្សាយពាណិជ្ជកម្ម ហត្ថទី (Hatti Marketing Co.), ក្រុមហ៊ុនHovercraft HiTec Cambodia Co.), ក្រុមហ៊ុន រ៉ែដែកកម្ពុជា (Metal Mining Cambodia Co.), ក្រុមហ៊ុន រ៉ែដែក កម្ពុជា (Metal Mining Cambodia PLC), ក្រុមហ៊ុន រ៉ុងដេ ហ្រ្គុប ( Rong De Group),ក្រុមហ៊ុន យូអិនធីលក់ដុំ (UNT Wholesale Co.), ក្រុមហ៊ុន អាត់វោឌ វិនិយោគហ្រ្គុប (Attwood
Investment Group) ក្រោយមកថាលក់ហ៊ុនទាំងអស់ឲ្យឈ្មោះលឹម ឈីវហូ, ក្រុមហ៊ុន អេសអិល ហ្គាម៉ិន (SL Garments), ក្រុមហ៊ុន HLH Agriculture, ក្រុមហ៊ុន Garuda Security Services។
មានត្រកូលដទៃទៀត ក្រៅពីត្រកូល ហ៊ុន ដែលចងសម្ព័ន្ធភាពគ្នាតាមរយៈការរៀបអាពាហ៍ ពិពាហ៍កូនចៅ ចងមិត្តភាពរវាងអ្នកមានប្រវត្តិតស៊ូដូចគ្នា បានផលប្រយោជន៍ទៅវិញទៅមករៀងៗខ្លួនតាមរូបភាពផ្សេងៗ ហើយការពារផលប្រយោជន៍របស់គេដោយឥតគិតអំពីប្រយោជន៍រួម ឬ ប្រយោជន៍ជាតិមាតុភូមិ។ នេះជារបៀបរក្សាអំណាច និង កុំឲ្យបែកទ្រព្យ។
អ្នកស្រី ទេព បុប្ផា ភរិយាលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និង សិប្បកម្ម មាន ក្រុមហ៊ុនឈ្មោះ អាត់វោដ អាហរ័ណ នីហរ័ណ ដែលធ្លាប់ល្បីខាងដឹកឈើចេញជាមួយអ្នកស្រី សេង គាង អតីតភរិយា ឌី ចូច ហៅ ហ៊ុន ចូច ជីដូនមួយនឹងលោក ហ៊ុន សែន ពីខេត្តកំពង់ធំ និង ល្បីខាងនាំចូលគ្រឿងសុរាថ្លៃៗពីបរទេសដាច់មុខ។ ជីដូនមួយលោក ហ៊ុន សែន ម្នាក់ទៀតឈ្មោះ ឌី ផេង ជាមេប៉េអឹមនៅខេត្តកំពង់ធំ។
កូនស្រី ចម ក្រឹស្នា ថារៀបការនឹងកូនប្រុសលោក សុខអាន ឈ្មោះ សុខ សុកាន្ត។ កូនប្រុស ចម និមល ជាទីប្រឹក្សាឲ្យប្រធានរដ្ឋសភា ហេង សំរិន។ កូនស្រីលោក ហេង សំរិន ហេង សំអាន រៀបការនឹង ប៉ែន កុសល ទីប្រឹក្សាឲ្យលោក ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ដែលជាប្អូនថ្លៃអតីតប្រធាន រដ្ឋសភា ជា ស៊ីម។
កូនស្រីលោក ស ខេង ស ស៊ីណា រៀបការនឹង ឈឺន កុសលវីរៈ កូនប្រុសលោក ម៉ា ឈឺន នាយកសាលាហ្វឹកហ្វឺនប៉ូលិស។ កូនប្រុសលោក ស ខេង ស សុខា រៀបការនឹង កែ ស៊ុនសោភី កូនស្រីឧត្តមសេនីយ៍ កែ គិមយ៉ាន។ លោក ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី មានកូនស្រីឈ្មោះ ជា ជុតិមា រៀបការនឹងកូនឧត្តមសេនីយ៍ មឹង សំផន ឈ្មោះ មឹង មករា ហើយកូនប្រុស ជា សោភាភក្សា រៀបការនឹង តាវ មីនា កូនស្រីអតីតរដ្ឋមន្រ្តី ក្រសួងកសិ កម្ម តាវ សេងហ៊ួ។
រឿងបាត់លុយជាចំណូលរដ្ឋ ឯកអគ្គរដ្ឋទូតស.រ.អា ប្រចាំកម្ពុជា អ្នកស្រី Carol Rodley ធ្លាប់និយាយនៅចុងខែឧសភា ឆ្នាំ២០០៩ថា អំពើពុករលួយបានបង្វែរធនធានចំណូលរដ្ឋ ទៅជា ធនធានផ្ទាល់ខ្លួនសម្រាប់ពួកមន្រ្តីមានអំណាចចែកគ្នា យ៉ាងតិច៥០០លានដុល្លារមួយឆ្នាំៗ។
រឿងពុករលួយគ្រប់រូបភាព មានការលួចពន្ធ គេចពន្ធ ស៊ីសំណូក សរសេរវិក្កយបត្រលើស ពលរដ្ឋខ្មែរអាចសួរ រដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ថាតើភរិយាលោក អ្នកស្រី អ៊ីម ប៉ូលីកា បានលុយពីណាជាង ២លានដុល្លារ ដាក់ហ៊ុនក្នុងសណ្ឋាគារ Radisson Blu នៅកោះ
ស៊ីប្រឹស ឆ្នាំ២០១៧។ លោក ហ៊ុន សែន ថាប្រាក់ខែលោកក្នុងមួយឆ្នាំមាន ៣ម៉ឺនដុល្លារ។
មនុស្សអាចផ្តល់ចម្លើយម្នាក់ទៀត បើច្បាប់បង្ខំឲ្យឆ្លើយ គឺមេនាយកដ្ឋាពន្ធដារ គង់ វិបុល ដែលទូរទស្សន៍អូស្រ្តាលី ABC ផ្សាយថា មានចំណែកប្រយោជន៍លើដីតម្លៃជាង ២១លានដុល្លារ នៅជាយក្រុងម៉ែលប៊ន កាលពីឆ្នាំ២០០៧។ ក្រោយមកថា អចលនទ្រព្យទាំងផ្ទះ ទាំងដីនោះជារបស់បងប្អូន និង ម្តាយរបស់ខ្លួនទៅវិញ។ នៅប្រទេស អូស្រ្តាលី មានច្បាប់ ប្រឆាំងការលាងលុយកខ្វក់ និង ប្រឆាំងការឧបត្ថម្ភភេរវកម្ម ហើយ ហ៊ុន តូ និង ភរិយា ហ៊ុន ម៉ាណា និង ស្វាមី ឌី វិជ្ជា ព្រមទាំងលោក គង់ វិបុល គេអាចចាត់ទុកជាជនក្នុងប្រការច្បាប់ PEPs (Politically Exposed Persons) ឬ អ្នកមានមុខងារក្នុងនយោបាយលេចមុខ៕៚
សេចក្តីរាយការណ៍ នៅមានត… ខ្ញុំ ហាស់ សាន The Cambodia Daily រដ្ឋធានី វ៉ាស៊ិនតុន