សម័យបច្ចុប្បន្ននេះ ការប្រស្រ័យទាក់ទង ឆ្លងឆ្លើយគ្នាផ្ទាល់ៗ គេធ្វើបានងាយ ឆាប់រហ័សភ្លាមៗ ទាន់ពេលវេលា ទោះជាស្ថិតនៅច្រើនពាន់ ច្រើនម៉ឺនគីឡូម៉ែត្រពីគ្នាក៏ដោយ។ លទ្ធភាពទាំងអស់នេះ ធ្វើទៅបានដោយសារបច្ចេកវិជ្ជាទំនើប អ្នកបច្ចេកទេស អ្នកវិទ្យា សាស្រ្តរកឃើញវិធី មធ្យោបាយផ្សេងៗជាច្រើនក្នុងសតវត្សទី២០ និង ទី២១នេះ ដូចជាការទាក់ទងគ្នាពី ទូរស័ព្ទខ្សែ មកទូរស័ព្ទអត់ខ្សែ ពីមើលគ្នាមិនឃើញ មកមើលមុខគ្នា និយាយតគ្នាភ្លាមៗមិនបាច់រង់ចាំ។
ប្រព័ន្ធទាក់ទងគ្នាទំនើបៗបច្ចុប្បន្ន ដែលមានច្រើនឈ្មោះ ច្រើនបែបយ៉ាងនេះ ប្រើការបានមានប្រសិទ្ធ ភាព ឬ គ្មានប្រសិទ្ធភាព អាចលាក់ការណ៍ឯកជន ឬ លាក់មិនជិត ធ្លាយចេញជាសារណៈបាន អាស្រ័យលើប្រភេទកម្មវិធី ហៅថា program ឬ អាប់ (App) ដែលផលិតករ ផលិតចេញមកប្រើ។ អាប់ (App) អក្សរសរសេរកាត់ពីពាក្យអង់គ្លេសថា application គឺជាកម្មវិធីសម្រាប់ប្រើក្នុងឧបករណ៍អេឡិកត្រូនិក ហៅថា computer ដែលមានន័យថា ជាជង្រុកតម្កល់ទុកព័ត៌ មាន និង ជាកន្លែងមនុស្សបញ្ជាឲ្យធ្វើអ្វីមួយដោយប្រើទ្រឹស្តី គណិតវិទ្យា មានដូចជា លេខគណិត ពីជគណិត រេខាគណិត លេខគូ ជាដើម។ គេច្នៃ កម្មវិធីអេឡិកត្រូនិកពីកុមភ្យូទ័រ មកជា កម្មវិធីប្រើ (App) សម្រាប់ឧប ករណ៍ចល័ត មាន ទូរស័ព្ទដៃ (cellular phone) ថាប្លិត (tablet) អាយផាដ (iPad) ជាដើម ដើម្បីទាក់ទងគ្នាតាមសម្លេង រូបភាព និង ផ្ញើសារជាការសរសេរអក្សរ។
ជាមួយនឹងភាពសម្បូរណ៍បែបនៃឧបករណ៍បច្ចេកវិជ្ជាទំនើបៗក្នុងទីផ្សារសព្វថ្ងៃនេះ ការរើសយក អាប់ (App) មួយណាប្រើក្នុងទូរស័ព្ទផ្ទាល់ខ្លួនសម្រាប់ការទាក់ទងគ្នាជាប្រចាំនោះ ជាការពិបាក ប៉ុន្តែ ចាំបាច់ត្រូវស្រាវ ជ្រាវ និង យល់ដឹង ដើម្បីចៀសវាងបញ្ហាធ្លាក់ដល់ខ្លួនឯងផ្ទាល់ និង មនុស្សដែលយើងទាក់ទងឆ្លងឆ្លើយ ទោះជាតាមសម្លេងក្តី រូបភាពក្តី តាមការផ្ញើសារជាអក្សរក្តី។
បើមិនបានយល់ដឹងច្បាស់ទេ អ្នកប្រើទូរស័ព្ទដៃម្នាក់ៗគិតថា អាប់ ណាក៏ដូចជា អាប់ ណាដែរ ហើយបើឃើញថា អាប់ ណាមានមនុស្សប្រើច្រើនជាងគេនោះ យើងយល់ថាច្បាស់ល្អ លើស អាប់ ឯទៀតមិនខាន។ អ្នកប្រើ អាប់ ខ្លះ គិតថា ការទាក់ទងឆ្លងឆ្លើយគ្នារាល់ថ្ងៃរវាងគ្នាឯង (មនុស្សពីរនាក់ ប្តីប្រពន្ធ ឬ បងប្អូន) ឬ គ្នាឯងនិងគ្នាឯងមួយក្រុម អាចនឹងប្រព្រឹត្តទៅជា
របៀបឯកជន លាក់ការណ៍គ្មានប្រភពទី៣ចូលជ្រៀត ជ្រែកស្តាប់ ឬ ថតចម្លងទុកនោះ ជាការយល់ច្រឡំហើយ។ អាប់ ខ្លះផលិតមកមានចំណុចខ្វះចន្លោះ ដោយចេតនាក្តី ដោយអចេតនាក្តី អនុញ្ញាតឲ្យអ្នកដទៃមានភ្នាក់ងាររដ្ឋាភិបាល ដូចជាក្រុមចារកិច្ចស៊ើប
ការណ៍ ដែលយកកាណ៍ពីក្រុមប្រឆាំង ហើយនិង ក្រុមទុច្ចរិតដែលចាំលួចអត្តសញ្ញាណសាធារណជន ដែលស្វះស្វែង តាមដានរកព័ត៌មានបុគ្គលម្នាក់ៗ ថតចម្លងបានយ៉ាងងាយនូវកិច្ចសន្ទនា ឆ្លងឆ្លើយរវាងអ្នកហៅទូរស័ព្ទឬបញ្ជូនសារ និង អ្នកទទួលទូរស័ព្ទ ឬ សារពីអ្នកម្ខាងទៀត។
រដ្ឋាភិបាលប្រទេសកុម្មុយនិស្តផ្តាច់ការខ្លះ ប្រឹងប្រែងស្រាវជ្រាវរកវិធីបច្ចេកទេសដើម្បីបំ បែក ហែក ជ្រែក ចូលប្រព័ន្ធទាក់ទងអេឡិកត្រូនិកផលិតនៅប្រទេសលោកសេរី ឬ ផលិតអាប់ ខ្លួនឯងឲ្យអតិថិជនមានទូរស័ព្ទដៃប្រើប្រាស់ឥតគិតថ្លៃ ហើយដាក់ឈ្មោះ អាប់ បំភ័ន្តភ្នែកសាធារណជន។ សហគ្រាសទូរគមនាគមន៍រដ្ឋ នៃប្រទេសយៀកណាម ឈ្មោះ វៀត តែល (Viettel) បានផលិត អាប់ មួយឈ្មោះ ម៉ូកា (Mocha) សម្រាប់ប្រើក្នុងទូរស័ព្ទដៃ ប្រភេទ
Androids មាន សាមស៊ុង (Samsung) ជាដើម ក្រៅពី អាយហ្វូន (iPhone) ដោយមិនបាច់បង់ថ្លៃ។ វៀតតែល (Viettel ឬ Vietnam Telecom) ជាក្រុមហ៊ុនទូរស័ព្ទ គ្រប់គ្រងដោយរដ្ឋ ស្ថិតក្រោមការចាត់ចែងនៃក្រសួង ការពារជាតិយួន មានប្រភពពីអង្គភាពបញ្ជូន សារនៃកងទ័ពប្រជាជនយួន ដែលមានឈ្មោះដើមថា ក្រុមហ៊ុន ទូរគមនាគមន៍ និង អេឡិកត្រូនិកយោធាយៀកណាម (Military Electronics and Telecommunications Company)។ Viettel Group
ផ្តល់សេវាខាងទូរស័ព្ទខ្សែតាមផ្ទះ តាមការិយាល័យ ទូរស័ព្ទដៃ ទូរទស្សន៍ខ្សែកាប និង ទូរ ទស្សន៍ អ៊ិនធើណិត។ ក្រុមហ៊ុន វៀតតែល ចូលរកស៊ីក្នុងស្រុកខ្មែរនៅឆ្នាំ២០០៦ ដោយផ្តល់សេវា ទូរស័ព្ទខ្សែ និង ទូរស័ព្ទដៃ តាមរយៈសាខាក្រុមហ៊ុន ឈ្មោះ ម៉េតហ្វូន (Metfone) បើកនៅឆ្នាំ២០០៩ ដែលអាចហៅឆ្លងប្រទេសបាន ក្នុងតម្លៃថោកជាងគេ។ លើសពីនេះ មានសេចក្តីរាយ ការណ៍ថា សមាជិកកងយោធពលខេមរភូមិន្ទ កង កម្លាំងសន្តិសុខប្រដាប់អាវុធខ្មែរ ប្រើប្រព័ន្ធទាក់ទងពីក្រុមហ៊ុន Viettel ព្រោះតែមិនបាច់បង់ថ្លៃ ឬ មានតម្លៃសេវាថោកជាងគេ។
ក្រៅពីប្រើឈ្មោះក្រុមហ៊ុន ម៉េតហ្វូន (Metfone) នៅប្រទេសកម្ពុជា Viettel បើកក្រុមហ៊ុននៅស្រុក លាវ ឈ្មោះ Viettel ដដែល នៅ ភូមា ដាក់ឈ្មោះ ម៉ៃតែល (MyTel), នៅកោះ ទីម័រ ខាងកើត ដាក់ឈ្មោះ តេឡេម័រ (Telemor); នៅអាមេរិកខាងត្បូង ប្រទេស ហៃទី ចូល ហ៊ុនគ្នាដាក់ឈ្មោះ ណាត់ខម (Natcom), ប្រទេស ប៉េរូ ដាក់ឈ្មោះ បៃតែល (Bitel); នៅទ្វីបអាហ្រ្វិក ប្រ ទេស ប៊ូរុនឌី ដាក់ឈ្មោះ លូមីតែល (Lumitel), ប្រទេស តង់ហ្សានី ដាក់ឈ្មោះ ហាឡូតែល (Halotel), ប្រទេស ម៉ូហ្សំប៊ិក ដាក់ឈ្មោះ ម៉ូវីតែល (Movitel)។
អាប់ ឈ្មោះ ម៉ូកា (Mocha) ផលិតដោយក្រុមយួន Viettel ត្រូវបានអ្នកឯកទេសស្រាវជ្រាវ អ្នកស្រី Natalie Silvanovich ពីក្រុមហ៊ុនអាមេរិកាំង Google រកឃើញ ថា អាចឲ្យឱកាសអ្នកទី៣ ចូលជ្រៀតជ្រែកក្នុងកិច្ចសន្ទនា ឬ បញ្ជូនសារ រវាងមនុស្សពីរនាក់។ បញ្ហានេះ កើតឡើងដោយអ្នកប្រើទូរស័ព្ទម្ខាងហៅទៅម្ខាងទៀត ហើយក្នុងពេលជាមួយគ្នានេះ បញ្ជាទូរស័ព្ទអ្នកហៅ ឲ្យអ្នកទទួលម្ខាងទៀតបញ្ចេញសម្លេង និង រូបភាព ដោយគ្មានការអនុញ្ញាតពីម្ចាស់ទូរ ស័ព្ទ មុនពេលដែលអ្នកម្ខាងទៀតចុចទទួលទូរស័ព្ទ។
អ្នកឯកទេស Natalie Silvanovich ពណ៌នាថា ក្រៅពី អាប់ ឈ្មោះ ម៉ូកា មាន អាប់ ផលិតនៅឥណ្ឌា ឈ្មោះ JioChat អាប់ ឈ្មោះ Messenger ក្រុមហ៊ុន Facebook អាប់ ឈ្មោះ Google Duo មានបញ្ហាដូចគ្នា។ អ្នកស្រីថា អ្នកបច្ចេកទេសបានជួសជុល អាប់ JioChat នៅខែ កក្កដា អាប់ម៉ូកា នៅខែសីហា អាប់ Facebook Messenger នៅខែវិច្ឆិកា អាប់ Google Duo នៅខែធ្នូ ឆ្នាំ ២០២០។ អាប់ មួយទៀតដែលអ្នកបច្ចេកទេសថា មានសន្តិសុខខ្ពស់ជាងគេ ឈ្មោះ Signal ក៏ជួបបញ្ហាដែរ ប៉ុន្តែ ត្រូវបានជួសជុលឡើងវិញនៅខែកញ្ញា ឆ្នាំ ២០១៩។ អាប់ ខ្លះប្រើតាមទូរស័ព្ទដៃ ត្រូវបានក្រុម ហ៊ុនប្រមូល ហើយរក្សាទុកព័ត៌មានអំពីសកម្មភាព និង ទម្លាប់របស់បុគ្គលម្នាក់ៗ ហើយចែកចាយទៅក្រុមហ៊ុនដទៃដើម្បីផ្សាយពាណិជ្ជកម្មលក់ដូរទំនិញ។ ក្រុមហ៊ុន អាប់ ខ្លះផ្តល់ព័ត៌មានទៅឲ្យរដ្ឋាភិបាល ដើម្បីលួចឆ្មក់យកការណ៍ពីពលរដ្ឋរបស់ខ្លួន អាប់ ខ្លះទៀត ជារបស់ក្រសួង ឬ នាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាល ដូចជា អាប់ ម៉ូកា(Mocha) ជាដើម។
ព្រោះតែយើងខ្ញុំមិនមែនអ្នកជំនាញ ឬ អ្នកឯកទេសខាងអេឡិកត្រូនិក យើងខ្ញុំមិនហ៊ានផ្តល់ព័ត៌មានអំពី អាប់ ណាល្អជាង អាប់ ណានោះឡើយ។ យើងខ្ញុំគ្រាន់ តែជូនព័ត៌មានអំពីឈ្មោះអាប់ (Apps) តាមរយៈ វ៉ិបសាយត៍ stream ចំនួនប្រមាណជាង១០ ដែលមានសម្រាប់សាធារ ណជនប្រើដោយឥតបង់ថ្លៃ។ លោក អ្នក អាចជ្រើសរើសប្រើប្រាស់តាមតម្រូវការដោយខ្លួនឯង ដូចតទៅនេះ៖
1. Signal (ផលិតនៅស.រ.អា); 2. Wire (ផលិតនៅស្វីស); 3. Threema (ផលិតនៅស្វីសបង់ថ្លៃ ៣ដុល្លារ); 4. Telegram (ផលិតដោយជនជាតិរុស្ស៊ីពីរនាក់បងប្អូន); 5. WhatsApp (ផលិតនៅស.រ.អាដោយ Facebook); 6. Wikr Me (ផលិតនៅស.រ.អា មានអត់បង់ថ្លៃ និង បង់ថ្លៃតាមថ្នាក់ពី៥ដុល្លារ ពណ៌ប្រាក់ ១០ដុល្លារ ពណ៌មាស និង ២៥ដុល្លារ ពណ៌ប្លាទីន); 7. Viber(ផលិតនៅជប៉ុន); 8. Silence (ផលិតដោយក្រុមអ្នកបច្ចេកទេសស្ម័គ្រចិត្ត); 9. iMessage (ផលិតនៅស.រ.អាដោយក្រុមហ៊ុន Apple); 10. Line (ផលិតនៅជប៉ុនដោយក្រុមហ៊ុនកូរ៉េខាងត្បូង); 11. WeChat (ផលិតនៅប្រទេសចិន); 12. Kik (ផលិតនៅកាណាដា); 13. ChatOn ( ផលិតដំបូងដោយក្រុមហ៊ុន សាមស៊ុង)។
អាប់ ទាំងអស់រៀបរាប់មកពីខាងដើម មានសណ្ឋាន មានសមត្ថភាព និង លទ្ធភាពប្រើការមិនដូចគ្នាទេ។ ដូច្នេះ បើអ្នកប្រើប្រាស់ ជាមនុស្សសមញ្ញធម្មតា មិននិយាយស្តី មិនផ្ញើសារឆ្លងឆ្លើយរឿងនយោ បាយ រិះគន់ដៀលត្មេះរដ្ឋាភិបាល ឬ ផែនការខុស ច្បាប់ទេនោះគេមិនបាច់បារម្ភទេ។ ផ្ទុយពីនេះវិញ អ្នកប្រើប្រាស់ អាប់ មិនបានគិតគូរ មិនបានសិក្សាស្រាវជ្រាវជាមុនទេ គេអាចនឹងប្រឈមមុខជាមួយរដ្ឋអំណាច បើសារសងឆ្លងឆ្លើយមិនប្រយ័ត្ន ពាក្យសំដី៕