31 C
Phnom Penh

ជ័យជំនះមានន័យផ្ទុយគ្នាសំរាប់ក្រុមជនផ្តាច់ការនិងក្រុមអ្នកប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាទូទៅ គណបក្សកុម្មុយនិស្ត ឬក្រុមជនផ្តាច់ការតែងតែដំណ្តើមអំណាចតាមរយៈសង្គ្រាម រដ្ឋប្រហារ ឬតាមមធ្យោបាយហិង្សានិងទុច្ចរិតផ្សេងៗ។

ដោយសារមូលហេតុដូចនេះ ទើបពួកផ្តាច់ការបានចាត់ទុក ប្រទេសជាតិ និងអ្វីៗគ្រប់យ៉ាងដែលខ្លួនទទួលបានក្រោយថ្ងៃជ័យជំនះថា ជាជ័យភ័ណ្ឌរបស់ពួកគេ។

ជាក់ស្តែង វិធីដណ្តើមអំណាចរបស់គណបក្សប្រជាជនកម្ពុជា ឬ លោកហ៊ុន សែន តែម្តង។

នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ កងទព័យួនចំនួន១៥ម៉ឺននាក់ (150,000) បានវាយលុកចូលឈ្លានពានប្រទេស កម្ពុជា ដើម្បីបញ្ចប់អំណាចរបស់ក្រុមកុម្មុយនិស្តខ្មែរក្រហមដែលជាអតីតសម្ព័ន្ធមិត្ត និងបានលើកបន្តុប សម្ព័ន្ធមិត្តថ្មី គឺគណបក្សប្រជាជនកម្ពុជា ឬ(CPP) ដែលកាលពីមុន មានឈ្មោះថា បក្សកុម្មុនិស្តខ្មែរ ដែលមានដើមកំណើតពីបក្សកម្មុយនិស្តឥណ្ឌូចិន។

ក្រោយការឡើងកាន់អំណាច រដ្ឋាភិបាលកុម្មុយនីស្តរបស់ CPP នាពេលនោះ មានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ ដោយលោកប៉ែន សុវណ្ណ ត្រូវបានចាប់ខ្លួនបញ្ជូនទៅ ដាក់គុកងងឹតក្នុងទីក្រុងហាណូយ ហើយលោកចាន់ ស៊ី បានស្លាប់ដ៏អាថ៌កំបាំង រហូតដល់ឆ្នាំ១៩៨៥ ទើបលោកហ៊ុន សែន ត្រូវបានវៀតណាមលើកបន្តុបឲ្យធ្វើជានាយករដ្ឋមន្ត្រី។

ក្រៅតែពីបានអំណាចតាមរយៈ ការលើកបន្តុបរបស់វៀតណាម លោកហ៊ុន សែន តែងតែប្រើវិធីហិង្សា និងល្បិចទុច្ចរិតផ្សេងៗក្នុងការដណ្តើម និងការពារអំណាចរបស់គាត់។

ល្បិចទាំងនោះ ដូចជាការបង្កើតតំបន់អប្បគមក្នុងឆ្នាំ១៩៩៣ ដើម្បីទាមទារការចែកអំណាច និងបានតួនាទីជានាយករដ្ឋមន្ត្រីទី២ ក្រោយការបោះឆ្នោតនាឆ្នាំនោះ។

ការធ្វើរដ្ឋប្រហារទំលាក់ នាយករដ្ឋមន្ត្រីទី១ក្នុងឆ្នាំ១៩៩៧ដើម្បីក្តោបអំណាចតែឯង ការគ្រប់គ្រងគណកម្មការជាតិរៀបចំការ បោះឆ្នោត(គជប)ដើម្បីបន្លំ និងរៀបចំឲ្យគាត់ឈ្នះឆ្នោតជាហូរហែររហូតដល់ឆ្នាំ២០១៣ និងចុងក្រោយ រំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា ក្នុងឆ្នាំ២០១៧ ដើម្បីកុំអោយ មានគូរប្រកួតជាមួយគាត់ក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨។

មហាជនទូទៅ ឬប្រវត្តិវិទូនានាសុទ្ធតែបានដឹងថា ការទទួលបានអំណាចរបស់ លោកហ៊ុន សែន គឺសុទ្ធតែកើតចេញពីការប្រើ                  មធ្យបាយហិង្សា និងល្បិចទុច្ចរិតតាមបែបរឿងភាគសាមកុកចិនរបស់គាត់ប៉ុណ្ណោះ។

ក្រោយពេលឈ្នះសង្គ្រាមលើរដ្ឋាភិបាលរបស់លោកលន់ ណុល នៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមកុម្មុយនិស្តខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជារហូតដល់ខែមករា ឆ្នាំ១៩៧៩។ ក្នុងរបបផ្តាច់ការនោះ ពួកមេដឹកនាំខ្មែរក្រហមក៏តែងតែប្រកាសអំពីជ័យជំនះនោះថា ជាជ័យជំនះរបស់បក្ស។

នេះប្រហែលជាមូលហេតុមួយ នាំឲ្យពួកមេដឹកនាំខ្មែរក្រហមចាត់ទុកអ្វីៗគ្រប់យ៉ាងក្នុងប្រទេស ជារបស់ពួកគេ ដោយរួមទាំងជិវិតផ្ទាល់ខ្លួនរបស់ពលរដ្ឋម្នាក់ៗផងដែរ។

ដើម្បីបញ្ជាក់លើការសន្និដ្ឋាន បែបនេះ គេអាចឆ្លុះបញ្ចាំងលើភស្តុតាងជាក់ស្តែងខ្លះៗ ដែលបានកើតឡើងក្នុងសម័យនោះ ដូចជា ការបង្ខំឲ្យពលរដ្ឋខ្មែរដឹងគុណអង្គការ ហាមពលរដ្ឋខ្មែរមិនឲ្យធ្វើអ្វីដែលគ្មានការអនុញ្ញាតិ ពីអង្គការ ការចាប់ខ្លួន ឬសម្លាប់ពលរដ្ឋខ្មែរដោយចោទថា ក្បត់នឹងអង្គការជាដើម។

តាមរយៈការលើកឡើងអំពីរបៀបនៃការឡើងកាន់អំណាចនៃរបបផ្តាច់ការទាំងពីរខាងលើ គេអាច សង្កេតឃើញពីផ្នត់គំនិតមេដឹកនាំនៃរបបទាំងនោះចំពោះការផ្តល់អត្ថន័យនៃពក្យ ជ័យជំនះ។ តើរបបផ្តាច់ការទាំងនេះបានប្រព្រឹត្តកំហុងអ្វីខ្លះលើពលរដ្ឋរបស់ខ្លួន?

របបខ្មែរក្រហមបានបង្ខំឲ្យពលរដ្ឋខ្មែរដឹងគុណ និងស្មោះត្រង់ចំពោះអង្គការ ដោយលើកឡើងនូវពាក្យពេចន៍នានាដើម្បីលើកតម្កើងពួកគេ ដូចជា អង្គការជាឳពុកម្តាយ ឬអង្គការមហាលោតផ្លោះ មហាអស្ចារ្យជាដើម។ ក្នុងខណៈដែលកំពុងរស់នៅដោយវេទនាអត់បាយក្រហាយទឹក និងការធ្វើទុកបុកម្និញគ្រប់យ៉ាងពីពួកអ្នកកាន់អំណាច ពលរដ្ឋក៏នៅតែខំស្រែកលើកតម្កើង និងអរគុណចំពោះអង្គការ។  

ពាក្យ “អរគុណអង្គការ” របស់ខ្មែរក្រហមស្រដៀងគ្នានឹងពាក្យ “អរគុណសន្តិភាព” នៃរបបលោកហ៊ុន សែន នាពេលបច្ចុប្បន្ន ដែលជាការសម្តែងការដឹងគុណចំពោះរូបលោកផ្ទាល់ ឬគណបក្សប្រជាជនកម្ពុជារបស់លោក។

ភាពស្រដៀងគ្នាមួយទៀតក្នុងចំណុចនេះ គឺរបបផ្តាច់ការទាំងពីរមិនបានដោះស្រាយ ឬខ្វល់នឹងបញ្ហា ក្រពះរបស់ពលរដ្ឋ ដែលជាតំរូវការពិតប្រាកដសំរាប់ជីវិតប្រចាំថ្ងៃនោះទេ តែជំរុញឲ្យពលរដ្ឋខំប្រឹង                   អរគុណអ្នកកាន់អំណាច ទាំងខណៈដែលពលរដ្ឋទាំងនោះ កំពុងរស់នៅដោយអត់ ឬខ្វះអាហារគ្រប់គ្រាន់។

ជាឩទាហរណ៍ របាយការណ៍ចេញផ្សាយដោយវេបសាយ The Cambodia Law and Policy Journal កាលពីខែធ្នូឆ្នាំ២០១៤ ថា ពលរដ្ឋខ្មែរជិត ២លាននាក់ បានស្លាប់ ដោយសារការអត់អាហារ បង្ខំឲ្យធ្វើពលកម្មហួសកំលាំង និងជំងឺផ្សេងៗ ក្នុងរបបខ្មែរក្រហម ដែលពេលនោះកម្ពុជាមានពលរដ្ឋសរុបប្រមាណជិត ៨លាននាក់។

ស្របពេលដែលពលរដ្ឋរស់នៅដោយការស្រេកឃ្លាន អត់បាយក្រហាយទឹក ផ្ទុយទៅវិញ ពួកកម្មាភិបាលខ្មែរក្រហមរស់នៅដោយមានអំណាចហូរហៀរធ្វើអ្វីស្រេចតែនឹងចិត្ត និងមានអាហារគ្រប់គ្រាន់ទៅតាមចំណង់ដែលពួកគេចង់បាន។

ដូចគ្នានេះ ដែរបើតាមរបាយការណ៍របស់ភ្នាក់ងារផ្តល់ជំនួយអារិក (USAID) ចុះផ្សាយក្នុងគេហរ ទំព័ររបស់ខ្លួនកាលពីពេលថ្មីៗនេះបង្ហាញថា ពលរដ្ឋខ្មែរមួយភាគប្រាំ (ប្រមាណ ៣លាន ២សែននាក់) កំពុង រស់នៅដោយខ្វះអាហាររូបត្ថម្ភគ្រប់គ្រាន់ ពោល គឺពួកគេបរិភោគអាហារក្នុងកំរិតតិចជាងតំរូវការ កាឡូរីប្រចាំថ្ងៃ។

ទន្ទឹមនឹងពលរដ្ឋខ្មែរជាងបីលាននាក់រស់នៅដោយខ្វះអាហារបរិភោគគ្រប់គ្រាន់ លោកហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក មានលុយ និងទ្រព្យសម្បត្តិហូរហៀរ និងមានអំណាចខ្លាំងក្លា អាចធ្វើអ្វីៗស្រេចតែនឹងចិត្ត ដូចជាការរំលោភយកដីរបស់ប្រជាពលរដ្ឋ ការលក់បឹង ជីករ៉ែ កាប់ឈើ និងការបំផ្លាញធនធម្មជាតិ។

កាលពីខែធ្នូ ឆ្នាំ២០១៩ អង្គការ Global Witness បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងថា លោក ហ៊ុន សែន បានពង្រឹងអំណាចផ្ទាល់ខ្លួនតាមរយៈការកាងបក្សពួក និងសមាជិកគ្រួសាររបស់លោក ដែលបានបំផ្លាញអត្ថប្រយោជន៍ និងសេចក្តីសុខរបស់ពលរដ្ឋសាមញ្ញ។ អង្គការនេះក៏បានឲ្យដឹងដែរថា បននយោបាយរបស់លោកហ៊ុន សែន បានលួចប្លន់ទ្រព្យសម្បត្តិរដ្ឋ មានដូចជា ព្រៃឈើ រ៉ែនិងដីធ្លី ដែលនាំមកនូវផលវិបាកដល់បរិស្ថាន និងមនុស្ស ហើយពួកគេ ដូចជា លោកទ្រី ភាព ជាដើម ជាអ្នកទទួលផលក្នុងទឹកប្រាក់រាប់សិបលានដុល្លារពីការកាប់បំផ្លាញប្រៃឈើរបស់ខ្មែរ។

តាមរយៈភស្តុតាងជាក់ស្តែងក្នុងរបបផ្តាច់ការទាំងពីរនេះ វាអាចជាការឆ្លុះបញ្ចាំងឲ្យឃើញថា របបផ្តាច់ការមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាក្រពះ ឬដោះស្រាយសេចក្តីត្រូវការពិតប្រាកដសំរាប់ជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋនោះទេ ប៉ុន្តែពួកគេកំពុងជំរុញ ឬបង្ខំឲ្យពលរដ្ឋគិតតែពីការដឹងគុណ ការអគុណ និងការលើកតម្កើងខ្លួន ឬបក្សរបស់ខ្លួនប៉ុណ្ណោះ។ រីឯអ្នកកាន់អំណាច និងបក្សពួកគិតតែពីគាបសង្កត់ពលរដ្ឋ ប្រមូលលុយជាតិដាក់ក្នុងហោប៉ៅ និងរស់នៅដោយសម្បូរសប្បាយហូរហៀរធ្លាយដល់ក្រៅប្រទេសថែមទៀត។

អ្នកសង្កេតការណ៍ខ្លះលើកឡើងថា ការដែលពួកផ្តាច់ការធ្វើបែបនេះ ក៏ដោយសារអំណាច ឬជ័យជំនះរបស់ពួកគេមិនមែនបានមកដោយសន្លឹកឆ្នោតរបស់ពលរដ្ឋ ប៉ុន្តែជាការបានអំណាចដោយចុងកាណុងឬ វិធីទុច្ចរិតផ្សងៗទៅវិញ។ ផ្ទុយពីពួកផ្តាច់ការ ក្រុមអ្នកប្រជាធិបតេយ្យដែលបានអំណាចដោយសន្លឹកឆ្នោតពីពលរដ្ឋវិញ គឺខំយកកចិត្តពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ជាក់ស្តែងនៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងមេដឹកនាំផ្សេងៗទៀតនៃគណបក្សហ្វ៊ុនស៊ិនប៉ិចដែលឈ្នះឆ្នោតទីមួយ បានដើរកសាងសាលារៀន វត្តអារាម ចែកអំណោយ និងធ្វើសកម្មភាពផ្សេងៗទៀត ដើម្បីយកចិត្តពលរដ្ឋ។

ដូចគ្នានេះដែរ លោកហ៊ុន សែន និងមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតទី២ ក៏បានធ្វើដូចគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីប្រជែងយកចិត្តប្រជាពលរដ្ឋ។

បើគេពិនិត្យមើលប្រវត្តិនយោបាយក្នុង ប្រទេសកម្ពុជានៅមុនឆ្នាំ១៩៩៣ លោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាពុំដែលចុះចែក អំណោយ សាងសង់សាលា ឬសកម្មភាពផ្សេងៗដើម្បីយកចិត្តប្រជាពលរដ្ឋនោះទេ។ ចំណុចនេះអាច បញ្ជាក់ថា ការទទួលបានជ័យជំនះ ឬ អំណាចតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ឬតាមផ្លូវប្រជាធិបតេយ្យ អាចធ្វើឲ្យអ្នកនយោបាយខំយកចិត្ត ឬបំរើពលរដ្ឋ ព្រោះអ្នកនយោបាយ ត្រួវការសន្លឹកឆ្នោតឬការគាំទ្រពីពលរដ្ឋ ឬចាត់ទុកជ័យជំនះរបស់ខ្លួនបានមកដោយសារពលរដ្ឋឬជារបស់ពលរដ្ឋ។

ព្រឹត្តិការណ៍បែបនេះក៏បានកើតឡើងជាថ្មីម្តងទៀតនៅក្រោយការបោះ ឆ្នោតជាតិក្នុងឆ្នាំ២០១៣ ដែលពេលនោះគណបក្សប្រជាជនកម្ពុជាបានបាត់បង់សម្លេងឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងប្រវត្តិនៃបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៨មក ហើយសម្លេងគាំទ្រគណបក្សឆាំងគឺគណបក្សង្គ្រោះជាតិ បានកើនឡើងយ៉ាងគំហុកស្ទើរស្មើនឹងគណបក្សកាន់អំណាច បើទោះបីពេលនោះមានការចោទប្រកាន់ថាគណបក្សប្រជាជន បានលួចបន្លំសន្លឹកឆ្នោតជាប្រព័ន្ធបែបណាក៏ដោយ។

ដូចគ្នានេះដែរ ដោយសារការថយនូវសម្លេងឆ្នោតក្នុង២០១៣ លោកហ៊ុន សែន ខំយកចិត្តពលរដ្ឋខ្មែរ ជាពិសេសកម្មករ-កម្មការនី ហើយនេះជាឩទាហរណ៍ថ្មីមួយទៀតដែលអាចបញ្ជាក់អំពីអំណាច ឬឥទ្ធិពលរបស់ពលរដ្ឋក្នុងរបបប្រជាធិបតេយ្យ។

ជាក់ស្តែង នៅមុនការបោះឆ្នោត ឆ្នាំ២០១៣ គណបកសង្គ្រោះជាតិបានប្រកាសតំឡើងប្រាក់ខែដល់កម្មករ-កម្មការនី ហើយពេលនោះ គណបក្សប្រជាកម្ពុជាបានចំអកថាជារឿងមិនអាចធ្វើទៅបាន។

ប៉ុន្តែនៅក្រោយការបោះឆ្នោតនាពេលនោះ លោកហ៊ុន សែន បានប្រកាសតំឡើងប្រាក់ខែជូនកម្មករ-កម្មការនី ជាបន្តបន្ទាប់ និងតំឡើងលើសពីកំរិតដែលគណបកសង្គ្រោះជាតិបានកំណត់ទៅទៀត ហើយលោកហ៊ុន សែនខ្លួនលោកផ្ទាល់ ក៏បានចុះតាមរោងចក្រយ៉ាងសកម្មដើម្បីយកចិត្តកម្មករ-កម្មការនីថែមទៀត។

ទង្វើរបស់ លោកហ៊ុន សែន ទាំងនោះត្រូវបានបញ្ចប់ទៅវិញនៅក្រោយការរំលាយគណបក្សសង្គ្រោះជាតិ។ ចំណុចនេះជាការឆ្លុះបញ្ចាំងកាន់តែច្បាស់ទៅទៀត គឺនៅពេលណាដែលលោកហ៊ុន សែនត្រូវការអំណាចពីពលរដ្ឋ លោកខំយកចិត្តពលរដ្ឋ ហើយនៅពេលណាដែលលោកហ៊ុន សែនបានអំណាចដោយកំលាំង ឬគ្មានការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ លោកហ៊ុន សែន មិនខ្វល់នឹងពលរដ្ឋនោះឡើយ។

ដោយសារតែប្រព័ន្ធប្រជាធិបតេយ្យតម្រូវអោយអ្នកនយោបាយប្រកួតប្រជែងយកអំណាចតាមរយៈ សន្លឹកឆ្នោត ដូច្នេះហើយទើបក្រុមអ្នកប្រជាធិបតេយ្យខំយកចិត្តពលរដ្ឋ ដោយខំភ្ជាប់ខ្លួនជាមួយពលរដ្ឋ និងខំបំរើពលរដ្ឋ ដូចអ្វីដែលលោកបណ្ឌិតកែម ឡី ធ្លាប់បានលើកឡើងថា “បើអ្នកនយោបាយចង់ឈ្នះឆ្នោត គឺត្រូវនៅកៀកជាមួយពលរដ្ឋ! ហើយដើម្បីអភិវឌ្ឍន៍មូលដ្ឋានដោយជោគជ័យ គេត្រូវរុញសេវ៉ាសាធារណៈរបស់រដ្ឋឲ្យខិតជិតពលរដ្ឋ” ។

ទ្រឹស្តីនេះក៏ត្រូវបានដកស្រង់ និងបញ្ចូលទៅក្នុងយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧ ក្នុងគ្រាដែលគណបកសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិពេលនោះបានប្រកាសបង្កើនថវិការថ្នាក់ ឃុំ-សង្កាត់ រហូតដល់ ៥សែន ដុល្លារ អាមេរិកក្នុងមួយឆ្នាំដើម្បីអភិវឌ្ឍន៍ និងបង្កើនគុណភាពសេវ៉ាសាធារណៈនៅថ្នាក់មូលដ្ឋានដែលជាការខំយកចិត្តពលរដ្ឋ។

ជាលទ្ធផលនៃគោលនយោបាយនោះ គណបកសង្គ្រោះជាតិ បានកើនសម្លេងឆ្នោតនៅ ឃុំ-សង្កាត់ ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការបោះឆ្នោតឃុំ-សង្កាត់ នាខែមិថុនា ឆ្នាំ២០១៧។

សរុបសេចក្តីមកក្រុមជនផ្តាច់ការអាងលើកំលាំងយោធា ឬវិធីទុច្ចរិតដើម្បីបានអំណាច រីឯក្រុមអ្នកប្រជាធិបតេយ្យអាងលើការគាំទ្រពីពលរដ្ឋដើម្បីបានអំណាច។

ដូច្នេះហើយបានជាការកំណត់ អត្ថន័យនៃពាក្យជ័យជំនះរបស់ក្រុមជនផ្តាច់ការ និងក្រុមអ្នកប្រជាធិបតេយ្យមានភាពខុសគ្នា គឺក្រុមជន ផ្តាច់ការចាត់ទុកជ័យជំនះដែលខ្លួនទទួលបាន គឺជារបស់ខ្លួន ឬជារបស់បក្ស រីក្រុមអ្នកប្រជាធិបតេយ្យចាត់ទុកជ័យជំនះដែលខ្លួនទទួលបានគឺជារបស់ប្រជាពលរដ្ឋ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស