28.4 C
Phnom Penh

លោក កឹម សុខា ថា ទោះកម្ពុជាមានលទ្ធភាពអាចជួយខ្លួនឯងក៏ដោយ ក៏មិនអាចខ្វះការជ្រោមជ្រែងពីប្រទេសជាមិត្តបានដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេបក្សគណក្សសង្គ្រោះជាតិលោក កឹម សុខា អះអាងថា ទោះបីជា កម្ពុជាមានលទ្ធភាព និងបានខិតខំជួយខ្លួនឯងក៏ដោយ ប៉ុន្តែតាមការពិសោធន៍ជាក់ស្តែងសម្រាប់ប្រទេសក្រីក្រ តែងតែពឹងពាក់ជំនួយពីប្រទេសអ្នកមានស្ទើរតែគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច និងការជួយដោះស្រាយនូវវិបត្តិនានាកន្លងមក។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេបក្សប្រឆាំងនៅកម្ពុជាបានជួបពិភាក្សាជាមួយ អ្នកស្រី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នេះ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះថា កិច្ចពិភាក្សានេះបានធ្វើការវាយតម្លៃពីស្ថានការមួយចំនួននៅកម្ពុជានាពេលកន្លងមក។ លើសពីនេះ បានពិភាក្សាពីទំនាក់ទំនងមួយចំនួនរវាងកម្ពុជា និង ប្រទេសបារាំង ក៏ដូចជាសហគមន៍អឺរ៉ុបក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៅខាងមុខផងដែរ។

លោក កឹម សុខា លើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដើម្បីខ្មែរ ក្រៅពីការចូលរួមចំណែកខិតខំជួយខ្លួនឯងតាមលទ្ធភាពដែលអាចធ្វើបាន លោកនៅតែបន្តទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ ដើម្បីកម្ពុជា និងពលរដ្ឋខ្មែរទាំងមូល។

មេបក្សប្រឆាំង លោក កឹម សុខា បន្ថែមថា បើទោះបីស្ថិតក្នុងការរឹតត្បិតសេរីភាពនៅឡើយ ប៉ុន្តែមានស្ថានទូតប្រទេសលោកសេរីជាច្រើនតែងមកជួបលោកដើម្បីពិភាក្សារកដំណោះស្រាយឈានទៅរកការបញ្ចប់ភាពទ័កច្រកខាងនយោបាយនៅកម្ពុជា ជាបន្តបន្ទាប់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក លោក Patrick Murphy បានមកជួប មេបក្ស ប្រឆាំងរូបនេះដល់គេហដ្ឋាន ដើម្បីពិភាក្សាលើវិស័យនានា ដូចជាវិស័យអប់រំ                     សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសការលើកឡើងអំពីជីវភាពរស់នៅ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរថែមទៀត។

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនពីបទ ឃុបឃិតជាមួយបរទេស និងត្រូវឃុំខ្លួននៅគុក ត្រពាំងផ្លុង ជាង១ឆ្នាំ។

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ត ប៉ុន្តែ លោក កឹម សុខា មិនត្រូវបានអនុញ្ញាតឲ្យជួបអ្នកដ៏ទៃ ឬចាកចេញពីគេហដ្ឋានរបស់ខ្លួននោះទេ ពោលគឺជាការឃុំខ្លួនក្នុងផ្ទះបន្តទៀត។

យ៉ាងណាក៏ដោយ កាលពីថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ត្រូវតុលាការក្រុងភ្នំពេញផ្តល់សិទ្ធិសេរីភាពមួយកម្រឹតទៀតតាមរយៈការកែប្រែលក្ខខណ្ឌដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ  គឺអាចធ្វើដំណើរគ្រប់ទីកន្លែងក្នុងប្រទេស ប៉ុន្តែ ហាមមិនឲ្យធ្វើសកម្មភាព ឬនិយាយពាក់ព័ន្ធនឹងរឿងនយោបាយ និងចេញក្រៅប្រទេសជាដាច់ខាត។

យ៉ាងនេះក្តី មកទល់នឹងពេលនេះមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា នៅតែមានភាពស្អាតស្អំ ព្រោះតុលាការមិនទាន់ចេញសាលក្រមសម្រេចថាលោកមានទោសឬ គ្មានទោសនៅឡើយទេ។ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា នៅពេលកម្ពុជាចេះជួយខ្លួនឯង ដូចជាការ បង្រួបបង្រួមសាមគ្គីនយោបាយ រវាងបក្សប្រឆាំង និងបក្សកាន់អំណាច នោះសហគមន៍អន្តរជាតិច្បាស់ជាផ្តល់គាំទ្រយ៉ាងពេញទំហឹងជាមិនខាន។

លោក បញ្ជាក់ថា អន្តរជាតិរង់ចាំតែអ្នកនយោបាយខ្មែររកផ្លូវដោះស្រាយវិបត្តិនានា ដើម្បីកសាងឯកភាពជាតិ សម្រាប់ទេសជាតិ និងប្រជាជនប៉ុណ្ណោះ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស