29 C
Phnom Penh

តើលោក ហ៊ុន សែន សម្រេចឲ្យកងទ័ព និងស្ថាប័ន −អង្គភាពស៊ីវិល និង ក្រុមហ៊ុនឯកជនណាខ្លះ ការពារគ្នាទៅវិញទៅមក?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មានពលរដ្ឋខ្មែរមួយចំនួនពោលថា ប្រព័ន្ធគ្រប់គ្រងស្រុកខ្មែរ គឺប្រទេសកម្ពុជា សព្វថ្ងៃ មិន អាចញែកចេញឲ្យដាច់បានឡើយ រវាងស្ថាប័នរដ្ឋ ដែលមានក្រសួង មន្ទីរ អង្គភាពស៊ីវិល រួមនឹងយោធា ហើយនិងសហគ្រាសឯកជន។ មូលហេតុមកពីស្ថាប័នរដ្ឋ និង ក្រុមហ៊ុនឯកជនវេញបញ្ចូលគ្នា ប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង ចាក់ស្រេះហាក់បីដូចជា សំបុកពីងពាង។ ពួកគាត់និយាយថា ដើម្បីបំបែក ផ្តាច់ចេញពីគ្នាបាន មានតែវះ អារកាត់ចោលតែប៉ុណ្ណោះ។ ប្រព័ន្ធគ្រប់គ្រងបែបនេះ បានធ្វើឲ្យពលរដ្ឋខ្មែរជាម្ចាស់ប្រទេស ម្ចាស់ទឹកដី បាត់បង់ចំណែកផលពីអារ្យធម៌ មរតកវប្បធម៌ជាតិ និង ធនធានធម្មជាតិរបស់ខ្លួន ហើយមិនដឹងជាធ្លាក់ក្នុងដៃអ្នកណា។ ពាក្យខ្មែរថ្មីដែលមនុស្សសម័យនេះប្រើ គេហៅថា ចោរាធិបតេយ្យ kleptocracy

ក្នុងរបប Kleptocracy ឬ ចោរាធិបតេយ្យ អ្នកនយោបាយពុករលួយ កើបសម្បត្តិធ្វើមានយ៉ាងស្ងាត់ៗក្រៅក្របខ័ណ្ឌបទបញ្ញត្តិនៃច្បាប់ rule of law តាមរយៈការចរចាគ្នាចែកកម្រៃ (kickbacks)ឲ្យសំណូក (bribes) ក្តីអនុគ្រោះពិសេសដល់គ្នា (special favors) ឬក៏បង្វែរបង្វិលធន ធានរដ្ឋឲ្យខ្លួនឯង ឬ គូកនរបស់ខ្លួន។ ពួកចោរាធិបតី តែងតែយកទ្រព្យចេញក្រៅប្រ ទេសព្រោះគិតថាក្រែងថ្ងៃណាមួយគេបាត់បង់អំណាច។

កាលពីឆ្នាំ១៩៩៩ រដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើឯកជនភាវូបនិយកម្មប្រាសាទអង្គរ ផ្តល់សិទ្ធឲ្យថៅកែយួនឈ្មោះ សុក គង់ នៃក្រុមហ៊ុន សូគីម៉ិច គ្រប់គ្រង ចាត់ចែកលក់សំបុត្រឲ្យទេសចរទស្សនាប្រាង្គប្រាសាទ កេរសម្បាច់របស់ខ្មែរ សម្រាប់រយៈពេល ១០ឆ្នាំ។ ចន្លោះឆ្នាំ២០០៧−២០០៨ មន្រ្តី អាជ្ញាធរជាតិ អប្សារា គឺលោក ប៊ុន ណារិទ្ធ អះអាងថា ចំណូលពីការលក់សំបុត្រដោយក្រុមហ៊ុន សូគីម៉ិច បានពី ៣០លាន ដល់ ៣២លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែ សមាជិករដ្ឋសភា លោក សុន ឆ័យ ខាងបក្ស សម រង្ស៊ី គ្រានោះ ស្រាវជ្រាវរកឃើញថា សំបុត្រលក់ឲ្យទេសចរ ទស្សនាប្រាសាទអង្គរក្នុងមួយឆ្នាំ បានយ៉ាងតិច ៦០លានដុល្លារ។ តាមតួលេខនេះ ចំណូលសរុបបានយ៉ាងតិច ៦០០លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ។ 

បើចែកជាពីរ ភាគីនិមួយៗបាន ៣០០លានដុល្លារ។ តាមកាសែត កោះសន្តិភាព ផ្សាយថ្ងៃទី១៣ មករា ២០០៩ អាជ្ញាធរជាតិ អប្សារា ចែកភាគហ៊ុនស្មើ ៥០/៥០ ជាមួយក្រុមហ៊ុន សូមគីម៉ិច លើផលចំណេញ ៣លានដុល្លារដំបូង។ ប៉ុន្តែ លោក ប៊ុន ណារិទ្ធ ថា ចំណូលលើសពីហ្នឹង រដ្ឋាភិបាលបានចំណែក ៦៨% ឬជិត ៤១០ លានដុល្លារ រីឯក្រុមហ៊ុន សូគីម៉ិច បានចំ ណូល ១៧% ឬ ១០២លានដុល្លារ។ លោក ប៊ុន ណារិទ្ធ បញ្ជាក់ថា លោកមិនដែលបានទទួលសេចក្តីរាយការណ៍ពិតប្រាកដពីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឬក៏ក្រុមហ៊ុន សូគីម៉ិច ទេហើយពលរដ្ឋខ្មែរក៏មិនដឹងថា ជួលប្រាសាទអង្គរឲ្យគេលក់សំបុត្រ បានចំណូលប៉ុន្មានដែរ។ក្រុមហ៊ុន សូគីម៉ិច ចងសម្ពន្ធភាព និង ការពារដោយបញ្ជាការដ្ឋានយោធភូមិភាគទី៥។ រីឯអាជ្ញាធរជាតិ អប្សារា ចងសម្ពន្ធភាព និង ការពារដោយយោធភូមិភាគទី៤។ជាច្រើនទសវត្សមុនកន្លងទៅ ក្រុមហ៊ុនមានឈ្មោះល្បីល្បាញខាងវាតទីយកដីព្រៃដើម្បីកាប់ឈើក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង ប៉ៃលិន ក្នុងយោធភូមិភាគទី៥ ក្រុមហ៊ុន ភាពីម៉ិច ហ៊ុនជាមួយក្រុមហ៊ុនចិន វូហ្ស៊ីស្ហាន (Wuzhishan)។ ក្រុមហ៊ុន ភាពីម៉ិចជាក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ហៅ យាយ ភូ ម្រាក់ជិតស្និទ្ធនឹងភរិយាលោក ហ៊ុន សែនជំទាវ ប៊ុន រ៉ានី។ ស្វាមីអ្នកស្រី ជឹង សុ ភាព ហៅយាយ ភូ ឈ្មោះឧកញ៉ា សមាជិក ព្រឹទ្ធសភា ឡៅ ម៉េងឃិន ម្ចាស់ក្រុមហ៊ុន ស៊្ហូកាគូ ដែលមានជម្លោះដីធ្លីនៅតំបន់ បឹងកក់ ក្រុងភ្នំពេញ។ 

ក្រុមហ៊ុនរបស់ យាយ ភូ និង ឡៅ ម៉េងឃិន ភាពីម៉ិច មានឧកញ៉ា ស៊ី គង់ទ្រីវ ដាក់ហ៊ុន ទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំ ១ម៉ឺន ៧ពាន់ ៦រយ ហិកតារ ក្នុងខេត្តកំពង់ឆ្នាំង។ ប៉ុន្តែ នៅឆ្នាំ២០១៦ ចាញ់ក្តីប្រជាពលរដ្ឋ ហើយប្រគល់ដី ១ម៉ឺន ៧ពាន់ហិកតារ ទៅប្រជារាស្រ្តវិញ ។ ក្នុងខេត្តពោធិ៍សាត់ យាយ ភូ បានទទួលដីសម្បទានសេដ្ឋកិច្ចទំហំ ១៣ម៉ឺនហិកតារ។ ទំហំដីសម្បទានសេដ្ឋកិច្ចទាំងអស់នោះ សុទ្ធតែផ្ទុយពីគោលការណ៍ច្បាប់ ដែលអនុញ្ញាតមិនឲ្យលើសពី ១ម៉ឺនហិកតារ។ យោធភូមិភាគទី៥ ដែលមានបញ្ជាការដ្ឋាននៅទីរួមខេត្តបាត់ដំបង ស្ថិតក្រោមបញ្ជាឧត្តមសេនីយ៍ឯក ប៊ុន សុង ក្រោយមកក្រោមបញ្ជាឧត្តមសេនីយ៍ឯក ឯក សំអូន នៅឆ្នាំ២០១៩។

ជាបន្តទៅទៀតនេះ សូមជូនចំណង សម្ពន្ធមេត្រីភាព រវាងកងកម្លាំងប្រដាប់អាវុធ និង សហគ្រាសឯកជន៖

យោធភូមិភាគពិសេស

មានខេត្តកណ្តាល កំពង់ឆ្នាំង និង រាជធានីភ្នំពេញ មានបញ្ជាការដ្ឋាន ស្ថិតនៅក្រុងភ្នំពេញ៖

−     កងការពារព្រំដែនលេខ៦០១ ភ្ជាប់មួយជាសាលាខេត្តកណ្តាល និង ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ 

−     កងពលតូចឆត្រយោង៩១១ ក្រោមបញ្ជាឧត្តមសេនីយ៍ ចាប ភក្តី ភ្ជាប់ជាមួយក្រសួង 

−     អប់រំ យុវជន និង កីឡា និង ក្រុមហ៊ុន ស៊ុយ សុផាន

អង្គភាពកងនគរបាលជាតិ

ភូមិភាគ ៤

−     កងវរសេនាតូចលេខ១០៥ ភ្ជាប់ជាមួយក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ វិទ្យុ និង ទូរទស្សន៍បាយ័ន

−     កងវរសេនាតូចលេខ៧៩៣ ភ្ជាប់ជាមួយ សាលារាជធានី (សាលាក្រុង) និង ក្រុមហ៊ុនទូរស័ព្ទម៉ូប៊ីតែល ០១២

−     កងវរសេនាតូចលេខ៧៩៥ ភ្ជាប់ជាមួយក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និង ក្រុម ហ៊ុន តេលា

−     កងវរសេនាតូចលេខ៩០៥ភ្ជាប់ជាមួយក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និង ធនា គារ អេអិនហ្ស៊ី (ANZ) ពីប្រទេសអូស្រ្តាលី និង នូវ៉ែលហ្សេឡង់ដ៍

−     កងវរសេនាតូចលេខ៧០២ ភ្ជាប់ជាមួយ អគ្គិសនីកម្ពុជា និង ក្រុមហ៊ុន លី យ៉ុងផាត់

ភូមិភាគ ៥

−     កងវរសេនាតូចលេខ ៨០៧ ភ្ជាប់ជាមួយក្រសួង ព័ត៌មាន និង ក្រុមហ៊ុន OMC

−     កងវរសេនាតូចលេខ៩១១ ភ្ជាប់ជាមួយក្រសួង ព័ត៌មាន និង ធានាគារពាណិជ្ជកម្មក្រៅប្រទេស

−     កងវរសេនាតូចលេខ៨៩១ ភ្ជាប់ជាមួយ សាលាខេត្តបន្ទាយមានជ័យ និង ក្រុមហ៊ុន លី ឈួង

−     កងវរសេនាតូចលេខ៨១៥ ភ្ជាប់ជាមួយ សាលាខេត្តបន្ទាយមានជ័យ និង ធនាគារ

កាណាឌីយ៉ា

−     កងវរសេនាតូចលេខ៨១៧ ភ្ជាប់ជាមួយ សាលាខេត្តបាត់ដំបង និង ក្រុមហ៊ុន សូគីម៉ិច

−     កងវរសេនាតូចលេខ៨១៩ ភ្ជាប់ជាមួយ សាលាខេត្តបាត់ដំបង និង ក្រុមហ៊ុន សូគីម៉ិច

−     កងវរសេនាតូចលេខ៨២១ ភ្ជាប់ជាមួយ សាលាខេត្តប៉ៃលិន និង ក្រុមហ៊ុន ជីវ ឡេង

−     កងវរសេនាតូចលេខ៨២៣ ភ្ជាប់ជាមួយក្រសួង ផែនការ និង ក្រុមហ៊ុន ណាវី ហ្គាមិន

−     កងវរសេនាតូចលេខ៣១០ ភ្ជាប់ជាមួយក្រសួង ផែនការ និង ក្រុមហ៊ុន សោម សុផល

−     កងវរសេនាតូចលេខ៨២៥ ភ្ជាប់ជាមួយក្រសួង ឧស្សាហកម្ម ថាមពល និង រ៉ែ និង

ក្រុមហ៊ុន ទ្រី ភាព

ភូមិភាគ ៣

−     កងវរសេនាតូចលេខ៨២៧ ភ្ជាប់ជាមួយក្រសួង ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និង អធិការកិច្ច និង ក្រុមហ៊ុន ម៉ុង ឫទ្ធី 

−     កងវរសេនាតូចលេខ២៦៩ ភ្ជាប់ជាមួយក្រសួង ទំនាក់់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និង ក្រុមហ៊ុន គូ ហ៊ូឡុង 

សប្តាហ៍ក្រោយ សូមជូនខ្លឹមសារច្បាប់អន្តរជាតិ ស្តីអំពី ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ ទងនឹង ឧក្រិដ្ឋកម្មប្រឆាំង ឬ បំផ្លាញធនធានធម្មជាតិ និង បរិស្ថាន កំពុងពិចារណាក្នុង តុលា ការព្រហ្មទណ្ឌអន្តរជាតិ នាឆ្នាំ២០១៦ យោងតាមច្បាប់ ក្រុងរ៉ូម ព្រមទាំងសេចក្តីរាយការណ៍អំពី រហស័នាមសេដ្ឋី នៅស្រុកខ្មែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស