34 C
Phnom Penh

ភាគ៖ តើឧកញ៉ាលីយ៉ុងផាត់ជានណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យើងបានរាយការណ៍កន្លងមកថា យើងនឹងជម្រាបអំពី សេដ្ឋី មានងារ ឧកញ៉ា ចំនួន ១០នាក់ក្នុងចំណោមឧកញ៉ាចំនួនជាង៧រយនាក់ ឬ ជិត១ពាន់នាក់នៅស្រុកខ្មែរបច្ចុប្បន្ននេះ។ មុននឹងរាយការណ៍បន្តអំពីឧកញ៉ាទី២ បន្ទាប់ពីឧកញ៉ា គិត ម៉េង តាមលំដាប់លេខរៀង ផ្សាយ

ចេញពីការបែកធ្លាយសេចក្តីរាយការណ៍សម្ងាត់តាមសារទូរលេខពីស្ថានទូតស.រ.អាដោយWikiLeaks យើងខ្ញុំសូមរាយការណ៍ជូនដោយសង្ខេបនូវប្រវត្តិការងារបម្រើជាតិ បម្រើព្រះមហាក្សត្រ នៃពពួកឧកញ៉ាក្នុងសតវត្សទី១៩។

ថ្នាក់ឧកញ៉ា មានថានៈខ្ពស់ជាងថ្នាក់ព្រះ ហើយព្រះរាជាខ្មែរនាដើមសតវត្សទី១៩ ប្រោសប្រទានថានៈនេះដល់បុគ្គលណាដែលបានបង្ហាញភក្តីភាព ស្មោះស្ម័គ្រ ស្មោះ ត្រង់ បម្រើព្រះអង្គឥតងាករេបែកបែរលុះអស់ជីវិត ពោលគឺ ដូចអ្វីដែលបណ្ឌិត ហ្គាហ្វា ពាងម៉េត អតីតសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ នៃសកល វិទ្យាល័យអាមេរិកាំង ហ្គាម បានពណ៌ នាអំពីការប្រតិ បត្តិក្នុងវប្បធម៌ខ្មែរ៖ គោរព កោតខ្លាច ស្មោះត្រង់ បម្រើ ការពារ។ ពពួកឧក ញ៉ាគ្រានោះ ការពារព្រះរាជា ស្តេចផែនដី ព្រះរាជបល្ល័ង្ក វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជានិមិត្តរូបជាតិខ្មែរ មិនឲ្យជាតិសាសន៍ដទៃណារំលាយឲ្យសាបសូន្យបានទេ។

ក្នុងរជ្ជកាលមហាក្សត្រី អង្គ ម៉ី អធិរាជយួន មិញ ម៉ាង បានព្យាយាមអស់រយៈពេលយ៉ាងតិច៥ឆ្នាំ ដោយបញ្ជាឧត្តមសេនីយ៍ ទ្រឿង មិញយ៉ាង អនុវត្តផែនការជាច្រើនអន្លើ ដើម្បីរំលាយខ្មែរឲ្យក្លាយជាយួនតាមគ្រប់មធ្យោ បាយ ទាំងប្រើចិត្តសាស្រ្ត ទាំងប្រើកម្លាំងទ័ព។ គេចង់ត្រួត ត្រា ក្តោបក្តាប់ កាន់កាប់ខ្មែរ ទាំងមនុស្ស ទាំងទឹកដី ទាំងធនធាន។ គេបញ្ជូនទណ្ឌិតគ្រប់ជំពូក ចូលមកធ្វើអា ជីវកម្មកសិកម្មក្នុងទឹកដីខ្មែរ។

គេបញ្ជូនព្រះសង្ឃរបស់គេឲ្យមកអប់រំ បង្រៀនធម៌អាថ៌របៀបគេជំនួសព្រះ សង្ឃខ្មែរ បញ្ជូនហ្មគ្រូរបៀន មន្តអាគមគាថា មកពង្វក់ជំនឿ បន្ទន់បន្សាបស្មារតីខ្មែរ។ គួរកត់សម្គាល់ថា ប្រទេសកម្មុយនិស្តក៏គេមានព្រះសង្ឃបក្សដែរ។

យួនគ្រានោះពឹងផ្អែក និង ប្រើពពួកឧកញ៉ា ចៅហ្វាយ ស្រុក ថ្វីបើគេចង់ផ្លាស់ប្តូរងារឧកញ៉ា និង ចៅហ្វាយ ស្រុក ដាក់ងារយួនវិញយ៉ាងណាក្តី ឲ្យវាស់វែងដីធ្លី ធ្វើ បញ្ជីទំហំដីឲ្យគេ ធ្វើជម្រឿនប្រជារាស្រ្តឲ្យច្បាស់ លាស់។ គេប្រើកម្លាំងទ័ពបង្រ្កាបខ្មែរណាប្រឆាំង  តម្លើងបុណ្យស័ក្តិខ្មែរណាចេះរៀបចំខ្លួនសម្របតាមគេ។ គេបញ្ចុះបញ្ចូលខ្មែរឲ្យទទួលយករបៀបរស់នៅបែបយួន កេណ្ឌកម្លាំងខ្មែរឲ្យជួយបង្កបង្កើននិងប្រមូលផលឧបត្ថម្ភទាហានការពារតំបន់ខាងត្បូង និង ខាងលិច កេណ្ឌខ្មែរធ្វើទាហានដើម្បីច្បាំងទប់ទល់នឹងទ័ពសៀម។ ទាំងអស់នេះ គេសុទ្ធតែពឹងពាក់ពពួកឧកញ៉ាទាំងអស់។

ផ្ទុយទៅវិញ ពពួកឧកញ៉ាជាតិនិយម និង ឧញ៉ាស្នេ ហាជាតិសម័យនោះ មិនធ្វើតាមបញ្ជាយួនទេ ហើយចេញ មុខប្រឆាំងទៀតផង។ មានឧកញ៉ាខ្លះបូជាជីវិតប្រឆាំងនឹងយួនដើម្បីការពារលក្ខណៈខ្មែរ។

ដោយបារម្ភអំពីការសាបសូន្យអត្តសញ្ញាណជាតិខ្មែរ ពីឆ្នាំ១៨៣៥ដល់ឆ្នាំ១៨៤០ ពពួកឧក ញ៉ាបានប្រឹងប្រែង ស្វះស្វែងរកគ្រប់មធ្យោបាយ ដូចជាកេណ្ឌកម្លាំងប្រជា រាស្រ្តបះបោរ ងើប តតាំងប្រឆាំងការប៉ុនប៉ងរំលាយរាជវង្ស ព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ជាតិខ្មែរ និង ទឹកដី។

លទ្ធផលចុងក្រោយ ខ្មែរដណ្តើមបានសិទ្ធិរក្សាមហាក្សត្រខ្មែរ សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្រ្ត ទឹកដីខ្មែរឲ្យរួច ផុតពីក្រញ៉ាំ មហិច្ឆិតាយួនឡើងវិញចាប់ពីឆ្នាំ១៨៤១ មក។ យុទ្ធសាស្រ្តយួនសម័យនោះ ក្រោមអធិរាជ មិញ ម៉ាង មានភាពស្រដៀងនឹងយុទ្ធសាស្រ្តយួនឈ្លានពាន វាយទន្រ្ទាន លុកលុយស្រុកខ្មែរមុនឆ្នាំ និង ក្រោយឆ្នាំ១៩៧៩ដូច្នោះដែរ។  

ពពួកឧកញ៉ាសម័យបច្ចុប្បន្ននេះប្រើលុយ ប្រើខ្សែស្រ ឡាយរណេបរណប រកលុយទិញងារ ឧកញ៉ា ទាំងចាស់ ទាំងក្មេង។ មុខរបរភាគច្រើនរបស់ពួកឧកញ៉ាខ្លះ ផ្តើមពីការរកស៊ីបំពាន ច្បាប់។ ឧកញ៉ាជាងារសម្រាប់ពលរដ្ឋស៊ីវិល មិនមែនសម្រាប់ទាហានទេ។ មុនឆ្នាំ១៩៧៥ ឧកញ៉ានៅស្រុកខ្មែរ មានប្រមាណ៥នាក់ប៉ុណ្ណោះ។

មកទល់ឆ្នាំ២០១៧ ឧកញ៉ាមានប្រមាណ ៧០០នាក់ ហើយជាវិធីរកចំណូលក្រោយពីរាជរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតងារឧកញ៉ា នៅឆ្នាំ១៩៩៤។ ចំនួនមនុស្សមានងារឧកញ៉ា រីកដូចប៉ឺតប៉ោង គឺនៅឆ្នាំ២០០៤ មានប្រមាណ ២០នាក់ ដល់ឆ្នាំ២០០៨ កើនដល់២០០នាក់។ 

ឧកញ៉ា លី យ៉ុងផាត់ ឈ្មោះដើម ផាត់ ស៊ុផាផា សញ្ជាតិខ្មែរ−ថៃ មានរហសនាមថា ស្តេចកោះកុង (King of Koh Kong) មានឈ្មោះតាមលេខរៀងងារឧកញ៉ាទី៥៧។ ឧកញ៉ា លី យ៉ុង ផាត់ បានទទួលងារជាឧកញ៉ានៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៩៨ តាមរយៈព្រះរាជក្រឹត្យលេខ ០៨៩៨/៥៨។ នៅថ្ងៃទី២៤ ខែ សីហា ឆ្នាំដដែល ឧកញ៉ាម្នាក់លំដាប់លេខ៥៦ ឈ្មោះ លី សាយឃាង ទទួលងារដូចគ្នា តាមរយៈព្រះរាជក្រឹត្យលេខ ០៨៩៨/៥៧។ តាមសេចក្តីរាយការណ៍សម្ងាត់ ឧកញ៉ា លី យ៉ុងផាត់ កើតក្នុងខេត្តកោះកុង ឆ្នាំ១៩៥៨ រៀនមិនចប់វិទ្យាល័យទេ ប៉ុន្តែ រកស៊ីបានជោគជ័យជាសេដ្ឋី ដោយនាំចូលនាំចេញបារី ថ្នាំជក់តាមខេត្តព្រំដែនខ្មែរថៃ តភ្ជាប់ចរន្តភ្លើងអគ្គិសនី សង់បនល្បែងកាស៊ីណូតាមព្រំដែន និង ទីសម្រាកលំហែកាយកំសាន្ត ហៅថា រីហ្ស៊ត (casino and resort)។

ឧកញ៉ា លី យ៉ុងផាត់ មានទំនាក់ទំនងល្អជាមួយមន្រ្តីតូចធំទាំងសងខាងព្រំដែនខ្មែរ−ថៃ មានឧត្តមសេនីយ៍ រដ្ឋមន្រ្តីក្រសួង ការពារជាតិ ទៀ បាញ់ ឧត្តមនាវី ទៀ វីញ មេបញ្ជាការកងទ័ពជើងទឹក ហើយនិង ចៅហ្វាយ ខេត្តកោះកុង យុទ្ធ ភូថង

អតីតចៅហ្វាយក្រុងព្រះសី ហនុ សាយ ហាក់ ត្រូវជាបងប្អូនជីដូនមួយនឹងឧកញ៉ា លី យ៉ុងផាត់។ ក្រៅពីងារឧកញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាពីខាងបក្ស ប្រជាជនកម្ពុជា។ ឧកញ៉ា លី យ៉ុងផាត់ ប្រាប់គេប្រាប់ឯងថានាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់សិទ្ធិឲ្យលោកអភិវឌ្ឍខេត្តកោះកុង ស្រុក កំណើតរបស់លោក។

ឧកញ៉ា លី យ៉ុងផាត់ មានថានៈជាសមាជិកក្រុមអភិបាល កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភរិយានាយករដ្ឋមន្ត្រី ប៊ុនរ៉ានី ហ៊ុន សែន ជាម្ចាស់ក្រុមហ៊ុនចែកចាយបារី ថ្នាំជក់ឈ្មោះ Hero King ជាអភិបាលគ្រប់គ្រងហ៊ុន ក្រុមហ៊ុន ឧស្សាហកម្មស្ករកោះកុង (Koh Kong Sugar Industry Co., Ltd.) និង ក្រុមហ៊ុន ចំការអំពៅកោះកុង (Koh Kong Sugar Plantation Co. Ltd.)។

ឧកញ៉ា លី យ៉ុងផាត់ បានទទួលដីសម្បទានសេដ្ឋកិច្ចក្នុងឆ្នាំ២០០៦ ទំហំលើសពី១ម៉ឺនហិកតារ ពាណិជ្ជកររូបនេះ បានប្រើឥទ្ធិពលរបស់ខ្លួន បញ្ជូនកម្លាំងកង រាជអាវុធហត្ថទៅទន្រ្ទាន ឈូសឆាយ ឆ្ការកាប់ ច្បាមយកដីធ្លីប្រជាពលរដ្ឋខ្មែរ រួចដុតផលដំណាំ និង បណ្តេញអ្នកស្រុកចេញពីផ្ទះសម្បែងផង។

សេចក្តីរាយការណ៍ពីអង្គការ Land Watch Asia និយាយថា នៅឆ្នាំ២០១០ និង ២០១១ សេដ្ឋី លី យ៉ុងផាត់ និងភរិយាឈ្មោះ គិម ហ៊ាង បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំ២ម៉ឺន ៣ពាន់ហិកតារ ក្នុងខេត្តកោះកុង និង ខេត្តកំពង់ស្ពឺ សម្រាប់ថិរវេលា៩០ឆ្នាំ។

បន្ទាប់មកគេបានស្វែងរកទុនពីក្រៅស្រុកដើម្បីចូលហ៊ុនដាំអំពៅ៖ ក្រុមហ៊ុនថៃឈ្មោះ កនកែន មានហ៊ុន៥០% ក្រុមហ៊ុនតែវ៉ាន់ មានហ៊ុន៣០% ឧកញ៉ា លី យ៉ុងផាត់ មានហ៊ុន២០% ដែលបង្ហាញ អំពីភាពមិនស្របច្បាប់ត្រង់ចំណុចថា ជន បរទេស ឬ ក្រុមហ៊ុនបរទេស មិនអាចមានសិទ្ធិយកភាគ ហ៊ុនលើសពីជនជាតិខ្មែរ។ ការធ្វើសម្បទានដីសេដ្ឋកិច្ចនេះ ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋប្រមាណពី៥០០ ដល់ជាង១ពាន់គ្រួសារ ទាំងក្នុងខេត្តកោះកុង និង ទាំងក្នុងខេត្តកំពង់ស្ពឺ។ 

ក្រុមហ៊ុនចំការអំពៅធ្វើស្ករ ស ដែលឧកញ៉ា លី យ៉ុងផាត់ នាំបរទេសចូលហ៊ុនរកស៊ី បានប្រឈមនឹងពាក្យបណ្តឹងក្នុងតុលាការប្រទេសអង់គ្លេស ដោយគេប្រសិទ្ធិ នាមថា ស្ករឈាម ឬអង់គ្លេសហៅថា blood sugar

ក្នុងពាក្យបណ្តឹងក៏មាននិយាយអំពីការប្រើពលកម្មកុមារក្នុង ចំការអំពៅផងដែរ ក្នុងការផ្តល់ផលិតផលស្ករអំពៅឲ្យក្រុមហ៊ុនស្ករ ស អង់គ្លេស  Tate & Lyle Sugars។ កសិឧស្សហកម្មស្ករអំពៅរបស់ក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុនបរទេស មានខ្ចីទុនពីធនាគារអូស្រ្តា លី ANZ ដែលចូលហ៊ុនដោយឧកញ៉ា គិត ម៉េង  ANZ Royal Bank។ ឧកញ៉ា លី យ៉ុងផាត់ ក៏ស្ថិតនៅក្នុងចំ ណោមឧកញ៉ារំលោភសិទ្ធិមនុស្សដែរ។

ភាគបន្តសប្តាហ៍ក្រោយ សូមជូនឈ្មោះសេដ្ឋី អ្នកចាត់ ចែងរកលុយធំឲ្យលោក ហ៊ុន សែន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស