សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែមេសា នេះ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជាបន្ទាន់ដើម្បីចាត់ការតាមនីតិវិធី ក្រោមបទចោទថា បានញុះញង់ ឱ្យ ពលរដ្ឋងើបបះបោរប្រឆាំង នឹងវិធានការបិទខ្ទប់របស់រដ្ឋាភិបាលកម្ពុជា។
ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ពេជ វិជ្ជាធរ អះអាងថា អតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី បានរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺ Covid-19 និងបានញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលល្មើសទៅនឹងមាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCovid-19 និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត។
លើសពីនេះ ក៏បានល្មើសទៅនឹងមាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ផងដែរ។
ការចោទប្រកាន់នេះធ្វើឡើង ក្រោយពីអតីតប្រធានបក្សប្រឆាំងរូបនេះបង្ហោះវីដេអូ ដោយជំរុញឲ្យពលរដ្ឋនៅទីក្រុងភ្នំពេញ សម្រុកចេញពីផ្ទះ ដើម្បីទៅរកប្រាក់ចំណូល និងចំណីអាហារ។
អតីតប្រធានបក្សប្រឆាំង បានបង្ហោះវីដេអូក្នុងទំព័រ Facebook របស់លោកដែលមានប្រវែងជិត ៦នាទី កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះ ដោយអំពាវនាវឲ្យ ពលរដ្ឋដែលកំពុងត្រូវបិទខ្ទប់នាំគ្នាសម្រុកចេញពីផ្ទះ ព្រោះថា ប្រសិនបើពលរដ្ឋនាំគ្នាចេញពីផ្ទះស្រុះគ្នា នោះរដ្ឋាភិបាលក្រុងភ្នំពេញ នឹងមិនហ៊ានបង្ក្រាបពលរដ្ឋជាដាច់ខាត។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដោយសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល៧ថ្ងៃបន្ថែមទៀតដោយគិតចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបន្តការទប់ស្កាត់នៃការវិវត្តន៍ និងការរីករាលដាលនៃជំងឺCovid-19។
អតីតប្រធានបក្សប្រឆាំងរូបនេះ រិះគន់ថា រដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាលដែលអសមត្ថភាព គ្មានស្មារតីទទួលខុសត្រូវ មិនបានគ្រប់គ្រងការខ្ទប់បិទនេះគ្រប់ជ្រុងជ្រោយ ពីព្រោះមិនបានចាត់វិធានការសមស្រប ដើម្បីផ្គត់ផ្គង់ស្បៀងអាហារ ជូនពលរដ្ឋ ហើយបណ្តោយឲ្យ ពលរដ្ឋស្លាប់បន្តិចម្តងៗ ដោយខ្វះចំណីអាហារទ្រទ្រង់ជីវិត។
លោក ហ៊ុន សែនកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កន្លងមកនេះធ្លាប់ទទួលស្គាល់ដែរថា កម្ពុជា កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះមហន្តរាយ ដោយសារការរីករាលដាលនៃជំងឺCovid-19 ប្រសិនបើរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា រួមនឹងការចូលរួមពី ពលរដ្ឋផងដែរទេនោះ។
ទោះជាយ៉ាងណាក៏ដោយ អនុប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ាប គឹមសេង បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ មេសា នេះថា ដីកាចាប់ខ្លួនអតីតមេបក្សប្រឆាំងរូបនេះ ធ្វើឡើងក្នុងន័យគម្រាមពលរដ្ឋក្នុងតំបន់បិទខ្ទប់កុំឲ្យមានការតវ៉ាតែប៉ុណ្ណោះ។
លោក អះអាងថា ការបិទខ្ទប់ដែលរដ្ឋាភិបាលអនុវត្តកន្លងមកប្រៀបបាននឹងការធ្វើទណ្ឌកម្មលើពលរដ្ឋខ្លួនឯងដែរ ដោយសារមិនមានការចែកស្បៀង និងជំនួយសង្គមផ្សេងៗ ដែលស្របទៅនឹងកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលត្រូវធ្វើក្នុងស្ថានភាពនេះ ជាងនេះទៀត ក៏ជាលេសរបស់ លោក ហ៊ុន សែន ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋកុំឲ្យចេញតវ៉ាទាមទារជំនួយផ្សេងៗពីរដ្ឋាភិបាលផងដែរ បើទោះបីជាពួកគេត្រូវធ្លាក់ក្នុងវិបត្តិសេដ្ឋគ្រួសាររហូតដល់ដាច់បាយបណ្តើរៗក៏ដោយ។
ចំណែក អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោក គឹម សុខ លើកឡើងថា ទោះដីកាបង្គាប់នេះ និយាយពីឈ្មោះលោក សម រង្ស៊ី ក៏ពិតមែន ប៉ុន្តែដីកានេះ ធ្វើឡើងក្នុងគោលដៅគំរាមពលរដ្ឋទូទាំងប្រទេសខណៈប្រជាពលរដ្ឋ កំពុងដាច់បាយ អត់លុយបង់ថ្លៃទឹក ថ្លៃភ្លើង ថ្លៃឈ្នួលផ្ទះ និងបំណុលធនាគារ ស្របពេលដែលមេរោគកូវីដ កំពុងឆ្លងខ្លាំង ហើយរដ្ឋាភិបាលមិនជួយដោះស្រាយ ដូច្នេះប្រតិកម្មតវ៉ារបស់ពលរដ្ឋអាចនឹងផ្ទុះ បើការបិទខ្ទប់នៅបន្តច្រើនសប្ដាហ៍ទៀត ។
ករណីនេះ លោកថា ក្រុមលោក ហ៊ុន សែន ចេញដីកាបុកលោក សម រង្ស៊ី ដើម្បីដោះខ្លួនពីជួយពលរដ្ឋ និងមានលេសចាប់ពលរដ្ឋណា ដែលហ៊ានតវ៉ា ដោយភ្ជាប់នឹងរឿងលោក សម រង្ស៊ីតែម្តង។
គិតត្រឹមខែមីនា ឆ្នាំ២០២១ លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជាកាត់ទោសឱ្យជាប់ពន្ធនាគារជិត៥០ ឆ្នាំ នៅក្នុងសំណុំរឿងឧបឃាតប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល សំណុំរឿងប្រមាថអង្គព្រះមហាក្សត្រ និងសំណុំរឿងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាដើម៕