ក្រុមអ្នកតស៊ូរមតិថា ប្រិតកម្មថា ដីកាបង្គាប់ឲ្យចាប់ខ្លួន អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ជាល្បែងរបស់មេៗនយោបាយប៉ុណ្ណោះ ហើយល្បែងធ្វើឡើងដើម្បីកេងចំណេញនយោបាយបុគ្គលរៀងៗខ្លួន ខណៈបំផ្លាញផលប្រយោជន៍ពលរដ្ឋយ៉ាងធំធេង។
អនុប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានសរសេរលើគណនី Facebook របស់នៅថ្ងៃទី២៩ ខែមេសា នេះថា បើពិនិត្យមើលដីកាចាប់ខ្លួនរបស់តុលាការក្រុងភ្នំពេញ មួយភ្លែត ទំនងដូចជាលោក ហ៊ុន សែន ខ្លាចលោក សម រង្ស៊ី ណាស់។
លោកអះអាងថា ប្រសិនបើពិចារណាលើដំណើរការព្រឹត្តិការណ៍ឲ្យបានហ្មត់ចត់នឹងឃើញច្បាស់ថា លោក ហ៊ុន សែន កំពុងលេងល្បែងនយោបាយចាក់បណ្ដោយតាមការអំពាវនាវរបស់លោក សម រង្ស៊ី មួយក្បាច់ ដែលធ្វើឲ្យពលរដ្ឋខ្មែរ អស់ផ្លូវងើបតវ៉ាទាមទារជំនួយ សង្គមពីរដ្ឋាភិបាលក្នុងអំឡុងពេលបិទខ្ទប់នេះ ព្រោះថា បើតវ៉ាទាមទារជំនួយសង្គមទាំងនោះនឹងត្រូវគេចោទថា ជាក្រុមបះបោរមិនខាន។
លោក គឹម សុខ បញ្ជាក់ថា ដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី នេះ ធ្វើឲ្យលោក ហ៊ុន សែន អាម៉ាស់ខ្លះដែរ ដែលបង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់គាត់។
ប៉ុន្តែសេណារ៉េយូមួយនេះអាចឲ្យលោក ហ៊ុន សែន ចំណេញនយោបាយកប់ក្ដោង ក្នុងការបង្ក្រាបប្រតិកម្ម ងើបតវ៉ារបស់ពលរដ្ឋ ដែលរដ្ឋាភិបាលមិនបានអនុវត្តគោលនយោបាយ ដោះស្រាយស្បៀង ឧបត្ថម្ភប្រាក់ ជួយបន្ធូរបន្ថយបំណុលធនាគារ អនុគ្រោះថ្លៃទឹក ភ្លើង និងថ្លៃផ្ទះជួល ជាដើម ដល់ពលរដ្ឋដែលកំពុងទទួលរងផលប៉ះពាល់ពីវិបត្តិសកលនេះ។
អ្នកវិភាគរូបនេះ គូសបញ្ជាក់ថា ល្បែងនេះគ្រាន់តែអាចឲ្យលោក សម រង្ស៊ី បានផលនយោបាយបន្តិចបន្តួច ដែលអាចត្រឹមតែយកទៅផ្សព្វផ្សាយថា លោក ហ៊ុន សែន កំពុងខ្លាចរូបលោក ឬបានត្រឹមតែជាការបង្កើតព្រឹត្តិការណ៍អាយ៉ៃឆ្លើយឆ្លងនយោបាយគ្នា រវាង ហ៊ុន សែន-សម រង្ស៊ី ប៉ុណ្ណោះ ប៉ុន្តែលទ្ធផលចុងក្រោយគឺជាអន្ទាក់ចងប្រជាពលរដ្ឋខ្មែរទៅវិញទេ។
លោក គឹម សុខ សង្កត់ធ្ងន់ថា ទីបំផុតនៃល្បែងមេដឹកនាំនយោបាយទាំងពីររូបនេះ គឺជាការធ្វើទារុណកម្មពលរដ្ឋប៉ុណ្ណោះ ព្រោះថា រដ្ឋាភិបាលមិនព្រមដោះស្រាយស្បៀងឲ្យហើយ មានទាំងលេសបង្ក្រាបពលរដ្ឋថែមទៀត ត្បិតខ្លឹមសារនៃដីកានេះ បើទោះបីបានចុចចំឈ្មោះ លោក សម រង្ស៊ី ក៏ដោយ ប៉ុន្តែអត្ថន័យ និងឥទ្ធិពលពិតប្រាកដរបស់វា បានបាញ់សំដៅទៅដល់ពលរដ្ឋខ្មែរ ដែលកំពុងរងការគាបសង្កត់នៅក្នុងស្រុកឯណោះ។
ការរិះគន់នេះធ្វើឡើងបន្ទាប់ពីសាលាដំបូងក្រុងភ្នំពេញ បានចេញដីកាចាប់ខ្លួនអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ក្រោមបទចោទថា បានបានរារាំងដល់ការអនុវត្តវិធានការ របស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19។
សាលាដំបូងក្រុងភ្នំពេញបានចេញដីកាកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បង្គាប់ឲ្យចាប់ខ្លួន អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្រោមបទចោទថា បានរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលខុសទៅនឹង មាត្រា១១ នៃច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺCovid-19 និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត។
លើសពីនេះ តុលាការក្រុងភ្នំពេញ ក៏បានចោទពីបទថាបាន ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមផងដែរ ដែលល្មើសទៅនឹង មាត្រា៤៩៤និង មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនអតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី ធ្វើឡើងបន្ទាប់ ពីលោកបានបង្ហោះវីដេអូក្នុងទំព័រ Facebook របស់លោក កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អំពាវនាវឲ្យពលរដ្ឋដែលកំពុងត្រូវបិទបានខ្ទប់ នាំគ្នាសម្រុកចេញពីផ្ទះ ធ្វើដំណើរតាមទីសាធារណៈ និងប្រកបរបរចិញ្ចឹមជីវិតដូចធម្មតា ដោយលោក អះអាង ការបិទខ្ទប់ដោយគ្មានស្បៀងឧបត្ថម្ភ ពីរដ្ឋាភិបាលបែបនេះ គឺជាវិធានការមិនត្រឹមត្រូវ៕