34 C
Phnom Penh

គណបក្សក្រៅរដ្ឋាភិបាល គាំទ្រអង្គការសមាគម ដែលស្នើឲ្យរដ្ឋាភិបាលជួយសម្រួលជីវភាពនិយោជិតកម្មករក្នុងការរីករាលដាលនៃជំងឺCovid-19

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP ប្រកាសជំហរ គាំទ្រសេចក្តីថ្លែងរបស់អង្គការសមាគមន៍ជិត ៤០ស្ថាប័ន ដែលស្នើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ជួយសម្រួលជីវភាពនិយោជិតកម្មករឲ្យបានល្អប្រសើរនៅតាមកន្លែងការងារក្នុងអំឡុងនៃវិបត្តិសកលនេះ។

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាលគួរពិចារណាប្រមូលទិន្នន័យកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ដែលទទួលផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺCovid-19 ដោយការកំណត់មុខសញ្ញា និងទីតាំងឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការដាក់ចេញនូវវិធានការជំនួយសង្គមនានាដល់ពួកគេឲ្យបានទាន់ពេលវេលា។ លោកអះអាងថា រដ្ឋាភិបាលមានកាតព្វកិច្ចយ៉ាងសំខាន់ដើម្បីធានាបាននូវសុខមាលភាពសាធារណៈជូន ពលរដ្ឋ លើសពីនេះការធានានូវសន្តិសុខស្បៀងសម្រាប់ពលរដ្ឋ   ក៏ជារឿងចាំបាច់ផងដែរ ព្រោះថា បន្ទាប់ពីកម្មករនិយោជិត និងពលរដ្ឋខ្មែរទូទាំងប្រទេសរងការរាតត្បាតនៃជំងឺសកលនេះ ពួកគេបានជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារធ្ងន់ធ្ងរ ជាពិសេស គឺត្រូវប្រឈមនឹងបំណុលធនាគារថែមទៀត។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា ក្នុងស្ថានភាពដ៏លំបាកនេះ តំណាង អង្គការសង្គមស៊ីវិល សហជីព សហគមន៍ សមាគមន៍ អាចរួមចំណែកស្រង់ទិន្នន័យតាមស្ថាប័នរបស់ខ្លួន ដូចជាតាមរោងចក្រ                ជាដើម ដើម្បីប្រមូលរបាយការណ៍ទាំងនោះដាក់ជូនរដ្ឋាភិបាល និងសប្បុរសជននានា ឲ្យជួយដោះស្រាយការលំបាករបស់កម្មករនិយោជិតទាំងនោះឲ្យបានទាន់ពេលវេលា។

អង្គការសមាគមន៍ និងសហជីព សរុបជិត ៤០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីអបអរសាទរនៃការប្រារព្ធទិវាអន្តរជាតិ ដើម្បីរំលឹកដល់ការចងចាំដល់               កម្មករ និងដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធានានូវការស្ដារឡើងវិញនូវសុខមាលភាព សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ និងកម្មករនិយោជិតលើគ្រប់វិស័យ។ ពួកគេ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ អនុវត្ត លក្ខខណ្ឌមួយចំនួន ដើម្បីបញ្ចៀសនូវហានិភ័យដែលកម្មករនិយោជិតកំពុងប្រឈមបច្ចុប្បន្ន រួមមាន រដ្ឋាភិបាលត្រូវដាក់ចេញនូវយន្តការតាមដាន និងត្រួតពិនិត្យ បញ្ហាសុខភាព កម្មករនិយោជិតនៅតាមកន្លែងការងារ ដូចជា ការដ្ឋានសាងសង់ រោងចក្រ ក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា។

រដ្ឋាភិបាល ត្រូវធ្វើអធិការកិច្ចលើក្រុមហ៊ុនទាំងអស់អំពីរបបសន្តិសុខសង្គមចំពោះកម្មករនិយោជិត ប្រកបដោយតម្លាភាព និងត្រូវធានាបាននូវកន្លែងស្នាក់នៅ ស្របតាមវិធានការសុខាភិបាល ដូចជាតម្រូវឲ្យមាន អាល់កុល និងម៉ាស់ ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលត្រូវផ្តល់ជំនួយសង្គម សង្គ្រោះបន្ទាន់ផងដែរ ដូចជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឲ្យបានទាន់ពេលវេលា សម្រាប់កម្មករនិយោជិតដែលកំពុងជួបការលំបាកទាំងនោះ។

កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២១ នេះ កម្មកររោងចក្រ WND បានផ្ទុះការតវ៉ាទាមទារជំនួយរបស់រដ្ឋាភិបាល ខណៈពលរដ្ឋក្នុងខណ្ឌបិទខ្ទប់មួយចំនួនក្នុងទីក្រុងភ្នំពេញ ក៏បានសួរនាំអំពីទឹកប្រាក់ ៣០ម៉ឺនរៀល ដែលរដ្ឋាភិបាលធ្លាប់បានប្រកាសកន្លងមក ដោយពួកគេ បានត្អូញត្អែរថា ចាប់ពីរដ្ឋាភិបាលប្រកាសបិទខ្ទប់ទីក្រុងភ្នំពេញ តាំងពីថ្ងៃទី១៥ មេសា មក ពួកគេមិនទាន់ទទួលបានជំនួយពីរដ្ឋាភិបាលនៅឡើយទេ ហើយគ្រួសារពួកគេក៏ដាច់បាយបណ្តើរៗ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាលលុប ការផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដែលលោកធ្លាប់ប្រកាសកន្លងមក ដោយលោក អះអាងថា រដ្ឋាភិបាលគ្មានថវិកាគ្រប់គ្រាន់សម្រាប់ចែកជូនពលរដ្ឋខ្វះខាតរាប់សិបម៉ឺនគ្រួសារទាំងនោះទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.