33 C
Phnom Penh

មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរតែបញ្ឈប់ការលាបពណ៌លើប្រជាពលរដ្ឋខ្លួនឯងដែលកំពុងតែត្រូវការស្បៀង

បទវិភាគ

សង្គមស៊ីវិលក្នុងស្រុកអំពាវនាវ ឲ្យអាជ្ញាធរបញ្ឈប់ការលាបពណ៌ពលរដ្ឋបន្តទៀត ព្រោះថានេះ ជាកំហុសដ៏ធ្ងន់ធ្ងរមួយក្នុងការបញ្ជូនសារទៅកាន់ប្រមុខរដ្ឋាភិបាល ដែលកាន់ធ្វើឲ្យពលរដ្ឋ និងលោក ហ៊ុន សែន មានការយល់ច្រឡំគ្នាទៅវិញទៅមក។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ ខែមេសា នេះថា អាជ្ញាធរមូលដ្ឋានគួរតែបញ្ចប់ការលាបពណ៌ ពលរដ្ឋដែលបានតវ៉ាសុំជំនួយសង្គមពីរដ្ឋាភិបាលថា ជាការធ្វើឡើងក្នុងរបៀបវារៈនយោបាយបន្តទៀតទៅ ព្រោះថា បើអាជ្ញាធរនៅតែបន្តការលាបពណ៌បែបនេះ នោះពលរដ្ឋកាន់តែមានកំហឹងនឹងរដ្ឋាភិបាល ហើយរដ្ឋាភិបាល ក៏កាន់តែបាត់បង់ប្រជាប្រិយភាពផងដែរ។

លោកអះអាងថា ការទាមទារស្បៀងរបស់ពលរដ្ឋ គឺដោយសារការ អនុវត្តចែកស្បៀងរបស់រដ្ឋាភិបាលកន្លងមក នៅមិនទាន់បានដល់ដៃជនរងគ្រោះឲ្យបានគ្រប់ៗគ្នា និងតាមសេចក្តីត្រូវការរបស់ពួកគេនៅឡើយទេ ដូច្នេះរដ្ឋាភិបាលគួរពិចារណាបង្កើនផែនការនៃការចែកស្បៀងទៅពលរដ្ឋដែលកំពុងត្រូវការសង្គ្រោះស្បៀងអាហារទាំងនោះ ជាបន្ទាន់ ត្បិតពួកគេកំពុងដាច់បាយបណ្តើរៗហើយ។

លោកបញ្ជាក់ថា ដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា រដ្ឋាភិបាលគួរអំពាវនាវឲ្យអង្គការក្រៅរដ្ឋាភិបាល និងសមាគមន៍នានា ដែលមានគម្រោងធ្វើកម្មវិធីសម្បុរធម៌ ផ្តល់ជំនួយសង្គមទៅដល់ពលរដ្ឋ ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរទាំងនោះឲ្យបានឆាប់រហ័ស។

លើសពីនេះ រដ្ឋាភិបាលគួរជួយដោះស្រាយបន្ធូរបន្ថយ ថ្លៃទឹក ភ្លើង ផងដែរ ព្រោះថា ក្នុងស្ថានភាពនេះ ពលរដ្ឋមិនមែនត្រឹមតែខ្វះស្បៀងអាហារប៉ុណ្ណោះទេ ថែមទាំង ត្រូវប្រឈមលើការចំណាយផ្សេងៗទៀតដូចជា ថ្លៃទឹកភ្លើង ជាដើម ជាពិសេស គឺបំណុលធនាគារ តែម្តង។

ពលរដ្ឋជាច្រើនគ្រួសារស្ថិតក្នុងភូមិភ្នាត ទល់មុខវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននាំគ្នាចេញពីក្នុងផ្ទះកាលពីរាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដោយលើកបដាសរសេរថា ពួកគេដាច់បាយហើយ ព្រោះអាជ្ញាធរបិទខ្ទប់ពួកគេតាំងពីថ្ងៃទី១០ ខែមេសា មកម្ល៉េះ។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលមិនខ្វះអំណោយចែកជូនពលរដ្ឋនោះទេ បើទោះបីជារដ្ឋាភិបាលផ្អាកការចែកលុយឲ្យពលរដ្ឋក៏ដោយ តែបញ្ហាស្ថិតនៅត្រង់ថា យន្តការនៃការរៀបចំចែកអំណោយទាំងនោះ គឺនៅមានផលលំបាកនៅឡើយ។

បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចេញសេចក្តីសម្រេចបិទការធ្វើដំណើរក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មកទល់នឹងពេលនេះ គឺមានរយៈ ៤សប្តាហ៍ហើយ ក្នុងនោះតំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ ត្រូវបានកំណត់ជាតំបន់ក្រហមដែលត្រូវហាមឃាត់ការធ្វើដំណើរទាំងស្រុង។ ចំណែកសង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣ នៃខណ្ឌមានជ័យ ក៏ត្រូវបានចាត់ចូលជាតំបន់ក្រហមផងដែរ។

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល អះអាងថា ក្រសួងបានរកឃើញអ្នកវិជ្ជមានវីរុសCovid-19 ថ្មីចំនួន៧៦១នាក់ រីឯអ្នកជាសះស្បើយថ្មីចំនួន១៦៦នាក់ និងអ្នកស្លាប់ថ្មីចំនួន ២នាក់។

ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុសCovid-19សរុបបានកើនឡើងដល់ទៅជាង ១ម៉ឺន ៣ពាន់នាក់ ចំណែកអ្នកជាសះស្បើយសរុបចំនួនជាង ៥ពាន់នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួនជាង ៨ពាន់នាក់ ដោយឡែកអ្នកដែលស្លាប់បានកើនឡើងដល់ ៩៣នាក់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស