27 C
Phnom Penh

នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរខួប ២២ឆ្នាំ ដែលកម្ពុជា បានក្លាយជាសមាជិកអាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានសម្ដែងការអបអរសាទរខួប ២២ឆ្នាំ របស់កម្ពុជា ដែលត្រូវបានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន (ASEAN) សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន នៅឆ្នាំ១៩៩៩។

លោក ហ៊ុន សែន បានសរសេរលើទំព័រFacebook ផ្លូវការរបស់លោកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះថា បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជា ត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

លោកអះអាងថា ចាប់តាំងពីកម្ពុជា បានក្លាយជាសមាជិកអាស៊ានមក កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្ដោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។

លោកបញ្ជាក់ថា អាស៊ាន បានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ ការអភិវឌ្ឍផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោកបញ្ជាក់ថា ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់កម្ពុជា ក្នុងការពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្ម នៅក្នុងតំបន់ផងដែរ។

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជា ត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្រោយពីមានការពន្យារពេលអស់រយៈពេល ២ឆ្នាំ ក្រោមហេតុផលថា លោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារទម្លាក់ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណ ហ្វ៊ុនស៊ិនប៉ិច ដែលបង្ហាញឲ្យឃើញនូវការរំលោភគោលការណ៍ លទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។

អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក រួមមាន ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះថា តាមការគ្រោងទុក កម្ពុជា ត្រូវបានចូលជាសមាជិក អាស៊ាន តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ ប៉ុន្តែត្រូវខកខានទៅវិញដោយសាររដ្ឋប្រហាររបស់លោក ហ៊ុន សែន ទម្លាក់ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ពីនាយករដ្ឋមន្ត្រីទី១ នៅឆ្នាំនោះ។

លោកអះអាងថា បន្ទាប់ពីអាស៊ាន ព្យួរបេក្ខភាពអស់រយៈពេល ២ឆ្នាំ គឺនៅឆ្នាំ១៩៩៩ ជាកិច្ចប្រជុំដែលប្រទេសថៃ ធ្វើជាប្រធានតាមវេនហើយរដ្ឋាភិបាលវៀតណាម បានសុំការអនុញ្ញាតពីរដ្ឋាភិបាលថៃ ឲ្យខ្លួនជាអ្នករៀបចំកិច្ចប្រជុំអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្រោមលេសថា ដើម្បីអបអរសាទរថ្ងៃខួបនៃការឯកភាពជាតិនៃប្រទេសរបស់ខ្លួន។ លោកបញ្ជាក់ថា ពេលនោះរដ្ឋាភិបាលវៀតណាម បានឆក់ឱកាសរកប្រយោជន៍នយោបាយពីកម្ពុជា ដោយហៅឲ្យលោក ហ៊ុន សែន ទៅចូលរួមក្នុងកិច្ចប្រជុំនាពេលនោះ បើទោះជាលោក ហ៊ុន សែន ធ្លាប់បានខឹងសម្បា និងប្រកែកថា លែងត្រូវការចូលជាសមាជិកអាស៊ាន ក៏ដោយ ប៉ុន្តែលោក ហ៊ុន សែន មិនបានបដិសេធការអញ្ជើញរបស់ប្រទេសវៀតណាម នាពេលនោះទេ។ 

ព្រឹត្តិការណ៍ផ្ទុះអាវុធកណ្ដាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី៥ ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ បានបង្កការភ័យខ្លាច និងជ្រួលច្របល់ប្រហាក់ប្រហែលគ្នាទៅនឹងព្រឹត្តិការណ៍ខ្មែរក្រហម ចូលក្រុងភ្នំពេញ កាលពីឆ្នាំ១៩៧៥ ដែរ។ នៅតាមដងវិថី និងនៅជាយទីក្រុងភ្នំពេញ ឮសូរតែសំឡេងគ្រាប់ប្លោងដាក់គ្នារវាងកម្លាំងទ័ពរាជានិយមរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច និងកងទ័ពរបស់លោក ហ៊ុន សែន ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅពេលនោះ។

លោក ថូម៉ាស ហាំម៉ាប៊ឹក តំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកខាងសិទ្ធិមនុស្សនៅកម្ពុជា និងលោក លោក ប្រ៊ែដ អាដាមស៍ នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកផ្នែកអាស៊ី និងជាអតីតមន្ត្រីជាន់ខ្ពស់នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរបាយការណ៍ខែតុលា ឆ្នាំ១៩៩៧ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺជារដ្ឋប្រហារពិតៗរបស់លោក ហ៊ុន សែន។

យ៉ាងណាក៏ដោយលោក ហ៊ុន សែន បានបដិសេធថា វាពុំមែនជាព្រឹត្តិការណ៍រដ្ឋប្រហាររបស់គណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែហេតុការណ៍ដែលកើតឡើងពេលនោះ គឺគ្រាន់តែជាហេតុការណ៍ទប់ទល់សភាពការណ៍ ពីកម្លាំងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំដោយ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស