38 C
Phnom Penh

អភិបាលរងខេត្តកោះកុង ដឹកនាំមន្ត្រីចុះពិនិត្យទីតាំងដី ដែលមានសកម្មភាពឈូសឆាយព្រៃកោងកាង នៅឃុំស្រែអំបិល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានដឹកនាំមន្ត្រីមន្ទីរស្ថាប័នជំនាញចុះពិនិត្យទីតាំងដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន នៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ដែលមានសកម្មភាព ប្រើគ្រឿងចក្រឈូសឆាយនាពេលកន្លងមក។

ការចុះត្រួតពិនិត្យនេះ បន្ទាប់ពីមានអង្គភាពសារព័ត៌មានមួយចំនួន បានចុះផ្សាយថា មានសកម្មភាពគ្រឿងចក្រឈូសឆាយដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន រំលោភយកដីសាធារណៈ របស់រដ្ឋ ធ្វើកម្មសិទ្ធិដោយខុសច្បាប់។

មន្ត្រីរដ្ឋបាលខេត្តកោះកុង បានឲ្យដឹងនៅល្ងាចថ្ងៃទី០៤ ខែឧសភានេះថា បន្ទាប់ពីបានចុះដល់ទីតាំងដីជាក់ស្តែង និងពិនិត្យតាមផែនទីគំនូសបង្ហាញទីតាំងដីមានសកម្មភាពឈូសឆាយដីព្រៃកោងកាង នៅឃុំស្រែអំបិល គឺមន្ត្រីមន្ទីរបរិស្ថាន បានរកឃើញថា តំបន់នេះ បានកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុងរួចហើយ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក៏បានណែនាំដល់អាជ្ញាធរភូមិ – ឃុំ  និងស្រុកស្រែអំបិល ដើម្បីធ្វើរបាយការណ៍លម្អិតអំពីសកម្មភាពឈូសឆាយដីព្រៃកោងកាង នៅចំណុចភូមិចំការក្រោម ឃុំស្រែអំបិលនេះ ឲ្យបានច្បាស់លាស់ ហើយដាក់ជូន ថ្នាក់ដឹកនាំខេត្តកោះកុង ពិនិត្យសម្រេច។

ជាងនេះទៀត  លោកមេភូមិ និងលោកមេឃុំស្រែអំបិល ត្រូវចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋ និងត្រូវថែរក្សាការពារព្រៃកោងកាង ឱ្យបានគងវង្ស ហើយត្រូវរាយការណ៍ជូនរដ្ឋបាលសុ្រកស្រែអំបិលឲ្យបានត្រឹមត្រូវ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស