40.6 C
Phnom Penh

វៀតណាមបញ្ជូនយោធាទៅល្បាតតាមព្រំដែន កម្ពុជា-វៀតណាម រាប់រយនាក់ ក្រោមហេតុផលទប់ស្កាត់ការចម្លងវីរុសCovid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលវៀតណាម បានបញ្ជូនយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើរល្បាតតាមព្រំដែន កម្ពុជា-វៀតណាម ក្រោមហេតុផលដើម្បីការពារពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាម ដែលកំពុងរស់នៅកម្ពុជា ឆ្លងដែនចូល ប្រទេសវៀតណាមដោយខុសច្បាប់ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺ Covid-19 កាលពីដើមខែឧសភានេះ។

ការសែត VN Express International របស់ប្រទេសវៀតណាម បានចុះផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះថា រដ្ឋាភិបាល វៀតណាម បានបញ្ជូនយោធា ជាង៣០០នាក់ ទៅកាន់ព្រំដែនកម្ពុជា កាលពីថ្ងៃទី១ ខែឧសភា ដើម្បីការពារការឆ្លងដែនដោយខុសច្បាប់ ក្នុងពេលនៃការរីករាលដាលនៃជំងឺ Covid-19។

ប្រភពដដែលអះអាងថា នៅខេត្តតៃនិញ ប្រទេសវៀតណាម មានយោធាវៀតណាម ដល់ទៅ ២៥៨នាក់ឯណោះ ដែលបានដើរល្បាតតាមបណ្តោយព្រំដែន ដើម្បីការពារពលរដ្ឋឆ្លងដែនខុសច្បាប់។ ជាងនេះទៀត នៅឯខេត្តប៊ិញភឿក ក៏មានកងទ័ពវៀតណាមជាង ៥០នាក់ផងដែរ ដែលបានទៅដល់ប៉ុស្តិ៍ការពារព្រំដែនដើម្បីទប់ស្កាត់ ការរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ ដែលអាចនាំឲ្យមានការចម្លងវីរុសCovid-19។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលវៀតណាម បានដាក់ពង្រាយកងយោធារបស់ខ្លួន តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ខណៈរដ្ឋាភិបាលកម្ពុជា មិនបានផ្សព្វផ្សាយពីបញ្ហានេះទាល់តែសោះ។

មាត្រា១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ បានចែងថា ដើម្បីថែរក្សាការពារអធិបតេយ្យភាព ឯករាជភាព និងបូរណភាពទឹកដីរៀងៗខ្លួន មិនត្រូវឲ្យមានការគំរាមកំហែង ឬការប្រើកំលាំងប្រឆាំងនឹងបូរណភាពដែនដី ឯករាជ្យនយោបាយ នៃរដ្ឋណាមួយ ឬដោយឥរិយាបថណាមួយដែលមិនស្របនឹងគោលបំណងរបស់អង្គការសហប្រជាជាតិឡើយ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃទី៤ ឧសភា នេះថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលរដ្ឋាភិបាលវៀតណាម បានបញ្ជូនកងទ័ពរាប់រយនាក់ទៅពង្រាយតាមព្រំដែនកម្ពុជា-វៀតណាម ខណៈរដ្ឋាភិបាលកម្ពុជា ហាក់រក្សាភាពស្ងៀមស្ងាត់ ហើយសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលក៏មិនបានចុះផ្សាយផងដែរនោះ។

លោកអះអាងថា ការពង្រាយកងទ័ពរបស់ប្រទេសវៀតណាម ដោយគ្មានការជូនដំណឹងទៅកាន់រដ្ឋាភិបាលកម្ពុជា បែបនេះ គឺជាសញ្ញានៃការគំរាមកំហែងសន្តិជាតិរបស់កម្ពុជា យ៉ាងធ្ងន់ធ្ងរ បើទោះបីជា ភាគីវៀតណាម លើកហេតុផលថាដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ប្រជាជនខ្មែរ ឬប្រជាជនវៀតណាម ដែលកំពុងរស់នៅកម្ពុជា យ៉ាងណាក៏ដោយ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រូបនេះ រិះគន់ថា មកទល់នឹងពេលនេះរដ្ឋាភិបាលកម្ពុជា មិនទាន់បានជូនដំណឹងជាផ្លូវការ ដល់ពលរដ្ឋរបស់ខ្លួន អំពីស្ថានដែលកំពុងតែកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅឡើយទេ។

លើសពីនេះ ការពង្រាយកងយោធារបស់វៀតណាម ក៏ជាការបង្ហាញឲ្យឃើញ ពីសកម្មភាពរបស់រដ្ឋាភិបាលវៀតណាម ដែលកំពុងតែគំរាមកំហែងអធិបតេយ្យភាពរបស់កម្ពុជា និងរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរ ដែលខ្លួនក៏ជាម្ចាស់ហត្ថលេខី ផងដែរនោះ។

ក្រុមអ្នកឃ្លាំមើលសង្គម ព្រមានថា កម្ពុជា នឹងត្រូវរលាយបាត់ពីផែនទីពិភពលោកទៅថ្ងៃអនាគតជាមិនខានឡើយ ប្រសិនបើ កម្ពុជា នៅតែគ្មានឯកភាពជាតិ និងនៅតែមិនអាចប្រើយន្តការអន្តរជាតិ ដើម្បីកំណត់ព្រំដែនរបស់ខ្លួនឲ្យបានច្បាស់លាស់ ជាមួយភាគីវៀតណាម។ បញ្ហានេះកម្ពុជាមិនត្រឹមតែរងនូវវិបត្តិព្រំដែន ដែលទ្រុឌទ្រោមប៉ុណ្ណោះទេតែថែមទាំងប្រឈមនឹងការបាត់ប្រទេសទាំងមូលថែមទៀត។

កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង១២៧០គីឡូម៉ែត្រ ក្នុងនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលកំណត់ព្រំដែនសរុបបានចំនួន ៣១៤បង្គោល ដែលស្មើនឹង៨៤%  រួចរាល់ហើយ ខណៈ ១៦% ទៀត នៅមិនទាន់ឯកភាពគ្នានៅឡើយ៕

រួចរាល់ហើយ ខណៈ១៦%ទៀតនៅមិនទាន់ឯកភាពគ្នានៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស