30 C
Phnom Penh

គណបក្សក្រៅរដ្ឋាភិបាលថា ការសម្រេចបិទខ្ទប់របស់រដ្ឋាភិបាលម្តងនេះ អាចមានភាពល្អប្រសើរចំពោះប្រជាពលរដ្ឋ និងសេដ្ឋកិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាង ការសម្រេចបិទខ្ទប់របស់សាលារាជធានីភ្នំពេញ ដោយការកំណត់គោលដៅជាក់លាក់ក្នុងរយៈពេលចុងក្រោយនេះ អាចនឹងមានភាពល្អប្រសើរជាងមុន សម្រាប់ពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។

សាលារាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់តំបន់ហានិភ័យមួយចំនួនក្នុងទីក្រុងភ្នំពេញចាប់ពីថ្ងៃទី៦ ខែឧសភា នេះតទៅ ដើម្បីទប់ស្កាត់ការចម្លងវីរុសCovid-19។

ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ខែឧសភា នេះថា ការកំណត់ឲ្យបានច្បាស់លាស់នៅតំបន់ដែលមានហានិភ័យខ្ពស់បែបនេះ គឺជាការបង្ហាញអំពីការគ្រប់គ្រង និងការរាលដាលនៃវីរុសCovid-19 កាន់តែមានប្រសិទ្ធិខ្ពស់ និងការរងផលប៉ះពាល់កាន់តែតិចជាងមុន។

លោកអះអាងថា ក្នុងស្ថានភាពនៃការពន្យារពេលបិទខ្ទប់នេះ រដ្ឋាភិបាលគួរតែដាក់ចេញ នូវវិធានការជំនួយសង្គមជាបន្ទាន់ ចំពោះតំបន់ដែលត្រូវបិទខ្ទប់បន្ថែមទៀត ព្រោះថាគិតមកទល់ពេលនេះ តំបន់ទាំងនោះត្រូវបានបិទខ្ទប់ អស់រយៈពេលប្រមាណជាង ៤សប្តាហ៍ ទៅហើយ ដូច្នេះពលរដ្ឋក្នុងតំបន់នោះប្រាកដជាត្រូវការស្បៀងជំនួយជាមិនខាន។

បណ្ឌិត យ៉ង សាំង កុមារ បញ្ជាក់ថា ជំនួយសង្គមរបស់រដ្ឋាភិបាលដើម្បីឆ្លើយតបទៅនឹងការខ្វះខាតរបស់ពលរដ្ឋក្នុងពេលនេះ គួរតែអាចធ្វើទៅរួច ត្បិតចំនួនពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅពេលនេះ មិនមានច្រើនពេកនោះទេ ខណៈពលរដ្ឋដែលកំពុងដាច់ស្បៀងធ្ងន់ធ្ងរក្នុងតំបន់ ក៏កំពុងទន្ទឹងរង់ចាំជំនួយទាំងនេះ យ៉ាងអន្ទះសា ទៀតផង។

សាលាក្រុងភ្នំពេញ បានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដោយដាក់ចេញនូវវិធានការរដ្ឋាបាលសម្រាប់                ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការចម្លងរាលដាលនៃជំងឺCovid-19 ចំពោះតំបន់ ក្រហម តំបន់លឿង និងតំបន់លឿងទុំ រយៈពេល ៧ថ្ងៃដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៦ ខែឧសភា រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

ប្រភពដដែល អះអាងថា ការអនុវត្តវិធានការបិទខ្ទប់ចំពោះតំបន់ទាំង៣នេះ គឺត្រូវអនុវត្តខុសៗពីគ្នា ដូចជាតំបន់ក្រហម មិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីលំនៅឋានជាដាច់ខាត សូម្បីសកម្មភាពហាត់ប្រាណក្បែរលំនៅឋានក៏ដោយ។ រីឯ ពលរដ្ឋដែលរស់នៅក្នុងតំបន់លឿងទុំ មិនអនុញ្ញាតឲ្យមានការជួបជុំគ្នាលើសពី ២នាក់នោះទេ។ ជានេះទៀត ក៏ត្រូវបានដាក់បម្រាមគោចរ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៣ភ្លឺផងដែរ។ ដោយឡែក ពលរដ្ឋក្នុងតំបន់ លឿង វិញ អាចប្រកបមុខរបរអាជីវកម្មឡើងវិញបានធម្មតា ទៅតាមការណែនាំរបស់អាជ្ញាធរ។

សេចក្តីសម្រេចដដែលនោះបញ្ជាក់ថា ប្រសិនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ទាំងនោះ ចង់ចាកចេញទៅតំបន់ផ្សេង ត្រូវតែអនុវត្តទៅតាមសេចក្តីរបស់សាលាក្រុងភ្នំពេញ ឲ្យបានត្រឹមត្រូវ បើមិនដូច្នេះទេ ពួកគេនឹងត្រូវទទួលពិន័យតាមផ្លូវច្បាប់ ដូចជាដាក់ពន្ធនាគារ និងត្រូវផាកពិន័យជាទឹកប្រាក់ ជាដើម។

ជុំវិញបញ្ហានេះ រដ្ឋបាលរាជីធានីភ្នំពេញ បានបែងចែក ខណ្ឌក្នុងទីក្រុងភ្នំពេញទៅតំបន់ខុសៗគ្នា ដូចជា តំបន់លឿង មាន ១៤ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌ៧មករា ជាដើម។ ចំណែក តំបន់លឿងទុំ មាន ៨ខណ្ឌ ដូចជា ខណ្ឌទួលគោក ខណ្ឌព្រែកព្នៅ និងខណ្ឌឫស្សីកែវ និងខណ្ឌផ្សេងៗទៀតផងដែរ។

ដោយឡែតំបន់ក្រហម មានតែ ៦ខណ្ឌប៉ុណ្ណោះ ក្នុងនោះ មានដូចជា ខណ្ឌច្បារអំពៅ ខណ្ឌពោធិសែនជ័យ និងខណ្ឌមានជ័យ ជាដើម។

ទាក់ទិននឹងបញ្ហានេះ ក្រសួងសុខាភិបាលនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះ បាន អះអាងថា ក្រសួងបានរកឃើញអ្នកវិជ្ជាមានវីរុសCovid-19 ថ្មីចំនួន ៦៥០នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួនដល់ទៅ ៧៣៩នាក់ឯណោះ ដោយឡែកអ្នកស្លាប់ថ្មីមានចំនួន ៤នាក់។

ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុសCovid-19 សរុបបានកើនឡើងដល់ជាង ១ម៉ឺន ៧ពាន់នាក់ហើយ រីឯអ្នកជាសះស្បើយសរុបមានចំនួនជិត ៧ពាន់នាក់ និងអ្នកស្លាប់បានកើនឡើងដល់ទៅ១១៤នាក់ផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស