33 C
Phnom Penh

អាជ្ញាធរ ប្រកាសបន្តបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយក្នុងរាជធានីភ្នំពេញ៧ថ្ងៃទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាលរាជធានីភ្នំពេញ ប្រកាសបន្តបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅក្នុងរាជធានី រយៈពេល ៧ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី១៤ ឧសភា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺCovid-19 នៅក្នុងសហគមន៍។

សេចក្ដីសម្រេចដែលចេញកាលពីយប់ថ្ងៃទី៦ ខែឧសភា នេះជាសេចក្ដីសម្រេចលើកទី២ ហើយរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង សម្រេចបិទផ្សាររបស់រដ្ឋ និងផ្សារមិនរៀបរយក្នុងរាជធានី។

កាលពីយប់ថ្ងៃទី២៣ ខែមេសា សាលារាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយ រយៈពេល១៤ ថ្ងៃម្ដងរួចមកហើយ  ដោយវិធានការបិទផ្សារនឹងត្រូវបញ្ចប់ថ្ងៃទី៧ ខែឧសភា។ ទាក់ទងនឹងការបិទផ្សារនេះ អាជីវករលក់បន្លែនៅផ្សារគ អ្នកស្រី ស៊ឹម អាន បង្ហាញក្ដីបារម្ភខ្លាចគ្មានប្រាក់សងធនាគារ និងបង់ថ្លៃផ្ទះ ខណៈអាជ្ញាធរនៅតែបន្តបិទផ្សារ។

អ្នកស្រីបន្តថា បើសិនជាអាជ្ញាធរបន្តបិទផ្សារ ក្នុងរយៈពេលយូរទៀត ពួកគាត់នឹងជួបការលំបាកកាន់តែខ្លាំង ដោយសារ មិនអាចរកចំណូលបានសម្រាប់ទិញចំណីអាហារ  បង់ថ្លៃផ្ទះ ខណៈខាងធនាគារតែងតែហៅទូរស័ព្ទមក ដើម្បីទាមទារឱ្យអ្នកស្រីបង់ប្រាក់ផងដែរ។

អាជីវកររូបនេះ ស្នើទៅរដ្ឋាភិបាលឱ្យជួយអន្តរាគមន៍ទៅធនាគារ ឱ្យព្យាយាមការបង់ប្រាក់ ដោយសារ បច្ចុប្បន្ន ពួកគាត់បានបាត់បង់ចំណូលទាំងស្រុង ចាប់តាំងពីរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល មកនេះ។

ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា បើសិនជារដ្ឋាភិបាលបន្តបិទផ្សារ រដ្ឋគួរប្រើប្រាស់ថវិកាជាតិ ជួយដោះស្រាយបញ្ហាថ្លៃទឹកថ្លៃភ្លើង ការចំណាយប្រចាំថ្ងៃជាដើម ខណៈលោកសង្កេតឃើញថា ធនាគារមួយចំនួននៅតែបន្តទារប្រាក់ពី ពលរដ្ឋ បើទោះបី មិនអាចរកចំណូលបានក៏ដោយ។ ម្យ៉ាងវិញទៀតរដ្ឋាភិបាលគួរតែរកលទ្ធភាពឱ្យពលរដ្ឋទាំងនោះ អាចលក់ដូរឡើងវិញ ដោយការរក្សាគម្លាតសុវត្ថិភាពសង្គម ដើម្បីឱ្យអាចរកប្រាក់ចំណូលបានខ្លះ សម្រាប់ដោះស្រាប់បញ្ហាជីវភាពគ្រួសារផងដែរ។

ក្រោយពីបានបិទខ្ទប់ជាង៣សប្តាហ៍ នៅពីថ្ងៃទី៦ ខែឧសភានេះ រដ្ឋាភិបាល បានសម្រេចបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរ និងប្រកបរបរមួយចំនួនជាប្រក្រតីឡើងវិញ លើកលែងតំបន់ក្រហម និងលឿងទុំ រួមនឹងផ្សាររដ្ឋ និងផ្សារឯកជនដែលមិនរៀបរយ ដែលនៅបន្តវិធានការបិទខ្ទប់ដដែលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស